Ad Code

រឿង សា​រ័ត្ន ,​សេង ស្រឿ​ន និង ​យុគ​ យក្ស​ផ្លែ ទទួល​ស្វាគមន៍​ថៃ នៅ​សង្វៀន​SEATV



​ប្រដាល់ ៖ រឿង សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ សេង ស្រឿ​ន អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​ខេត្ត​ស្វាយរៀង និង យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នឹង​ត្រូវ​ទទួល​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ​៣​រូប ដែល​ឆ្លងដែន​មកជួប​ប្រកួត​ជាមួយ នៅ​ប៉ុស្តិ៍​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ លើស​ង្វៀន​Boostrong Fighter On Fire នា​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា​ ឆ្នាំ​២០១៩។

រឿង សា​រ័ត្ន គេ​នឹងត្រូវ​ជួប​ជាមួយ​ឆ្លាម ផេ​ត​(Chhlam Phat) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧ គីឡូ​ក្រាម។ សា​រ័ត្ន ជា​ជើង​ខ្លាំង​មួយរូប ដែល​ការប្រកួត​របស់គេ ទោះ​ឈ្នះក្តី ចាញ់ក្តី មាន​មាន​លក្ខណៈ​តឹងតែង​បំផុត ពោលគឺ​មិនមាន​នរណា​យកឈ្នះ​លើ​រូបគេ ដោយ​ផុយ​ស្រួល​នោះឡើយ។​

ប៉ុន្តែ​អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​រូបនេះ ប្រកួត​មិនសូវ​ជា​ទៀងទាត់​ប៉ុន្មាន​នោះ​ដែរ។ ពោលគឺ​គេ​ជួប​ថៃ​ជាង ២០​លើក គេ​វាយ​ឈ្នះ​១១​លើក​ចាញ់​១០​លើក​។ អ្នកណា​ក៏​គេ​ដឹងថា រឿង សា​រ័ត្ន​ ជា​ជើង​ខ្លាំង​ដែរ ទោះបីជា​វាយ​ចាញ់ ក៏​មិនអាច​ចាញ់​ដោយ​ងាយៗ​បានដែរ។

យ៉ាងណា ពេលនេះ ​សា​រ័ត្ន ត្រូវបាន​ជួប​ប្រកួត​ជាមួយ​ឆ្លាម ផេ​ត ដែលជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ មិនដឹងថា​ឈ្នះ ឬ​ចាញ់​នោះទេ?។

រឿង សា​រ័ត្ន មានការ​រីកចំរើន​នៅក្នុង​ការប្រកួត​២​ប្រកួត​ចុងក្រោយ​នេះ​។ ការឡើង​ប្រកួត​ចុងក្រោយ​នេះ​នៅ​SEATV គេ​បាន​វាយ​ឈ្នះ​ថៃ សឹក ពួន (Soeuk Puon) ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃទី​០៣​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​កន្លងទៅនេះ។ អ្នក​ប្រដាល់​រូបនេះ វាយ​រាង​ប្រយ័ត្នប្រយែង​តែ​រាង​យឺត​បន្តិច។

សា​រ័ត្ន ជា​អ្នក​ប្រដាល់​ម្នាក់ ដែល​ប្រកួត​ និង​ផ្តួល​គូប្រកួត ដោយសារ​តិចនិក​កណ្តាប់ដៃ កែង និង ជង្គង់។ យ៉ាងណា ប៉ះ​ជាមួយ​ឆ្លាម ផេ​ត លើក​នេះ ក៏​រាង​យ៉ាប់​ដែរ។​

ឆ្លាម ផេ​ត គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប​ដែរ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ គឺ​ទើប​មក​លើក​ទី​១​ប៉ុណ្ណោះ។ គេ​មាន​ប្រវត្តិ​ប្រកួត​៧៥​លើក ដោយ​វាយ​ឈ្នះ​៦០​លើក ចាញ់​១៥​លើក មិនដែល​ស្មើ ខណៈ​ដែល​រឿង សា​រ័ត្ន មាន​ប្រវត្តិ​ប្រកួត​៨៦​លើក ឈ្នះ​៦៤​លើក ចាញ់​១៨​លើក និង​ស្មើ​០៤​លើក​។ ចាំមើល រឿង សា​រ័ត្ន​ និង​ ឆ្លាម ផេ​ត តើន​រណា​ជា​អ្នកឈ្នះ​នោះ?។​

ចំពោះ សេង ស្រឿ​ន អ្នក​ប្រដាល់​កម្ពុជា​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​ខេត្តស្វាយរៀង នឹង​ជួប​សាក​កណ្តាប់​ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ ជៀន រ៉ុ​ប​(Jean Rob)។ ស្រឿ​ន និង ជៀន រ៉ុ​ប មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ ពួកគេ​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០០ គីឡូក្រាម​។​

សេង ស្រឿ​ន គេ​ជា​ជើងឯក​រង​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៦៥​គ​.​ក្រ​។ អ្នក​ប្រដាល់​រូបនេះ គេ​ល្អ​ទាំង​កណ្តាប់ដៃ ជង្គង់ និង កែង។ សេង ស្រឿ​ន ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​២៧​លើក​ហើយ​កន្លងមក ដោយ​ឈ្នះ​១៨​លើក​និង​ចាញ់​០៧​លើក ​និង​ស្មើ​០២​លើក។

អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក​រូបនេះ មួយរយៈ​កន្លងមកនេះ គេ​មានការ​រីកចម្រើន​ខាង​ក្បាច់​គុន​ច្រើន ជាមួយនឹង​មានការ​ប្តូ​រ​ពី​របៀប​វាយ​ផង ធ្វើ​ឲ្យ​គេ​ទទួលជោគជ័យ​ជា​បន្តបន្ទាប់ ក្នុងការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​កន្លងមក​នោះ​។ ​ប៉ុន្តែ​ការប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ថៃ កេ​ន សាក់​(Ken Sak) តែ​សម្រាប់​លើក​នេះ សេង ស្រឿ​ន ប្រហែលជា​អាច​យកឈ្នះ​ជៀន រ៉ុ​ប បាន ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ​ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី​។​

ជៀន រ៉ុ​ប វិញ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​កន្លងមក ដោយ​គេ​ទើប​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​លើកដំបូង​ប៉ុណ្ណោះ។ បើតាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV ឲ្យ​ដឹង​នោះ​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​ប្រទេស​ថៃ ហើយ​អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ រឹង​មាំ និង​វាយ​ខ្លាំង។

អ្នក​ប្រដាល់​ថៃ​ជៀន រ៉ុ​ប​នេះ គេ​មាន​ប្រវត្តិ​ប្រកួត​៦៥​លើក ដោយ​វាយ​ឈ្នះ​៥៧​លើក ចាញ់​០៨​លើក​មិនដែល​ស្មើ ខណៈ​ដែល​សេង ស្រឿ​ន មាន​កំណត់​ត្រា​ប្រកួត​៨៤​លើក ឈ្នះ​៦៦​លើក ចាញ់​១៧​លើក និង ស្មើ​០១​លើក។

ចាំមើល ការប្រកួត​លើក​នេះ​ជាមួយ​ជៀន រ៉ុ​ប សេង ស្រឿ​ន​អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូបនោះ បាន​ឬ​អត់?​។ ទោះជា​យ៉ាងណា សេង ស្រឿ​ន មិនអាច​មើលស្រាល​ជៀន រ៉ុ​ប​ នេះ​បានទេ ទោះបីជា​គេ​ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី​ក៏ដោយ។

ចំណែក​ យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​ឈ្មោះ​កូ​លាប​ដូ​យ​(Kolab Douy) ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៧​គ​.​ក្រ។

អ្នក​ប្រដាល់​ថៃ ដែល​យុគ យក្ស​ផ្លែ ត្រូវ​ជួប​ប្រកួត​នេះ ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​មួយរូប​នៅ​ស្រុកថៃ ។ កូ​លាប ដូ​យ គេ​មាន​ជំនាញ​ប៉ិនប្រសប់​ក្នុងការ​ប្រើ​កណ្តាប់ដៃ។ គេ​មាន​ប្រវត្តិ​ប្រកួត​៥៥​លើក ដោយ​វាយ​ឈ្នះ​៥០​លើក ចាញ់​០៥​លើក មិនដែល​ស្មើ ខណៈ​ដែល​ យុគ យក្ស​ផ្លែ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៦៣​លើក ឈ្នះ​១៣២​លើក ចាញ់​២៦​លើក និង​ស្មើ​០៥​លើក។​

យក្ស​ផ្លែ ការប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ អុ​ប សៃ ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​កន្លងមកនេះ។ ទោះជា​យ៉ាងណា ការ​ឈ្នះ​ចាញ់​រវាង​យុគ យក្ស​ផ្លែ និង កូ​លាប ដូ​យ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ សម្រាប់​ការជួបគ្នា​លើកដំបូង​នេះ ?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu