ពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup ដែលរៀបចំនៅប្រទេសកាតារ នឹងចាប់ផ្តើមប្រកួតជម្រុះក្រុមមកពីតាមទ្វីបនីមួយៗហើយ ខណៈនៅក្នុងទ្វីបអាស៊ី តម្រូវឲ្យសមាជិកចំនួន៤៦ប្រទេសប្រកួតជម្រុះ៤វគ្គផ្សេងៗគ្នា ដើម្បីស្វែងរកក្រុមខ្លាំងជាងគេចំនួន៤កៅអីកន្លះ តំណាងឲ្យអាស៊ី ឡើងទៅប្រកួតវគ្គ៣២ក្រុមចុងក្រោយនៅចុងឆ្នាំ២០២២ ខាងមុខ។
ចំពោះក្រុមកម្ពុជា ស្ថិតក្នុងបញ្ជីក្រុមត្រូវប្រកួតជម្រុះដំបូងជាមួយក្រុមចំនួន១២ផ្សេងទៀត ខណៈការចាប់ឆ្នោតជ្រើសរើសគូប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នេះនៅទីស្នាក់ការកណ្តាលរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ វគ្គជម្រុះដំបូងនេះបែកចែកក្រុមជា២តំបន់ផ្សេងគ្នា ខណៈក្រុមនៅតំបន់ទី១មានម៉ាឡេស៊ី,កម្ពុជា,ម៉ាកាវ,ឡាវ,បូតាននិងម៉ុងហ្គោលី ខណៈតំបន់ទី២មានកោះហ្គាម,បង់ក្លាដេស,ប្រ៊ុយណេ,ទីម័រខាងកើត,ប៉ាគីស្ថាន និងស្រីលង្កា។ ក្រុមនៅតំបន់១ ត្រូវចាប់ឆ្នោតរើសគូនៅតំបន់ទី២ដើម្បីប្រកួតប្រជែងគ្នា។
ក្រុមឈ្នះនៅវគ្គជម្រុះបឋមចំនួន២ជើងដែលមាន៦ក្រុមនេះមានឈ្មោះឡើងទៅលេងក្នុងវគ្គចែកពូលដែលជាជុំទី២ជាមួយក្រុមខ្លាំង៣៤ផ្សេងទៀត ហើយក្រុមខ្លាំងតាមពូលនីមួយៗ នឹងមានឈ្មោះប្រកួតបន្តនៅវគ្គទី៣និងវគ្គទី៤រហូតដល់រកឃើញក្រុមតំណាងឲ្យទ្វីបតែម្តង។ កម្មវិធីប្រកួតទាំង៤វគ្គនេះចាប់ផ្តើមពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២១។
សូមបញ្ជាក់ថា កាលពីប្រកួតវគ្គជម្រុះពានរង្វាន់2018 FIFA World Cup កន្លងទៅក្រុមកម្ពុជា បានយកឈ្នះក្រុមម៉ាកាវ ដោយលទ្ធផល៤ទល់១ ក្នុងវគ្គជម្រុះបឋម ហើយបន្តឡើងទៅប្រកួតវគ្គជម្រុះជុំទី២ជាបន្តដោយស្ថិតក្នុងពូលជាមួយជប៉ុន,ស៊ីរី,សឹង្ហបុរី,អាហ្វហ្គានីស្ថាន តែកម្ពុជាប្រកួត៨លើកក្នុងវគ្គជម្រុះក្នុងពូលចាញ់ទាំង៨ ព្រមទាំងរបូតគ្រាប់បាល់២៧គ្រាប់និងទាត់បាល់ចូលទីគេវិញបាន១គ្រាប់៕
Source: Kampuchea Thmey Daily
0 Comments