នៅថ្ងៃព្រហស្បតិ៍ មេដឹកនាំអឺរ៉ុប បានឯកភាពជាមួយចក្រភពអង់គ្លេសដើម្បីពន្យារពេល Brexit រហូតដល់ទៅប្រាំមួយខែដោយសង្គ្រោះទ្វីបនេះពីអ្វីដែលអាចជាការចាកចេញទាំងគ្មានកិច្ចព្រមព្រៀងនៅចុងសប្តាហ៍នេះ។
កិច្ចព្រមព្រៀងដែលបានឈានដល់អំឡុងកិច្ចពិភាក្សាពេលយប់ជ្រៅនៅទីក្រុងប្រ៊ូសសែលមានន័យថា ប្រសិនបើទីក្រុងឡុងដ៍នៅតែស្ថិតក្នុងសហភាពអឺរ៉ុបបន្ទាប់ពីថ្ងៃទី២២ខែឧសភានោះ អ្នកបោះឆ្នោតអង់គ្លេសនឹងត្រូវចូលរួមក្នុងការបោះឆ្នោតអ៊ឺរ៉ុបឬចាកចេញនៅថ្ងៃទី១ខែមិថុនា។
នាយករដ្ឋមន្ត្រី Theresa May បាននិយាយថា បច្ចុប្បន្នលោកស្រីនឹងបន្តធ្វើការដើម្បីទទួលបានកិច្ចព្រមព្រៀងចាកចេញរបស់លោកស្រីដែលត្រូវបានអនុម័តដោយសភាដើម្បីធានាឲ្យមានការចាកចេញដោយសមរម្យមួយដោយនិយាយថា គោលដៅរបស់លោកស្រីគឺចាកចេញឆាប់ៗតាមដែលអាចធ្វើទៅបាន។
លោកស្រីនឹងថ្លែងទៅកាន់សភានៅថ្ងៃព្រហស្បតិ៍មុនពេលមន្ត្រីរបស់លោកស្រីជួបប្រជុំដើម្បីពិភាក្សាបន្ថែមទៀតជាមួយគណបក្សប្រឆាំងដ៏ធំដើម្បីព្យាយាមស្វែងរកវិធីមួយចេញពីការជាប់គាំងផ្នែកនយោបាយ។
មេដឹកនាំសហភាពអ៊ឺរ៉ុប២៧នាក់ផ្សេងទៀតបានជួបគ្នាដោយគ្មានវត្តមានលោកស្រី May អំឡុងពេលអាហារពេលល្ងាចដើម្បីពិភាក្សានូវអ្វីដែលប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk ហៅថាជា “ការពន្យារពេលដែលអាចបត់បែនបានរហូតដល់ថ្ងៃទី៣១ខែតុលា” មុនពេលលោកស្រីត្រលប់ទៅចុះកិច្ចព្រមព្រៀងវិញ។
លោក Tusk បានស្នើឲ្យមានការពន្យារពេលរយៈពេលមួយឆ្នាំប៉ុន្តែបាននិយាយថា “វានៅតែគ្រប់គ្រាន់ដើម្បីរកដំណោះស្រាយល្អបំផុត។ សូមកុំខ្ជះខ្ជាយពេលវេលានេះ”។
ស្របពេលជាមួយគ្នានេះ លោកបានស្នើឲ្យរដ្ឋាភិបាលរបស់លោកស្រី May ត្រូវមានពេលវេលាដើម្បីផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងដែលបានឈានដល់ជាមួយមេដឹកនាំសហភាពអឺរ៉ុបកាលពីខែវិច្ឆិកាដើម្បីពិចារណាឡើងវិញអំពីវិធីសាស្ត្ររបស់ខ្លួនឬដើម្បីបញ្ឈប់ដំណើរការ Brexit ទាំងមូល។
កិច្ចប្រជុំកំពូលនេះបាននិយាយថា ប្រទេសអង់គ្លេសត្រូវតែរៀបចំការបោះឆ្នោតអ៊ឺរ៉ុបនៅថ្ងៃទី២៣ខែឧសភាបើមិនដូច្នោះទេ ប្រសិនបើចក្រភពអង់គ្លេសបរាជ័យក្នុងការបំពេញកាតព្វកិច្ចនេះ ការដកខ្លួននឹងប្រព្រឹត្តទៅនៅថ្ងៃទី១ខែមិថុនាឆ្នាំ២០១៩៕ AFP
Source: Kampuchea Thmey Daily
0 Comments