ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ដែលរៀបចំឡើងដោយគណៈកម្មាការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(ស.ប.ក) បានចាប់ផ្ដើមពីចុងខែកុម្ភៈ មកម្ល៉េះដោយមានការប្រកួតបែងចែកចេញជា ២វគ្គដូចកាលពីឆ្នាំ២០១៨ដែរគឺវគ្គប្រកួតជម្រុះថ្នាក់ខេត្ត និងវគ្គប្រកួតជម្រុះថ្នាក់ជាតិ។
យោងតាមប្រភពមកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ការប្រកួតវគ្គថ្នាក់ខេត្តចាប់ផ្ដើមមុនគេដោយចាប់ប្រកួតពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈមានក្រុមទាំងអស់ចំនួន ២៣ចូលរួម មកពី២៣ខេត្ត ដែលបែងចែកចេញជា ៦ពូលដែល១ពូលមាន ៤ក្រុម លើកលែងតែពូល F ដែលមានតែ៣ក្រុមធ្វើការប្រកួតចំនួនមួយជើងប៉ុណ្ណោះ រៀងរាល់ថ្ងៃអង្គារនិងថ្ងៃពុធ នៃសប្ដាហ៍នីមួយៗ។
តាមគម្រោងការប្រកួតដែលមានតែ ១ជើង ក្រុមចំនួន១៦ នឹងត្រូវរើសចេញពីចំណោមក្រុមទាំង២៣ គឺក្រុមលេខ ១ និងលេខ ២ ប្រចាំពូលទាំង៦ បូកបញ្ចូលជាមួយក្រុមលេខ ៣ល្អចំនួន ៤ក្រុមផ្សេងទៀត ដើម្បីប្រកួតក្នុងវគ្គ ១៦ក្រុមចុងក្រោយនិងជាបន្តបន្ទាប់រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ថ្នាក់ខេត្ត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។
សម្រាប់កម្មវិធីប្រកួតប្រចាំវគ្គ១៦ក្រុមថ្នាក់ខេត្តនឹងនៅថ្ងៃអង្គារ ទី២៣ ខែមេសា ដោយក្រុមខេត្តសៀមរាប ទទួលក្រុមខេត្តកំពង់ស្ពឺ ហើយក្រុមខេត្តកែប ទទួលក្រុមខេត្តបន្ទាយមានជ័យ ខណៈក្រុមខេត្តព្រៃវែង ទទួលក្រុមខេត្តបាត់ដំបង។ ចំណែកនៅថ្ងៃពុធ ទី២៤ ខែមេសា វិញក្រុមខេត្តកំពត ទទួលក្រុមខេត្តមណ្ឌលគិរី ហើយក្រុមខេត្តកំពង់ធំ ទទួលក្រុមខេត្តព្រះវិហារ និងក្រុមខេត្តត្បូងឃ្មុំ ទទួលក្រុមពោធិ៍សាត់។ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ក្រុមខេត្តកោះកុង ទទួលក្រុមស្វាយរៀងហើយក្រុមរតនៈគិរី ទទួលក្រុមខេត្តតាកែវ។
បន្ទាប់មកក្រុមដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃវគ្គថ្នាក់ខេត្តចំនួន២ក្រុម នឹងទទួលបានកៅអីឡើងមកប្រកួតវគ្គថ្នាក់ជាតិ បន្តទៀតជាមួយក្រុមចំនួន១៤ ដែលជាសមាជិកនៃលីគកំពូលកម្ពុជា រដូវកាល២០១៩ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ចាប់ពីថ្ងៃទី១៩ ខែមិថុនាប្រកួតចំនួន២ជើង (ក្នុងដី និងក្រៅដី) លើកលែងតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលប្រកួតតែ ១ជើង។ វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments