Ad Code

លោក ស៊ុន ចាន់ថុល ក្រើនរម្លឹក មន្ត្រី​ក្រោម​ឨ​វាទ​ត្រូវ​អនុវត្តតាម​អនុសាសន៍ ១១​ចំណុច​របស់​សម្តេច​តេ​ជោ



ភ្នំពេញ ៖ កាលពី​ថ្ងៃ​ពុធ ៦​កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​សុពលភាព​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ដ្រីរាជការ​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក ប្រធាន​នាយកដ្ឋាន ប្រធាន​អង្គភាព និង​មន្ដ្រីរាជការ​ក្រសួង​ផងដែរ​។



ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​នា​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូស​បញ្ជាក់​ថា ការតែងតាំង ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ថ្មី​របស់​ក្រសួង​នា​ពេល​នេះ ធ្វើឡើង​ដោយ​ភាព​សុ​ក្រឹត្យ​តាម​សមត្ថភាព និង​ការ​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​បម្រើ​ប្រជាពលរដ្ឋ ក្រសួង និង​ប្រទេសជាតិ​នា​ពេល​កន្លងមក និង​ដើម្បី បំពេញ​តាម​មុខតំណែង​ក្នុង​រចនាសម្ព័ន្ធ​អង្គការលេខ​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល ទទួល​បាន​ការ​ឯកភាព​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា ហើយ​រចនាសម្ព័ន្ធ​ថ្មី​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​កំណែទម្រង់​របស់​ក្រសួង​អាច​សម្រេច​បាន​នូវ​ប្រសិទ្ធភាព និង​តម្លាភាព​ក្នុងការ​បំពេញការងារ​ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។



លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​អបអរសាទរ និង​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​មន្ត្រី​ដែល​ទើបបាន តែងតាំង​ថ្មី​ទាំងអស់​ឲ្យ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ងារ​ឲ្យ​កាន់តែ​សកម្ម និង​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​នៅ តាម​មុខតំណែង​របស់​ខ្លួន ដើម្បី​ជា​ផលប្រយោជន៍​ដល់​ក្រសួង និង​ប្រទេសជាតិ​។



ជា​មួយ​គ្នា​នេះ​ផង​ដែរ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជំរុញ​ឲ្យ​គ្រប់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ខេត្ត ផ្សព្វផ្សាយ​ដល់​មន្ត្រី​របស់​ខ្លួន​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ ROAD CARE mobile app ឲ្យ​បាន​ទូលំទូលាយ និង​ប្រព័ន្ធ​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​ដែល​ជួយ​រក​ចំណូល​បន្ថែម​ចូល​ថវិកា​ជិត​។



លោក​ទេសរដ្ឋមន្ដ្រី ក៏បាន​ស្នើ​ឲ្យ​មន្ដ្រីរាជការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទាំងអស់ ត្រូវ អនុវត្តតាម​នូវ​អនុសាសន៍ ១១​ចំណុច​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​របស់​យើង​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu