រដ្ឋាភិបាលវេណេហ្ស៊ូអេឡាបាន ប្រកាសកាលពីថ្ងៃចន្ទអំពីការដើរក្បួនតវ៉ាចំនួន២ ដើម្បីប្រឆាំងនឹងបាតុកម្មដែលបានគ្រោងទុកមួយរបស់មេដឹកនាំគណបក្សប្រឆាំងលោក Juan Guaido។បាតុកម្មតាមដងផ្លូវដើម្បីគាំទ្រលោកប្រធានាធិបតី Nicolas Maduro នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍និងថ្ងៃទី១ខែឧសភាដែលជាទិវាពលកម្ម។
ព្រឹត្តិការណ៍ថ្ងៃសៅរ៍ក៏នឹងកត់សម្គាល់អំពីការចាកចេញជាផ្លូវការរបស់ប្រទេសវេណេហ្ស៊ូអេឡាពីអង្គការរដ្ឋអាមេរិកផងដែរពោលគឺពីរឆ្នាំបន្ទាប់ពីលោក Maduro បានសម្រេចចិត្តចាកចេញពីប្លុកនេះដោយចោទប្រកាន់ថាវាជាផ្នែកមួយនៃយុទ្ធនាការរបស់សហរដ្ឋអាមេរិកដើម្បីធ្វើអន្តរាគមន៍នៅក្នុងប្រទេសវេណេហ្ស៊ូអេឡា។
លោក Hector Rodriguez ដែលជាមេដឹកនាំគណបក្ស United Socialist Party in Venezuela (PSUV) របស់លោក Maduro បាននិយាយថា “យើងចង់កោះហៅសមាជិករបស់យើងឲ្យមកធ្វើបាតុកម្មដ៏ធំចំនួនពីរ”។លោកបាននិយាយបន្ថែមទៀតថា “យើងចង់កោះហៅប្រជាជនវេណេហ្ស៊ូអេឡាទាំងមូលឲ្យប្រមូលផ្ដុំនិងអបអរសាទរចំពោះការចាកចេញពីតំបន់នៃការត្រួតត្រានិងការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក”។
សេចក្តីប្រកាសរបស់រដ្ឋាភិបាលបានធ្វើឡើងបីថ្ងៃបន្ទាប់ពីលោក Guaido បានបង្ហាញពីផែនការរបស់លោកសម្រាប់ព្រឹត្តិការណ៍អំឡុងកាលបរិច្ឆេទទាំងពីរនេះរួមទាំងអ្វីដែលលោកបាននិយាយថានឹងជាបាតុកម្មដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះផងដែរនៅថ្ងៃទី១ខែឧសភាដើម្បីទាមទារឲ្យបញ្ចប់ការដឹកនាំរបស់លោក Maduro។ គួរបញ្ជាក់ជាថ្មីថា លោក Guaido អាយុ៣៥ឆ្នាំបានហៅលោក Maduro ថាជា “អ្នកដណ្តើមអំណាចពីគេ” បន្ទាប់ពីការជាប់ឆ្នោតឡើងវិញដ៏ចម្រូងចម្រាសរបស់គាត់កាលពីឆ្នាំមុន៕ AFP
Source: Kampuchea Thmey Daily
0 Comments