តាកែវ ៖ បុរសអ្នកបើកបរម៉ូតូគុបជ្រុងម្នាក់ ត្រូវបានរថយន្តសាំយ៉ុងដឹកសម្ភារៈទូរស័ព្ទដៃបុកពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុគួរឲ្យអាណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៨និង៣០ ល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ២ ខាងត្បូងខ្លោងទ្វារវត្តសូច័ន្ទ ស្រុកទ្រាំង ខេត្តតាកែវ រវាងរថយន្តនិងម៉ូតូដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ផែន សៀប ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរជាជាងសំណង់ រស់នៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកម៉ូតូជនរងគ្រោះជិះម៉ាកគុបជ្រុងពាក់ស្លាកលេខភ្នំពេញ 1D.5255 ដោយឡែកភាគីរថយន្តម៉ាកសាំយ៉ុងពណ៌ ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A.3260 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះរត់គេចខ្លួនបាត់ក្រោយកើតហេតុ។
ក្រោយកើតហេតុ ប៉ូលិសជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានចុះធ្វើកំណត់ហេតុនិងវាស់វែងព្រមទាំងដកហូតវត្ថុតាងទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីទុកធ្វើការដោះស្រាយគ្នាទៅតាមនីតិវិធីនៅពេលក្រោយ ចំណែកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments