Ad Code

រាជរដ្ឋាភិបាល ​នឹង​ចាប់ផ្ដើម​អនុវត្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជាង​៧០​ម៉ឺន​រៀល ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ក្រីក្រ​ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ​នៅ​ខែ​មិថុនា​



​ភ្នំពេញ ៖​ រាជរដ្ឋាភិបាល ​នឹង​ចាប់ផ្ដើម​អនុវត្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជាង​៧០​ម៉ឺន​រៀល​ ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ក្រីក្រ​ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ នៅ​ខែមិថុនា ​ឆ្នាំ​២០១៩​ខាងមុខនេះ​ ដើម្បី​លើក​កម្ពស់ អាហា​រូបត្ថម្ភ​របស់ កុមារ និង ជំរុញ ការលូតលាស់ ទាំង​កាយសម្បទា និង បញ្ញា​ស្មារតី។​

យោងតាម​សេចក្ដីប្រកាស ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ ២០១៩ បាន​ឲ្យ​ដឹងថា​ ស្រី្ត មាន​ផ្ទៃពោះ និង កុមារ អាយុ​ក្រោម​២​ឆ្នាំ ដែលមាន​ប័ណ្ណ​សមធម៌ និង មាន​កាន់ ប័ណ្ណ Post-ID របស់​ក្រសួងសុខាភិបាល នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ជាង​៧០​ម៉ឺន​រៀល ទោះបី ស្រី្ត​នោះ​ជា​កម្មករ​និយោជិត​ក្តី។ ទឹកប្រាក់​នេះ នឹង​ផ្ដល់ជូន​ជា​ដំណាក់កាល ដោយ​ចាប់ផ្ដើម អនុវត្ត​នៅ​ខែ​មិថុនា​ខាងមុខ។​

កម្មវិធី ឧបត្ថម្ភ​ថវិកា ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ ក្រោម​២​ឆ្នាំនេះ គឺ ផ្ដោតលើ ការយក​ចិត្តទុក​ដាក់ ចំពោះ​ស្រី្ត​មាន​ផ្ទៃពោះ នៃ​គ្រួសារ​ក្រីក្រ​ដែល​គម្រោង នេះ ភ្ជាប់​ជា​មួយ​នឹង​លក្ខខណ្ឌ នៃ ការ​ទទួល​សេវា​សុខភាព នៅតាម​មូលដ្ឋាន​សុខាភិបាល។

គម្រោង ផ្ដល់ប្រាក់ ឧបត្ថម្ភ​នេះ​បែង​ចែកជា​៣​ដំណាក់កាល​រួមមាន ៖ ដំណាក់កាល ទី១.ស្ត្រីដែល ទទួលសេវាពិនិត្យផ្ទៃពោះ៤ដង មុនពេលសម្រាលកូន ពួកគេ​នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ ចំនួន​៤ ម៉ឺនរៀល ក្នុង១ដង។​ ដំណាក់កាល ទី២.ពោលគឺ​នៅពេល​សម្រាលកូន​រួច ស្ត្រី​ទាំងនោះ នឹង ទទួល​បាន​ប្រាក់ឧបត្ថម្ភ​២០​ម៉ឺន​រៀល និង ​ដំណាក់កាល​ទី៣ នោះ ស្ត្រី ដែល​សម្រាលកូន​ហើយ នឹង ទទួល​បាន​ប្រាក់ឧបត្ថម្ភ​៤​ម៉ឺន​រៀល ក្នុង​១​ម្ដង នៅពេល​ទៅ​ពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល ដែល​មាន អាទិភាព ចំនួន​៤​ដង និង សម្រាប់​ការ​នាំ​កូន​មក​ចាក់​ថ្នាំ​បង្ការ ចំនួន​៦​ដង រហូតដល់ អាយុ​២​ឆ្នាំ។

កន្លងមក ​សម្ដេច​តេ​ជោ ហ៊ុន សែន ​ធ្លាប់បាន​លើកឡើងថា សម្រាប់​ការ​ចំណាយ​ថវិកា​ឧបត្ថម្ភ នេះ រដ្ឋាភិបាល ត្រូវការ​ចំណាយ​ថវិកាជាតិ សរុប​ជាង​៤​លាន​ដុល្លារ សម្រាប់​ការអនុវត្ត នៅ​ឆ្នាំ ទី​១ ពោល​គឺ ឆ្នាំ​២០១៩។ ទឹកប្រាក់​ចំណាយ​នេះ នឹងកើនឡើង​៧,៧​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០២០ ហើយ​បន្ត កើន​រហូត​ជាង​១០លានដុល្លារ នៅក្នុង​ឆ្នាំ២០២១ សម្រាប់​ជួយ​ទ្រទ្រង់ ផ្នែក​សុខភាព របស់​ស្ត្រី មាន ផ្ទៃពោះ​នេះ។

រដ្ឋាភិបាល ក៏បាន​ដាក់ចេញ​គោលនយោបាយ ផ្ដល់​ថវិកាជួយ​ដល់​កម្មករ រោងចក្រ និង មន្ត្រីរាជការ ជា​ស្ត្រី ដែល​មាន​ផ្ទៃពោះ​ផងដែរ។ សម្រាប់​ស្ត្រី​បម្រើ​ការងារ ក្នុង​ក្របខណ្ឌ កងកម្លាំងប្រដាប់អាវុធ និង មន្ត្រីរាជការ ស៊ីវិល ទទួល​បាន​ថវិកា​៨០ម៉ឺន​រៀល នៅពេល សម្រាលកូន។ ចំណែក កម្មការិនី រោងចក្រ ដែល​សម្រាលកូន១នាក់ ទទួលបាន ថវិកា​៤០​ម៉ឺន​រៀល , កូនភ្លោះ ទទួល​បាន ថវិកា​៨០ ម៉ឺន​រៀល និង កូនភ្លោះ​បី ទទួលបាន​១​លាន​២សែន​រៀល។ បើតាម សម្ដេច ហ៊ុន សែន ថវិកា សម្រាប់​ទ្រទ្រង់​កម្មការិនី​មាន​ផ្ទៃពោះ​នេះ នឹង​ចំណាយ​១០​លាន​ដុល្លារ ក្នុង​មួយឆ្នាំ។​

យោងតាម​របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​ឲ្យ​ដឹងថា​ ក្នុង​ត្រីមាស ទី​១ នៃ ដើម​ឆ្នាំ​២០១៩​បេឡា ជាតិ​របស់​ស​និ្ត​សុខ សង្គម (​ប ,​ស , ស )​បាន​ឧបត្ថម្ភ​សម្រាប់​កម្មការិនី សម្រាល​កូន បាន​ជិត​២​ម៉ឺន​នាក់​ ខណៈ​ឆ្នាំ​២០១៨ បានផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជាង​៦៥​ពាន់​នាក់​៕​

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu