Ad Code

ព្រះអង្គម្ចាស់ William ប្រាប់​អ្នក​នៅរស់​ពី​ការវាយប្រហារ​នៅ​វិហារ​ឥស្លាម​នូ​វែ​ល​ហ្សេ​ឡង់​ថា អំពើ​ជ្រុលនិយម​ត្រូវតែ​កម្ចាត់​



នៅក្នុង​ជំនួប​ដ៏​រំជើបរំជួល​មួយ​ជាមួយ​អ្នក​នៅ​រស់រាន​មានជីវិត​ពី​ការសម្លាប់​រង្គាល​ក្នុង​វិហារ​ឥស្លាម​នូ​វែ​ល​ហ្សេ​ឡង់ ព្រះអង្គម្ចាស់ William របស់​ចក្រភព​អង់គ្លេស​ បាន​អំពាវនាវ​នៅ​ថ្ងៃ​សុក្រ​ឲ្យ​កម្ចាត់​អំពើ​ជ្រុលនិយម​គ្រប់​ទម្រង់​ទាំងអស់។

មនុស្ស​ប្រហែល​១៦០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅឯ​វិហារ​ឥស្លាម Al Noor ក្នុង​ទីក្រុង Christchurch ដើម្បី​ជួប​ជាមួយ​ព្រះអង្គម្ចាស់​។ ទ្រង់​បាន​ថ្លែងអំណរគុណ​ដល់​អ្នកឆ្លើយ​តប​ដំបូង​ចំពោះ​ការសម្លាប់​រង្គាល​កាលពី​ថ្ងៃទី​១៥​ខែមីនា​។​

រយៈពេល​៦​សប្តាហ៍​បន្ទាប់ពី​ជន​ជ្រុលនិយម​ស្បែក​សម្នាក់​បានសម្លាប់​ម​នុស្ស​ចំនួន​៥០​នាក់​និង​រងរបួស​ជាច្រើន​នាក់​នៅក្នុង​វិហារ​គ្រិស្តសាសនា​ពីរ​កន្លែង​ក្នុង​ទីក្រុង Christchurch, ព្រះអង្គម្ចាស់​មានបន្ទូល​ថា ទ្រង់​គាំទ្រ​ប្រជាជន​នូ​វែ​ល​ហ្សេ​ឡង់ ប្រជាជន​នៃ​ទីក្រុង Christchurch និង​សហគមន៍​មូស្លីម​។​

ព្រះអង្គម្ចាស់​មានបន្ទូល​បន្ទាប់ពី​មកដល់​វិហារ​ឥស្លាម​ពី​ជំនួប​មួយ​ជាមួយ​បុគ្គលិក​មន្ទីរពេទ្យ​ដែល​ថែទាំ​អ្នករងរបួស​ថា “​អំពើ​ហឹ​ង្សា​ត្រូវបាន​រៀបចំឡើង​ដើម្បី​ផ្លាស់ប្តូរ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ប៉ុន្តែ​ផ្ទុយទៅវិញ​ការឈឺចាប់​របស់​ប្រជាជាតិ​មួយ​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា​តើ​ការអាណិតអាសូរ ស្នេហា​ជាតិ ភាពកក់ក្តៅ​និង​ក្តី​ស្រឡាញ់​ពិតប្រាកដ​នឹង​កើតឡើង​ដោយ​របៀប​ណា​”​។​

ព្រះអង្គ​មានបន្ទូលថា “​ខ្ញុំ​ឈរ​ជាមួយ​អ្នក​ក្នុងការ​ដឹងគុណ​ចំពោះ​អ្វីដែល​អ្នក​បាន​បង្រៀន​នៅលើ​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។ ខ្ញុំ​ឈរ​ជាមួយ​អ្នក​ដោយ​សុទិដ្ឋិនិយម​។ ខ្ញុំ​ឈរ​ជាមួយ​អ្នក​នៅក្នុង​ទុក្ខព្រួយ​។ ខ្ញុំ​នឹង​គាំទ្រ​អ្នក​ដែល​នៅរស់​។ សូម​ឲ្យ​កម្លាំង​នៃ​ក្តី​ស្រឡាញ់​តែងតែ​យកឈ្នះ​លើ​កម្លាំង​នៃ​ការ​ស្អប់ខ្ពើម​។ អំពើ​ជ្រុលនិយម​គ្រប់​ទម្រង់​ទាំងអស់​ត្រូវតែ​កម្ចាត់​”​។​

ខណៈពេលដែល​ប៉ូលិស​ប្រដាប់អាវុធ​ឈរ​នៅ​ខាងក្រៅ​វិហារ​ឥស្លាម​ហើយ​ឧទ្ធម្ភាគចក្រ​ប៉ូលិស​មួយគ្រឿង​ហោះ​ឆ្វែល​នៅ​ខាងលើ​, ព្រះអង្គម្ចាស់​ត្រូវបាន​ស្វាគមន៍​មកកាន់​វិហារ​ឥស្លាម​ដោយ​បព្វជិត Gamel Fouda, នាយករដ្ឋមន្ត្រី​លោកស្រី Jacinda Ardern និង​ជនរងគ្រោះ​ពី​ការវាយប្រហារ​ឈ្មោះ Fahid Ahmed ដែល​ប្រពន្ធ​របស់គាត់​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​សម្លាប់​។​

គួរ​បញ្ជាក់ថា នៅពេល​ព្រះអង្គ William មកដល់​ប្រទេស​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទ្រង់​បាន​យាង​ទៅកាន់​មន្ទីរពេទ្យ Starship Children ក្នុង​ទីក្រុង Auckland ទាំង​មិនបាន​ប្រកាស​ឲ្យ​ដឹង​ជាមុន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu