Ad Code

កសិករ​ ដាំ​ដុះ​ស្រូវ​រដូវវស្សា​បាន​៦០០០​ហិកតា​ហើយ



ត្បូងឃ្មុំ​ ៖​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​កក់ខែ​ស្រោចស្រព ទាំង​៧ ស្រុក​/​ក្រុង រួចមក ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ កាលពី​ខែ​មីនា កន្លងទៅ ឃើញថា កសិករ​ចាប់​ផ្ដើម​បង្កបង្កើនផល​ស្រូវវស្សា​ជា​បណ្ដើរៗ​ហើយ ដោយឡែក​កសិករ​ខ្លះ​កំពុងតែ​ភ្ជួរ​រាស់​ដាស់ដី​ស្រែចម្ការ យ៉ាង​ញាប់​ដៃជើង ការ​ដាំដុះ​ស្រូវ​រដូវ សម្រេច​បាន​៦០០០​ហិកតា​ហើយ គិត​ត្រឹម​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩​នេះ។

លោក​ជា សុង ជា​កសិករ​រស់នៅ​ក្នុង​ភូមិ​ត្រពាំង​ក្រពើ ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់​ឆ្នាំ ក្នុង​កំឡុង​ខែ​មីនា និង​ខែ​មេសា ឲ្យ​តែ​មាន​ភ្លៀង​កក់ខែ​រួចមក គាត់​និង​កសិករ​នៅ​ក្នុង​ភូមិ/​ឃុំ​របស់​គាត់​ តែងតែ​នាំគ្នា​ចាប់ផ្ដើម​ភ្ជួរ​ដាស់​ដី ស្រែចម្ការ រួច​យក​គ្រាប់​ពូជ​ស្រូវវស្សា ​មក​បាច​ស្ដើងៗ ហើយ​រាស់​លុប​យក​តែ​ម្ដង មិនចាំបាច់​ដក​ស្ទូង​នោះ​ទេ គឺ​គ្រាន់តែ​ថែទាំ​ដកស្មៅ​រហូត​ដល់​ប្រមូល​ផល​តែម្ដង។

ចំពោះ​ការប្រមូល​ផល គឺ​កសិករ​ប្រមូល​ផល ក្នុង​អំឡុង​ខែវិច្ឆិកា និង​ខែធ្នូ ដូច្នេះ​កសិករ​ទំនេរ​ពី​ការ​បង្ក​បង្កើន​ផល​តែ​រយៈពេល ២ ខែ​ឬ ៣ ខែ​តែប៉ុណ្ណោះ។​

លោក ជា សុង បន្តថា កសិករ​នៅក្នុង​ភូមិ​របស់គាត់​គឺ​ធ្វើស្រែ​ជា​រៀងរាល់ឆ្នាំ ដោយ​មិនមាន​ប្រភពទឹក​ពិតប្រាកដ​នោះទេ គឺ​ធ្វើស្រែ​ប្រវាស់​ជាមួយនឹង​មេឃ​សុទ្ធ​ហ្មង បានន័យថា ធ្វើស្រែ​ពឹងផ្អែក​ទៅ​លើ​ទឹកភ្លៀង​ទាំងស្រុង និង​តាម​លក្ខណៈ​បុរាណ​តែម្តង។

លោក ជា សុង ជា​រៀងរាល់​ឆ្នាំ​គាត់​ធ្វើស្រែ​លើ​ផ្ទៃដី​ទំហំ ប្រហែលជា​៣​ហិកតា ចំពោះ​ផល​ស្រូវ​ដែល​គាត់​ទទួលបាន គឺ​មិន​ទៀងទាត់​ទេ ឆ្នាំ​ខ្លះ​ទទួល​ផល​បាន​ច្រើន និង​ឆ្នាំ​ខ្លះ​បាន​តិច។ ចំពោះ​ប្រភេទ​ស្រូវ​ដែល​គាត់​ធ្វើ​មាន​ច្រើន​ប្រភេទ អាស្រ័យ​ទៅតាម​សណ្ឋាន​ដីស្រែ គឺ​ស្រែ​ទឹក​ជ្រៅ គាត់​ធ្វើ​ស្រូវធ្ងន់ រីឯ​ស្រែ​ណា​ទឹក​រាក់ គឺ​គាត់​ធ្វើ​ស្រូវស្រាល​វា​ឆាប់​ឲ្យ​ផល។ ហើយ​គាត់​មិនដែល​បានទទួល​ការណែនាំ​ធ្វើស្រែ​ពី​មន្ទីរ​កសិកម្ម​នោះទេ គឺ​គ្រាន់តែ​ទម្លាប់​ធ្វើស្រែ​តាម​ទម្លាប់​តៗ​គ្នា​មក​នោះទេ។​

លោក យូ តាំ​ហ៊ី អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ត្បូងឃ្មុំ​បានបញ្ជាក់​ឲ្យ​ដឹងថា ដោយ​គិត​ត្រឹម​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៩​នេះ ឃើញថា ការបង្កបង្កើន​ផលដំណាំ​រដូវវស្សា កសិករ​ភ្ជួរ​រាស់​បាន ៥ ៥២០​ហិកតា ស្មើនឹង ៧,០៤% នៃ​ផែន​ការ​ដាំដុះ​សម្រេ​ច​បាន​៦០០០​ហិកតា ស្មើនឹង ០,៧៦% នៃ​ផែន​ការដាំដុះ ស្មើនឹង ១០,៨៧% នៃ​ផ្ទៃដី​បាន​ភ្ជួរ​រាស់ ហើយ​ក្នុងចំណោម​ទាំង​៧​ស្រុក​/​ក្រុង ស្រុក​ដែល​ដាំ​ដុះ​ស្រូវ​រដូវវស្សា​ច្រើនជាងគេ មាន​២​ស្រុក ​៖ គឺ​ស្រុក​ត្បូងឃ្មុំ និង​ស្រុក​តំបែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu