របាយការណ៍មួយ បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើង បានទាមទារឲ្យសហរដ្ឋអាមេរិកបង់ប្រាក់ចំនួន២លានដុល្លារសម្រាប់ថ្លៃព្យាបាលនិស្សិតអាមេរិកម្នាក់ឈ្មោះ Otto Warmbier ដែលសន្លប់បាត់ស្មារតី បន្ទាប់ពីត្រូវបានគេធ្វើទារុណកម្មនៅក្នុងប្រទេសផ្តាច់ការមួយនេះ។
កាសែត Washington Post បានដកស្រង់ប្រភពមិនបញ្ចេញអត្តសញ្ញាណមួយដែលនិយាយថា មន្ត្រីអាមេរិកម្នាក់បានចុះហត្ថលេខាលើការសន្យាមួយដើម្បីបង់ថ្លៃវិក័យប័ត្រសម្រាប់ការចំណាយព្យាបាលមុនពេលត្រូវបានអនុញ្ញាតឲ្យនាំលោក Warmbier ត្រលប់ទៅផ្ទះពីទីក្រុងព្យុងយ៉ាងនៅក្នុងឆ្នាំ២០១៧។
យោងតាមរបាយការណ៍របស់ Washington Post បានឲ្យដឹងថា បេសកជនរូបនេះបានចុះហត្ថលេខាលើការសន្យាចំពោះការបង្គាប់បញ្ជាពីលោកប្រធានាធិបតី ដូណាល់ ត្រាំ។
កាសែតនេះបានរាយការណ៍ថា វិក្កយបត្រនេះត្រូវបានប្រគល់ទៅឲ្យក្រសួងរតនាគារដែលវានៅតែមិនទទួលបានការបង់ប្រាក់នៅក្នុងឆ្នាំ២០១៧។ វាមិនច្បាស់ទេថាតើក្រោយមក រដ្ឋបាលរបស់លោក Trump បានបង់លុយវិក័យប័ត្រនោះដែរឬអត់ឬថាតើវាបានកើតឡើងក្នុងអំឡុងពេលនៃការរៀបចំសម្រាប់កិច្ចប្រជុំកំពូលរបស់លោក ត្រាំ ជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ឬក៏យ៉ាងណា។
លោក Warmbier ដែលជានិស្សិតសាកលវិទ្យាល័យរដ្ឋ Virginia ត្រូវដាក់គុកបន្ទាប់ពីរងការចោទប្រកាន់ថាបានលួចផ្ទាំងផ្សព្វផ្សាយនៅក្នុងសណ្ឋាគាររបស់គាត់អំឡុងពេលធ្វើដំណើរទេសចរណ៍នៅប្រទេសកូរ៉េខាងជើង។
គាត់បានសន្លប់បន្ទាប់ពីរងការធ្វើទារុណកម្មនៅក្នុងគុកហើយបានស្លាប់ប៉ុន្មានថ្ងៃបន្ទាប់ពីវិលត្រលប់មកសហរដ្ឋអាមេរិកវិញ។
លោក ត្រាំ បានយកការផ្សះផ្សារជាមួយប្រទេសកូរ៉េខាងជើងធ្វើជាគោលនយោបាយមួយក្នុងគោលនយោបាយរបស់លោកហើយលោកបានចូលរួមកិច្ចប្រជុំកំពូលពីរលើកជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន។
នៅឯកិច្ចប្រជុំចុងក្រោយរបស់អ្នកទាំងពីរក្នុងទីក្រុងហាណូយកាលពីខែកុម្ភៈ លោកត្រាំបាននិយាយថា លោកទទួលយកការអះអាងរបស់លោកគីមមិនឲ្យដឹងឮពីអ្វីដែលបានកើតឡើងចំពោះលោក Warmbier នៅក្នុងគុកថ្វីបើករណីនេះមានលក្ខណៈខុសប្លែកពីធម្មតាក៏ដោយ៕ AFP
Source: Kampuchea Thmey Daily
0 Comments