Ad Code

ប៉ូលិស ​៖ អ្នកបើកបរ​អាមេរិក​កំណត់​គោលដៅ​លើ​មនុស្ស​មួយ​គ្រួសារ​ព្រោះ​ពួកគេ​មើលទៅ​ដូច​ជន​មូស្លីម



ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា បុរស​ម្នាក់​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នីញ៉ា​ដែល​បើកឡាន​បុក​ចូលទៅក្នុង​ហ្វូងមនុស្ស​ដោយ​ធ្វើ​ឲ្យ​របួស​មនុស្ស​៨​នាក់​គឺ​បានធ្វើ​បែបនេះ​ដោយសារតែ​គាត់​គិតថា ពួកគេ​ជា​ជន​មូស្លីម​។​

យោងតាម​ប៉ូលិស​ក្នុង​ទីក្រុង Sunnyvale ក្បែរ​ទីក្រុង San Francisco បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ឈ្មោះ Isaiah Peoples អាយុ​៣៤​ឆ្នាំ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​សំដៅ​ទៅលើ​មនុស្ស​មួយ​គ្រួសារ​។​

សេវា​សន្តិសុខ​សាធារណៈ​ក្រុង Sunnyvale បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​មាន​ភស្តុតាង​ថ្មី​ដែលថា ប្រជាពលរដ្ឋ​បានកំណត់​គោលដៅ​លើ​ជនរងគ្រោះ​ដោយ​ផ្អែកទៅលើ​ពូជសាសន៍​របស់​ពួកគេ​ហើយ​ជឿថា ពួកគេ​គឺជា​ជន​មូស្លីម​”​។​

យោងតាម​សារព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា សមាជិក​បីនាក់​មកពី​គ្រួសារ​តែមួយ​គឺ​ស្ថិត​ក្នុងចំណោម​អ្នកដំណើរ​ទាំង​៨​នាក់​ដែល​រងរបួស​។ ក្នុងនោះ​មាន​ឪពុក កូនប្រុស​និង​កូនស្រី​។​
​ទោះបីជា​យ៉ាងណាក៏ដោយ សញ្ជាតិ​និង​សាសនា​នៃ​គ្រួសារ​នោះ​មិនត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​ទេ​។​

មេធាវី​របស់​លោក Peoples បាន​និយាយថា ឧបទ្ទវ​ហេតុនេះ​គឺជា​លទ្ធផល​នៃ​ជំងឺផ្លូវចិត្ត​យ៉ាងច្បាស់​ក្រឡែត​ហើយ​គាត់​នឹង​ស្វែងរក​ការព្យាបាល​ជំងឺផ្លូវចិត្ត​សម្រាប់​កូនក្តី​របស់គាត់​ដែល​គាត់​បាន​ពិពណ៌នា​ថា​ជា​ទាហាន​ជើងចាស់​ដែលមាន​ជំងឺស្ត្រេស​បន្ទាប់ពី​រង​ការប៉ះទង្គិច​។​

គួរ​បញ្ជាក់​ថា ការសម្លាប់​អ្នក​កាន់សាសនា​ឥស្លាម​យ៉ាងតិច​៥០​នាក់​នៅ​វិហារ​ឥស្លាម​ពីរ​កន្លែង​កាលពី​ខែ​មុន​ក្នុង​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​គឺជា​ការវាយប្រហារ​ចុងក្រោយ​បំផុត​ប្រឆាំង​នឹង​ជន​មូស្លីម​នៅក្នុង​បណ្តា​ប្រទេស​លោកខាងលិច​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu