Ad Code

លោកជំទាវ អោ​ង សាន​ស៊ូ​ជី នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ​



​ភ្នំពេញ​ ៖ លោកជំទាវ អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​០១ ខែ​ឧសភា ឆ្នាំ​២០១៩ ដែល​ទស្សនកិច្ច​នេះ ធ្វើឡើង​តាម​ការ​អញ្ជើញ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោកជំទាវ អោ​ង សាន​ស៊ូ​ជី នឹង​ចូល​បង្គំ​គាល់​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ​សម្ដេច ព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភ​មង្គល នៅក្នុង​ព្រះបរមរាជវាំង ហើយ​លោកជំទាវ ក៏​នឹង​ចូល​ជួប​សម្ដែង​ការគួរ​សមជា​បន្តបន្ទាប់ ជា​មួយ​ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ផង​ដែរ​។

ជាមួយគ្នា​នោះ លោកជំទាវ នឹងមាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ដែរ លោកជំទាវ Aung San Suu Kyi នឹង​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​វិមានឯករាជ្យ និង​ព្រះ​មណ្ឌប​ព្រះបរម​រតន​កោដ្ឋ អតីត​ព្រះមហាក្សត្រ​កម្ពុ​ជា ហើយ​នៅ​ចុងបញ្ចប់​ នៃ​ដំណើរ​ទស្សនកិច្ច លោកជំទាវ នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​មួយ​ចំនួន នៅ​ខេត្ត​សៀមរាប​។​

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ជំទាវ អោ​ង សាន​ស៊ូ​ជី នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ពង្រឹង និង​ពង្រីក​ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ព្រមទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ពហុភាគី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu