គ្រូបង្រៀនច្បាប់ជ្វីហ្វម្នាក់ដែលបានបន្តធ្វើការអធិប្បាយបើទោះបីជារងរបួសនៅក្នុងការបាញ់ប្រហារចុងក្រោយបំផុតនៅព្រះវិហារអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិជ្វីហ្វនឹងមិនត្រូវបានបំភិតបំភ័យដោយការស្អប់ខ្ពើមមិនសមរម្យពីអ្នកប្រឆាំងអម្បូរសេមីតទេ។
ស្ត្រីម្នាក់អាយុ៦០ឆ្នាំឈ្មោះ Lori Kaye ត្រូវបានសម្លាប់និងមនុស្ស៣នាក់បានរងរបួសនៅពេលខ្មាន់កាំភ្លើងម្នាក់សម្រុកចូលព្រះវិហារនៅទីក្រុង Poway ភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ាកាលពីថ្ងៃសៅរ៍ហើយ បើកការបាញ់ប្រហារនៅថ្ងៃចុងក្រោយនៃពិធីបុណ្យ Passover ។
ប៉ូលិសបានកំណត់អត្តសញ្ញាណអ្នកបាញ់ប្រហារថាមានឈ្មោះ John Earnest អាយុ១៩ឆ្នាំដែលបានបង្ហោះពាក្យពេចន៍ប្រឆាំងនឹងជនជាតិជ្វីហ្វលើអនឡាញមុនពេលបើកការបាញ់ប្រហារហើយអះអាងថា គាត់នៅពីក្រោយការដុតវិហារឥស្លាមមួយកាលពីសប្តាហ៍មុន។
យោងតាមកំណត់ត្រារបស់នាយកដ្ឋានតម្រួតតំបន់ San Diego បាននិយាយថា លោក Earnest ត្រូវប្រឈមនឹងការចោទប្រកាន់មួយករណីពីបទឃាតកម្មនិងបីករណីពីបទប៉ុនប៉ងឃាតកម្មហើយនឹងបង្ហាញខ្លួននៅចំពោះមុខចៅក្រមដែលនឹងត្រូវបានចោទប្រកាន់ជាផ្លូវការនៅថ្ងៃទី១ខែឧសភា។
ប្រាំមួយខែបន្ទាប់ពីជនជ្រុលនិយមស្បែកសបាញ់សម្លាប់មនុស្ស១១នាក់នៅឯព្រះវិហារក្រុង Pittsburgh, វាបានលើកឡើងនូវសំណួរថ្មីៗអំពីការកើនឡើងទូទាំងប្រទេសនៃការប្រឆាំងនឹងអម្បូរសេមីតនិងឧក្រិដ្ឋកម្មស្អប់ខ្ពើមជាទូទៅនិងអំពីការឆ្លើយតបដ៏ចម្រូងចម្រាសជាញឹកញាប់របស់លោកប្រធានាធិបតី Donald Trump ចំពោះពួកគេ។
មុនពិធីបុណ្យសពរបស់ Kaye, មិត្តភក្តិម្នាក់របស់នាងបាននិយាយថា ការស្លាប់របស់នាងត្រូវតែក្លាយទៅជាការក្រោកឈរឡើងតទល់ខណៈដែលគ្រូបង្រៀនច្បាប់ជ្វីហ្វរបស់ព្រះវិហារបាននិយាយថា អាជ្ញាធរត្រូវតែធ្វើបន្ថែមទៀតដើម្បីការពារកន្លែងគោរពបូជា។
គ្រូបង្រៀនច្បាប់ជ្វីហ្វឈ្មោះ Yisroel Goldstein បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ NBC ពីលើគ្រែមន្ទីរពេទ្យរបស់គាត់ថា “អំពើភេរវកម្មនឹងមិនឈ្នះទេ។ ក្នុងនាមជាជនជាតិអាមេរិក យើងមិនអាចឱនក្បាលនៅចំពោះមុខការស្អប់ខ្ពើមមិនសមរម្យដែលប្រឆាំងនឹងជនជាតិជ្វីហ្វទេ”។
គ្រូបង្រៀនរូបនេះបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរចំដៃរបស់គាត់នៅពេលដែលខ្មាន់កាំភ្លើងបាញ់គាត់នៅចម្ងាយជិតអំឡុងពេលការធ្វើសេចក្ដីអធិប្បាយរបស់គាត់មុនពេលសំដៅទៅនាង Kaye។
ខណៈពេលដែលខ្មាន់កាំភ្លើងបានភៀសខ្លួនចេញ លោក Goldstein បានដឹកនាំក្រុមជំនុំរបស់គាត់នៅខាងក្រៅហើយបានបន្តផ្សព្វផ្សាយរហូតដល់សេវាសង្គ្រោះបន្ទាន់មកដល់៕ AFP
Source: Kampuchea Thmey Daily
0 Comments