Ad Code

សមត្ថកិច្ច​ថៃ​ ប្រកាស​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ យក​គ្រឿង​បរិភោគ​ ដែល​ផលិត​ចេញពី​សាច់​ជ្រូក​ ចូល​ប្រទេស​ថៃ​



ប៉ោយប៉ែត ៖ សមត្ថកិច្ច​ថៃ​ បាន​ប្រកាស​ជូនដំណឹង​ដល់​ពលករ​ខ្មែរ​ ដែល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ហាម​មិន​ឲ្យ​យក​គ្រឿង​បរិភោគ​ ដែល​ផលិត​ចេញពី​សាច់ជ្រូក​ចូលទៅក្នុង​ប្រទេស​របស់​គេ​ឡើយ បើ​ជន​ណាមួយ​មិន​ស្ដាប់​ក្នុងការ​ណែនាំ​របស់​មន្ត្រី​ថៃ​ខាងលើ​ទេ គឺ​គេ​នឹង​ចាប់​យក​ទៅ​ដាក់គុក​ដែល​មាន​រយៈពេល​២​ឆ្នាំ ហើយ​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន​ចាប់ពី​សែន​បាត ទៅ​ប្រាំ​សែន​បាត​ឯណោះ​។​

សូម​បញ្ជាក់​ដែរ​ថា ក្រោយពេល​ចូលឆ្នាំ​ខ្មែរ​រួច ​គេ​បាន​សម្គាល់​ឃើញ​ពលករ​ខ្មែរ​ប្រុស/​ស្រី​ក្មេង​ចាស់ បាន​នាំ​គ្នា​វិលត្រឡប់​ទៅ​បំពេញការងារ​របស់ខ្លួន​ក្នុង​ប្រទេស​ថៃ​វិញ ទន្ទឹមនឹង​នោះ គេ​ក៏បាន​សម្គាល់​ឃើញ​មានការ​ហាមប្រាម​ពី​អាជ្ញាធរ​ថៃ​នៅឯ​ច្រកទ្វារ​ខ្លង​លឹក​ ដែល​ប្រឈម​នឹង​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខាង​កម្ពុជា។ ​ក្នុងការ​ហាមប្រាម​នោះ ត្រូវបាន​ថៃ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ឯ​ច្រក​ទ្វារ​ខ្លង​លឹក ​ថា ចំពោះ​បងប្អូន​ខ្មែរ​ទាំងអស់​ដែល​ចូល​មក​ក្នុង​ដី​ថៃ មិនត្រូវ​យក​មក​ជាមួយ​នូវ​គ្រឿង​បរិភោគ​ដូចជា ​ផ្អក​ផលិត​ចេញពី​សាច់​ជ្រូក សាច់ក្រក​ដែល​ផលិត​ចេញពី​សាច់​ជ្រូក ប្រហិត​ដែល​ផលិត​ចេញពី​សាច់​ជ្រូក យក​ចូលក្នុង​ដី​ថៃ​ឡើយ​។​

តាម​ការលើកឡើង​រប​ស់​ពលករ​ខ្មែរ​ច្រើន​ដែល​មកដល់​ស្រុកកំណើត​ក្នុង​រដូវចូលឆ្នាំ ហើយក៏​ត្រូវ​ត្រឡប់​ទៅ​បំពេញការងារ​នៅ​ប្រទេស​ថៃ​នោះ​វិញ បាន​លើកឡើងថា ពួកគាត់​មួយចំនួន​បាន​ទិញ​សាច់​ជ្រូក​ទិញ​សាច់ក្រក ទិញ​ប្រហិត ​និង​គ្រឿង​បរិភោគ​មួយចំនួនទៀត​ដូចជា ​ប្រហុក ត្រីងៀត​ និង​អាហារ​ផ្សេងទៀត​ ដើម្បី​យកទៅ​ផ្គត់ផ្គង់​សម្រាប់​ហូបចុក​ក្នុងពេលដែល​ខ្លួន​បំពេញការងារ​នៅក្នុង​រោងចក្រ​ និង​នៅតាម​កន្លែង​ផ្សេងៗ​ក្នុង​ដី​ថៃ។ ពួកគាត់​ក៏បាន​លើកឡើង​ដែរ​ថា បើសិនជា​អាជ្ញាធរ​ថៃ​មានការ​ហាមប្រាម​មិន​ឲ្យ​យក​គ្រឿង​បរិភោគ​ដូច​បាន​ជូនដំណឹង​ខាងលើ​នោះ ​ចូលទៅក្នុង​ប្រទេស​របស់​គេ នោះ​វា​ដូចជា​ជ្រុល​ពេក​ហើយ​ ព្រោះ​អី​កន្លងទៅ ខាង​ថៃ ​ក៏​ធ្លា​ប់យក​គ្រឿង​បរិភោគ​ដែល​ខូច​គុណភាព​នាំ​ចូលមក​ប្រទេស​កម្ពុជា​រាប់សិប​តោន ហើយ​យកមក​លក់​តាម​ទីផ្សារ​តូច​ធំ​នៅ​ទូទាំង​ប្រទេស​រួចមកហើយ​កន្លងទៅ មកដល់ពេលនេះ តែ​ពុំ​ឃើញ​មាន​មន្ត្រី​ណាមួយ​ធ្វើការ​ទប់ស្កាត់​ឡើយ ចំពោះ​ពួកគាត់​ដែល​ទិញ​គ្រឿង​បរិភោគ​ចូលទៅ​ដើម្បី​ក្រពះ​របស់ខ្លួន​នោះ បែរជា​គេ​ហាម​ប្រាម​មិន​ឲ្យ​យក​ចូលទៅ​វិញ។ ពលករ​ដែល​នោះ​ក៏បាន​លើកឡើង​ទៀតថា ថៃ ​បាន​អាង​ថា ​ជ្រូក​នៅ​កម្ពុជា គឺមាន​ជំងឺ​មេរោគ​ច្រើន ទើប​គេ​មាន​វិធានការ​ទប់ស្កាត់​បែបនេះ​បើ​ទោះ​ជា​បងប្អូន​ខ្មែរ​ដែល​ជា​ពលករ​ទាំង​នោះ​ប្រើ​វិធី​វេច​ខ្ចប់​គ្រឿង​បរិភោគ​ដែល​ផលិត​ចេញពី​សាច់ជ្រូក​ដាក់​ក្នុង​ការុង ​ឬ​ក្នុង​បា​ឡូ​របស់ខ្លួន​យ៉ាងណាក៏ដោយ ក៏​គេ​នៅតែ​រក​ឃើញ​ដែរ​។​

ចំពោះ​ខាង​សមត្ថកិច្ច​ថៃ​ ដែល​នៅឯ​ច្រកទ្វារ​ខ្លង​លឹក​ នោះ បាន​ប្រកាស​ជា​ភាសា​ខ្មែរ​តាម​មេក្រូ​នៅ​មាត់ច្រក​ទ្វារ​ខ្លង​លឹក​ថា បើសិនជា​បងប្អូន​ខ្មែរ​ណា​មាន​វត្ថុ​គ្រឿង​បរិភោគ​ដូច​តាម​ការប្រកាស​របស់​អាជ្ញាធរ​ថៃ​ខាងលើ​នោះ គឺ​យក​មក​ប្រគល់​ត្រង់​មក​ឲ្យ​អាជ្ញាធរ​ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ជៀសវាង ការឆែកឆេរ​ឃើញ​នៅក្នុង​ការុង​អង្ករ ​ឬ​នៅក្នុង​វា​ឡូត៍​របស់​ខ្លួន ​គឺ​ត្រូវតែ​មានទោស​ដោយ​ខានមិនបាន​ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu