Ad Code

អាជ្ញាធរ​ខណ្ឌ​ដង្កោ​ ប្រើ​ធម៌ក្ដៅ ​ឃាត់​រថយន្ត​ដឹក​សារធាតុ​រ៉ែ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​



ភ្នំពេញ​ ៖ ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម ជាច្រើន​គ្រឿង ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដង្កោ​ដាក់​កម្លាំង​ឃាត់​មិន​ឲ្យ​បើកបរ​ ដោយសារតែ​ក្រុម​រថយន្ត​ទាំងនេះ បើកបរ​ឆ្លងកាត់​មូលដ្ឋាន​ខណ្ឌ​ដង្កោ ធ្វើ​ឲ្យ​ប៉ះពាល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​គង​ន​យ ខណ្ឌ​ដង្កោ។

មន្ត្រី​អាជ្ញាធរ​ខណ្ឌ​ដង្កោ​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​ ដឹក​ថ្ម ជាច្រើន​គ្រឿង ដែល​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដង្កោ​ដាក់​កម្លាំង​ឃាត់​មិនឲ្យ​បើកបរ ដោយសារតែ​ក្រុម​រថយន្ត​ដឹក​សារធាតុ​រ៉ែ​ទាំងនេះ បើកបរ​ឆ្លងកាត់​មូលដ្ឋាន​ខណ្ឌដង្កោ ធ្វើអោយប៉ះពាល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​គង​ន​យ ខណ្ឌ​ដង្កោ ទើប​ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ បញ្ជា​មន្ត្រី​ជំនាញ និង កម្លាំង​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដង្កោ និង អាជ្ញាធរ​សង្កាត់​គង​ន​យ ដាក់​កម្លាំង​ឃាត់​មិនឲ្យ​ក្រុម​រថយន្ត​ទាំងនេះ បើកបរ​ឆ្លងកាត់​មូលដ្ឋាន​ខណ្ឌ​ដង្កោ​តែម្ដង ពីព្រោះថា ក្រុម​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម ទាំងអស់នេះ បើកបរ​ចេញពី​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ដោយ​បើកបរ​ឆ្លងកាត់​សង្កាត់​គង​ន​យ បន្ត​ទៅ​ចាក់​បំពេញ​ដី​ឡូត៍ ឬ ទីតាំង​ការដ្ឋាន​ផ្សេងៗ​ទៀត​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ក្រុម​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម ទាំងនេះ ធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​គង​ន​យ ដូចជា បើក​ក្នុង​ល្បឿន​លឿនៗ មិន​ស្រោច​ទឹក​ផ្លូវ ធ្វើឲ្យដី​ហុយ​ទ្រលោម ក៏​ដូចជា បណ្តាលឲ្យ​ខូច​ផ្លូវ​ជាដើម ទើប​ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ បញ្ជា​មន្ត្រី​ជំនាញ និង កម្លាំង​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដង្កោ និង អាជ្ញាធរ​សង្កាត់​គង​ន​យ ដាក់​កម្លាំង​ឃាត់​មិន​ឲ្យ​ក្រុម​រថយន្ត​ទាំងនេះ បើកបរ​ឆ្លងកាត់​មូលដ្ឋាន​ខណ្ឌ​ដង្កោ​តែម្ដង ដើម្បី​រក​ដោះស្រាយ​ណាមួយ កុំ​ប៉ះពាល់​បរិស្ថាន​បន្ត​ទៀត​។​

ប្រភព​ព័ត៌មាន​ប្រាប់​បន្តថា ក្រោយពី​មានការ​បិទផ្លូវ​បែបនេះ តំណាង​ក្រុមហ៊ុន ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់​ទាំងនេះ បានចេញ​មុខ​ធ្វើការ​ដោះស្រាយ​ដោយ​សន្យា​ធ្វើការ​ជួសជុល​ផ្លូវ ស្រោច​ទឹកជា​ប្រចាំ និង បន្ថយ​ល្បឿន​ក្នុងការ​បើកបរ។​

កិច្ចសន្យា​នេះ ត្រូវបាន​បញ្ចប់​ទៅវិញ​ដោយមាន​តំណាង​ លោក លី គឹម​ហេង ជំនួស​ក្រុមហ៊ុន រថយន្ត​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់ ប្រចាំ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល ប្រមាណ​៤​ក្រុមហ៊ុន ចូលខ្លួន​ដោះស្រាយ ទើប​អាជ្ញាធរ​ខណ្ឌ​ដង្កោ យល់ព្រម​អនុញ្ញាតឲ្យ​ក្រុម​រថយន្ត​ដឹក​សារធាតុ​រ៉ែ​ទាំងនោះ​បើកបរ​ជា​ធម្មតា​វិញ។​

ពាក់ព័ន្ធ​ទៅ​នឹង​ព័ត៌មាន​នេះ ភ្នាក់ងារ​កាសែត​កម្ពុជា​ថ្មី បាន​ព្យាយាម​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​ទៅ​កាន់ ​លោក លី គឹម​ហេង ដែល​មាន​រណ្ដៅ​ដី​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល លោក​បាន​ឆ្លើយតប​ថា លោក​តំណាង​ក្រុមហ៊ុន​ទាំងអស់ នឹង​ស្ថាបនា​ជា​ផ្លូវ​អ៊ុត​កៅស៊ូ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​គង​ន​យ ខណ្ឌ​ដង្កោ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ប្រវែង​ប្រហែល​ប្រមាណ​៥០០​ម៉ែត្រ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​បរិស្ថាន​បន្តទៀត។ ពីព្រោះថា បច្ចុប្បន្ននេះ ​មាន​ក្រុមហ៊ុន​ប្រហែល​១០០ ហើយក៏​មាន​ក្រុមហ៊ុន​រថយន្ត​ដឹក​ថ្ម បើកបរ​មកពី​ខេត្ត​កំពង់ស្ពឺ​កំពុង​បើកបរ​ឆ្លងកាត់​ផ្លូវ​នេះ​ផង​ដែរ ប៉ុន្តែ​នៅ​ពេល​មាន​បញ្ហា​បែបនេះ គ្មាន​ក្រុមហ៊ុន​ណា​ចេញមុខ​ដោះស្រាយ​ឡើយ គឺ​មាន​តែ​ក្រុមហ៊ុន​របស់ លោក​ប៉ុណ្ណោះ​ដែល​ចេញមុខ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។​

សូម​បញ្ជាក់​ឲ្យ​ដឹង​ថា នៅក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល បច្ចុប្បន្ន​កំពុង​កើតមាន​រណ្ដៅ​ដី ការដ្ឋាន​បូម​ខ្សាច់ ជាច្រើន​កន្លែង កំពុងបើក​អាជីវកម្ម ដឹកជញ្ជូន ១​ថ្ងៃៗ រាប់​សិប​ឡាន ហើយ​ក៏​តែងតែ​បង្ក​ផល​ប៉ះពាល់​បរិស្ថាន​យ៉ាង​ខ្លាំង​ផង​ដែរ ទៅដល់​មូលដ្ឋាន​ខេត្ត​កណ្តាល​ខ្លួនឯង​ផ្ទាល់​តែម្តង រហូត​ឈាន​មកដល់​ខណ្ឌដង្កោ​ទៀតផង។ ប៉ុន្តែ​ទោះបី​យ៉ាងណាក្តី អាជ្ញាធរ​ខណ្ឌ​ដង្កោ​ មិន​នៅ​ស្ងៀម​នោះទេ គឺ​ឲ្យ​តែ​មាន​ផល​លំបាក អាជ្ញាធរ​ខណ្ឌ​តែងតែ​ជួយ​ដោះស្រាយ​ជានិច្ច ជាក់ស្ដែង ដូចជា បញ្ហា​ក្រុម​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម នេះ​ជាដើម៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu