Ad Code

អ្នកជំនាញ​ អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​ដំឡើង​ពន្ធ​លើ​ថ្នាំជក់​បន្ថែម​ទៀត ដើម្បី​កាត់បន្ថយ​អ្នក​ស្លាប់​ដោយសារ​ប្រើប្រាស់​ថ្នាំជក់​



​ភ្នំពេញ​ ៖ អ្នកជំនាញ​ផ្នែក​សុខភាព បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុ​ជា​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​បន្ថែម ដើម្បី​កាត់បន្ថយ​អ្នកស្លាប់​ដោយសារ​ការប្រើប្រាស់​ថ្នាំជក់ និង​អ្នក​ស្រូបយក​ផ្សែង​បារី​ពី​គេ​។​

ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​មួយ នា​ព្រឹក​ថ្ងៃទី​២៣​មេសា នេះ នៅ​សណ្ឋាគារ​សាន់​វ៉េ រាជធានី​ភ្នំពេញ​។​

លោក យ៉ិ​ល ដារ៉ាវុធ តំណាង​អង្គការ​សុខភាព​ពិភពលោក បាន​មានប្រសាសន៍​លើកឡើងថា ការ​ដំឡើង​ពន្ធ​ថ្នាំជក់​ឲ្យ​ខ្ពស់ គឺជា​វិធានការ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ មិន​ត្រឹមតែ​អាច​កាត់បន្ថយ​ចំនួន​អ្នក​ជក់បារី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រាជរដ្ឋាភិបាល ក៏បាន​ចំណូល​កាន់តែច្រើន​ពី​ការដំឡើង​ពន្ធ​នេះ​ផងដែរ​។

ចំណែក​ លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា មានប្រសាសន៍ថា កម្ពុជា​ អាច​ទទួលបាន​ផលប្រយោជន៍​សុខភាព​សាធារណៈ​បាន​ លុះត្រាតែ​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ក្នុង​កម្រិត​អតិផរណា​ណាមួយ​ជាក់លាក់​បំផុត​។ លោក​បន្តថា តាម​ការអង្កេត​លើ​មតិ​យុវជន​នៅ​ឆ្នាំ​២០១៨ បាន​បង្ហាញថា យុវជន​ភាគច្រើន នឹង​ឈប់​ទិញ​បារី​ជក់ បើ​តម្លៃ​បារី​ឡើងដល់ ១​ម៉ឺន​រៀល​ក្នុង​១​កញ្ចប់ ខណៈ​បច្ចុប្បន្ន​បារី​ខ្លះ តម្លៃ​ត្រឹម​តែ​២​ពាន់​រៀល​ប៉ុណ្ណោះ​។ លោក​បន្ថែមថា ការប្រើប្រាស់​ថ្នាំ​ជក់ នៅតែ​ជា​មូលហេតុ​ចម្បង ដែល​បណ្តាល​ឲ្យ​ស្លាប់​។ តាម​ការអង្កេត​របស់​ក្រុម​ជំនាញ​ផ្នែក​សុខ​ភាព​នៅ​កម្ពុជា ប្រជាពលរដ្ឋ​ប្រមាណ​១០.០០០​នាក់ ស្លាប់​ជា​រៀងរាល់ឆ្នាំ ​បណ្តាលមកពី​ជំងឺ​ដែល​បង្ក​ដោយ​ការប្រើប្រាស់​ថ្នាំជក់ ខណៈ​ដែល​ការ​ព្យាបាល​ជំងឺ​ទាំងនេះ ​ត្រូវ​ចំណាយ​ខ្ពស់​។

​ជាមួយគ្នានេះដែរ​ លោក Ulysses Dorotheo នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា គោលនយោបាយ​ពន្ធ​លើ​ថ្នាំជក់​របស់​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ពុំ​ទាន់​ឆ្លើយតប​ទាំងស្រុង​ចំពោះ​ការកាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់​នៅឡើយ​ទេ​។ លោក​បន្តថា កម្ពុជា​ហូតពន្ធ​តែ ២៥% ទៅ​៣០% បើ​ធៀប​នឹង​តម្លៃ​លក់រាយ នៃ​ផលិតផល​ថ្នាំជក់ ហើយ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស ដែល​មាន​អត្រាពន្ធ​លើ​ថ្នាំជក់​ទាប​ជាងគេ​បំផុត នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​។

ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ត្រូវបាន​អនុម័ត​នៅ​ឆ្នាំ​២០១៥ ចង្អុលបង្ហាញ​វិធានការ​សំខាន់ៗ​ពាក់ព័ន្ធ​ទៅនឹង​ការផ្គត់ផ្គង់ និង​ការកាត់បន្ថយ​តម្រូវការ​ថ្នាំជក់ រួម​ទាំង​វិធានការ​ពន្ធដារ​ផង​ដែរ ដោយ​សមស្រប​ណាមួយ​នឹង​អនុសញ្ញា ​ស្តីពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​នៅ​ឆ្នាំ​២០០៥៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu