Ad Code

ក្រុម New IRA សារភាព​ទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​អ្នកកាសែត​អៀរ​ឡង់​ខាងជើង​



​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ទៅកាន់​កាសែត The Irish News, ក្រុម​សាធារណរដ្ឋ New IRA នៅ​ថ្ងៃ​អង្គារ​បាន​សារភាព​ទទួលខុសត្រូវ​ចំពោះ​ការ​សម្លាប់​អ្នកកាសែត​អៀរ​ឡង់​ខាងជើង​ឈ្មោះ Lyra McKee អំឡុង​កុបកម្ម​ក្នុង​ទីក្រុង Londonderry កាលពី​សប្ដាហ៍​មុន​។ ក្រុម​នេះ​បាន​និយាយ​នៅ ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​កាសែត​អៀរឡង់​ថា “New IRA សូម​អភ័យទោស​យ៉ាង​ពេញទំហឹង​និង​ស្មោះត្រង់​ចំពោះ​ដៃគូរ ​ក្រុមគ្រួសារ​និង​មិត្តភក្តិ​របស់​នាង Lyra McKee សម្រាប់​ការស្លាប់​របស់​នាង​”​។

​លោកស្រី McKee អាយុ​២៩​ឆ្នាំ​ត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​នៅពេលដែល​ក្រុម​សាធារណរដ្ឋ​ប្រឆាំង​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅក្នុង​តំបន់​លំនៅដ្ឋាន Creggan ក្នុង​ទីក្រុង​លំដាប់​ទី​ពីរ​របស់​ប្រទេស​អៀរ​ឡង់​ខាងជើង​មួយ​នេះ​ដែល​ក៏ត្រូវ​បាន​គេ​ស្គាល់​ផងដែរ​ថា Derry​។​ ​ខណៈពេល​សារភាព​ទទួលខុសត្រូវ​, ក្រុម New IRA បាន​ព្យាយាម​បង្ហាញ​ពី​ភាពត្រឹមត្រូវ​នៃ​សកម្មភាព​របស់ខ្លួន​ដោយ​អះអាងថា អ្នកកាសែត​ត្រូវបាន​សម្លាប់​ក្នុងអំឡុងពេល​នៃ​ការវាយប្រហារ​មួយ​លើ​កងកម្លាំង​សត្រូវ​ហើយ​បាន​ចោទប្រកាន់​ប៉ូលិស​ពីបទ​បង្កហេតុ​មុនពេល​នៃ​ការស្លាប់​របស់​នាង​។

សេចក្តីថ្លែងការណ៍​បាន​និយាយថា “​អំឡុង​ការវាយប្រហារ​ទៅលើ​សត្រូវ លោកស្រី Lyra McKee ត្រូវបាន​សម្លាប់​ខណៈពេល​កំពុង​ឈរ​ក្បែរ​កងកម្លាំង​សត្រូវ​”​។សេចក្តីថ្លែងការណ៍​រប​ស់ New IRA បាន​និយាយថា “​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​ការ​លុកលុយ​នៅ Creggan ដោយ​កងកម្លាំង​ចក្រភព​អង់គ្លេស​ប្រដាប់អាវុធ​ដែល​បង្ក​ឲ្យ​មាន​កុបកម្ម​, IRA បានដាក់​ពង្រាយ​អ្នកស្ម័គ្រចិត្ត​របស់ខ្លួន​ដើម្បី​ចូលរួម​”​។

​បន្ទាប់ពី​ការស្លាប់​របស់លោក​ស្រី​, គណបក្សនយោបាយ​ធំៗ​ចំនួន​ប្រាំមួយ​របស់​ប្រទេស​អៀរ​ឡង់​ខាងជើង​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដ៏​កម្រ​។សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា  “​វា​ជា​ទង្វើ​ចេតនា​និង​គ្មាន​ប្រយោជន៍​ដើម្បី​បំផ្លាញ​ការរីកចម្រើន​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​ដែលមាន​ការគាំទ្រ​ដ៏​លើសលប់​ពី​មនុស្ស​គ្រប់​ទីកន្លែង​”​។ ​ការសម្លាប់​នេះ​បានកើត​ឡើង​មុន​ពិធីបុណ្យ Easter ចុង​សប្ដាហ៍​នៅពេល​អ្នក​សាធារណ​រដ្ឋនិយម​ដែល​ប្រឆាំងនឹង​វត្តមាន​របស់​ចក្រភព​អង់គ្លេស​នៅក្នុង​ប្រទេស​អៀរ​ឡង់​ខាង​ជើងបាន​ប្រារព្ធ​ខួប​នៃ​ការបះបោរ​ឆ្នាំ​១៩១៦​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​ចក្រ​ភព​អង់គ្លេស​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu