បាត់ដំបង ៖ អ្នកបើកបររថយន្តម្នាក់ ត្រូវបានរថយន្តមួយគ្រឿងទៀត បុកផ្ទប់ទៅនឹងរថយន្តខ្លួនឯង ស្លាប់ភ្លាមមួយរំពេច ខណៈដែលអ្នកបើកបររថយន្តតាក់ស៊ីរូបនេះដើរទៅបើកឃ្លុបរថយន្តខាងក្រោយដើម្បីអោយអ្នកដំណើរចុះបត់ដៃ បត់ជើង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣ និង ២០នាទី រសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៩ តាមបណ្តោយផ្លូវជាតិ៥ ត្រង់ចំណុច អូរតាមៀវ ស្ថិតក្នុងក្រុម១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង រវាងរថយន្ត និង រថយន្ត។
របាយការណ៍បានបន្តថា ដំបូងមានរថយន្ត មួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ២V៩៦០៤ ដោយអ្នកបើកបរឈ្មោះ អំ ជៀន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិម្នង ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានបើកបរដឹកអ្នកដំណើរក្នុងទិសដៅពីភ្នំពេញ ទៅបាត់ដំបង។
លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ អ្នកបើកបររូបនេះបានអែបខាងស្តាំដើម្បីឈប់អោយអ្នកដំណើរចុះបត់ដៃ បត់ជើង ដោយនៅពេលនោះដែរ អ្នកបើកបរក៏បានដើរទៅខាងក្រោយរថយន្តរបស់ខ្លួនដើម្បីបើកឃ្លុបអោយអ្នកដំណើរចុះ។
ចៃដន្យនៅពេលនោះស្រាប់តែមាន រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AH ៥០៤៨ ដែលបើកបរដោយឈ្មោះ ច្រឹក ទិត្យ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅ ស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង និងកំពុងធ្វើដំណើរ ស្របទិសគ្នា បានបុកពីក្រោយរថយន្តម៉ាកសាំយ៉ុងនោះ បណ្តាលអោយផ្ទប់អ្នកបើកបរឈ្មោះអំ ជៀន ទៅនឹងរថយន្តរបស់ខ្លួន បាក់ជើងខ្ទេចខ្ទី ស្លាប់ភ្លាមមួយរំពេច ព្រមទាំងបានបង្កអោយអ្នកដំណើរ៣ នាក់ទៀតរងរបួសផងដែរ។
អ្នករបួសទាំងនោះមានឈ្មោះ គីម អ៑ន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរកម្មករ របួសស្រាល ឈ្មោះ ឆន វីរៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ របួសស្រាល អ្នកទាំង២រស់នៅភូមិពពេល ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់ដែរដោយបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។
បច្ចុប្បន្ន សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ចំណែករថយន្ត នាំយកទរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក មោងឬស្សី ឯអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីគេបានសារភាពថា គេបានបើកបរទាំងកំពុងដេកលក់មួយភាំង៕
Source: Kampuchea Thmey Daily
0 Comments