Ad Code

លោក​អភិបាលស្រុក​កំពង់ត្រាច ដឹកនាំ​ក្រុមការងារ ទៅ​បង្អាក់​សកម្មភាព​គ្រឿងចក្រ​ជីក​កកាយ​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ ក្នុង​ឃុំ​ឫស្សី ស្រុក​ខាងលិច​



កំពត ៖ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក​កំពង់ត្រាច បាន​លើកឡើងថា ព្រែក ប្រឡាយ បឹងបួ សុទ្ធសឹងតែ​ជា​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ និង ​ជា​សម្បត្តិ​សាធារណៈ សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​រួមគ្នា ដាច់ខាត​មិនអាច​ចេះតែ​នាំគ្នា​ទៅ​ទន្ទ្រាន ​ដើម្បី​ជា​ផលប្រយោជន៍​បុគ្គល​នោះ​ឡើយ។

ការលើកឡើង​បែបនេះ អំឡុង​ពេល​ លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច ដឹកនាំ​មន្ត្រី​ជំនាញ ចុះទៅ​ទប់ស្កាត់ និង​បង្អាក់​សកម្មភាព​គ្រឿងចក្រ​ជីក​កកាយ​ដី​បឹង​របស់​រដ្ឋ ស្ថិត​ក្នុង​ភូមិ​ដំណាក់​ត្របែក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ៣​រោច ខែចេត្រ ឆ្នាំ​កុរ ឯកស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩​។​

លោក​អភិបាលស្រុក​បានបញ្ជាក់​ផងដែរ​ថា ចំណុច​ដែល​គ្រឿងចក្រ​កំពុង​ជីក​កកាយ​ដី​នេះ គឺជា​បឹង​ធម្មជាតិ​របស់​រដ្ឋ យើង​មិន​ត្រូវ​នាំគ្នា​ទៅ​បំពាន​ឡើយ គួរ​ណាស់​យើងទាំងអស់គ្នា​ជួយ​អភិរក្ស និង​រួម​គ្នា​ថែរក្សា​កុំ​ឲ្យ​បាត់បង់ សម្រាប់​បម្រើ​ប្រយោជន៍​រួម​។​

​លោក​អភិបាលស្រុក​បាន​បន្តថា ដើម្បី​កុំ​ឲ្យ​បាត់បង់​ធនធានធម្មជាតិ​ដែល​មាន​ស្រាប់​ ស្ថិត​តាម​ភូមិ​សាស្ត្រ​របស់​យើង គប្បី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ពិសេស​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​លូកលាន់​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​ចាប់ពីពេលនេះ​តទៅ​។​

​សូមជម្រាបថា​ ក្នុង​ប្រតិបត្តិការ​ចុះ​បង្អាក់​សកម្មភាព​គ្រឿងចក្រ​ជីក​កាយ​ដី​បឹង​ធម្មជាតិ​ ស្ថិតក្នុង​ចំណុច​ភូមិ​ដំណាក់​ត្របែក​នេះ ឃុំ​ឫស្សីស្រុក​ខាងលិច​នេះ រដ្ឋបាល​ស្រុក​កំពង់ត្រាច បាន​កោះហៅ​បុគ្គល​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ទន្ទ្រាន​ដី​បឹង​មក​អប់រំ ណែនាំ ធ្វើ​កិច្ចសន្យា ឲ្យ​បញ្ឈប់​សកម្មភាព ហើយ​បើ​នៅតែ​បំពាន​នៅលើ​ដី​បឹង​ធម្មជាតិ​ទៀត​នេះ​ទៀត រដ្ឋបាល​ស្រុក​ នឹង​ចាត់​វិធានការ​ទៅតាម​ផ្លូវច្បាប់ ហើយក៏​គ្មាន​ការយោគយល់​ទៀត​ដែរ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu