Ad Code

រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ អំពាវនាវ ​ឲ្យ​ធ្វើការ​តវ៉ា​តបត​ចំនួន​ពីរ​



រដ្ឋាភិបាល​វេណេហ្ស៊ូអេឡា​បាន ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​អំពី​ការដើរ​ក្បួន​តវ៉ា​ចំនួន​២​ដើម្បី​ប្រឆាំងនឹង​បាតុកម្ម​ដែល​បានគ្រោង​ទុក​មួយ​របស់​មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido​។​ បាតុកម្ម​តាម​ដងផ្លូវ​ដើម្បី​គាំទ្រ​លោក​ប្រធានាធិបតី Nicolas Maduro នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃទី​១​ខែឧសភា​ដែលជា​ទិវា​ពលកម្ម​។

​ព្រឹត្តិការណ៍​ថ្ងៃ​សៅរ៍​ក៏​នឹង​កត់សម្គាល់​អំពី​ការចាកចេញ​ជា​ផ្លូវការ​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ពី​អង្គការ​រដ្ឋ​អាមេរិក​ផងដែរ​ពោលគឺ​ពីរ​ឆ្នាំ​បន្ទាប់ពី​លោក Maduro បានសម្រេច​ចិត្ត​ចាក​ចេញពី​ប្លុក​នេះ​ដោយ​ចោទប្រកាន់ថា​វា​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​អន្តរាគមន៍​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។

​លោក Hector Rodriguez ដែលជា​មេដឹកនាំ​គណបក្ស United Socialist Party in Venezuela (PSUV) របស់លោក Maduro បាន​និយាយថា “​យើង​ចង់​កោះហៅ​សមាជិក​របស់​យើង​ឲ្យ​មក​ធ្វើបាតុកម្ម​ដ៏​ធំ​ចំនួន​ពីរ​”​។លោក​បាន​និយាយ​បន្ថែមទៀតថា “​យើង​ចង់​កោះហៅ​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ទាំងមូល​ឲ្យ​ប្រមូលផ្ដុំ​និង​អបអរសាទរ​ចំពោះ​ការចាកចេញ​ពី​តំបន់​នៃ​ការត្រួតត្រា​និង​ការគ្រប់គ្រង​របស់​សហ​រដ្ឋ​អាមេរិក​”​។

​សេចក្តីប្រកាស​របស់រ​ដ្ឋា​ភិ​បាល​បាន​ធ្វើឡើង​បី​ថ្ងៃ​បន្ទាប់ពី​លោក Guaido បានបង្ហាញ​ពី​ផែនការ​របស់លោក​សម្រាប់​ព្រឹត្តិការណ៍​អំឡុង​កាលបរិច្ឆេទ​ទាំងពីរ​នេះ​រួមទាំង​អ្វីដែល​លោក​បាន​និយាយថា​នឹង​ជា​បាតុកម្ម​ដ៏​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​ផងដែរ​នៅ​ថ្ងៃទី​១​ខែឧសភា​ដើម្បី​ទាមទារ​ឲ្យ​បញ្ចប់​ការដឹកនាំ​របស់លោក Maduro​។
​​គួរបញ្ជាក់​ជាថ្មី​ថា លោក Guaido អាយុ​៣៥​ឆ្នាំ​បាន​ហៅ​លោក Maduro ថា​ជា “​អ្នក​ដណ្តើម​អំណាច​ពី​គេ​” បន្ទាប់ពី​ការជាប់ឆ្នោត​ឡើងវិញ​ដ៏​ចម្រូងចម្រាស​របស់គាត់​កាលពី​ឆ្នាំមុន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu