Ad Code

ម៉ឺន សុភា ជួប តាក់ សិលា ប្រាន​២៦ ឯ ជ័រ ពៅ ជួប ផេ​ត ផូ​ស្រ៊ី នៅ​សង្វៀន​ស្ទឹងមានជ័យ​



ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់​កម្ពុជា គឺ​ម៉ឺន សុភា សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​តាក់ សិលា ប្រាន​២៦ (TuksilaPhran26) ហើយ​ជ័រ ពៅ អ្នក​ប្រដាល់​វ័យក្មេង​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ជួប​ជាមួយ​ផេ​ត ផូ​ស្រ៊ី (Petchphosri Site Chharngnu nuthumporn) នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃអាទិត្យ​ទី​២៨ ខែ​មេសា​ឆ្នាំ​២០១៩ នេះ​។

ម៉ឺន​សុភា និង តាក់ សិលា ប្រាន​២៦ ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម។ នេះ​ជា​លើក​ទី​៣ របស់​ម៉ឺន សុភា ដែល​បាន​បង្ហាញមុខ​លើស​ង្វៀន បន្ទាប់ពី​បាន​បាត់​មុខ​ពីស​ង្វៀន​ប្រមាណ​៤​ខែ​នោះ។ ការបង្ហាញ​មុខ​លើក​ទី​១ គេ​បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​កាំ​ឡៃ​ផេ​ត ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​២២​មីនា​២០១៩ លើក​ទី​២​សុភា បាន​បាន​ផ្តួល​ជើង​ខ្លាំង​ថៃ​ផុង សិរិ ឲ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២ នា​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​​២០១៩​កន្លងមក​នោះ។​

តាក់ សិលា ប្រាន​២៦ ដែលជា​គូប្រកួត​របស់​ម៉ឺន សុភា​លើក​នេះ បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង​នោះ​ថា ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​មួយរូប​ប្រចាំ​នៅក្នុង​ប្រទេស​ថៃ ប៉ុន្តែ​មិន​ដល់ ផុង សិរិ ទេ។​

តាក់ សិលា នេះ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៨៦​លើក ឈ្នះ​៦៨​លើក ចាញ់​១៦​និង ស្មើ​០២​លើក ។ តាម​កំណត់​នេះ គឺ​សមត្ថភាព​គេ​គួរសម​ដែរ តែបើ​ប្រៀបធៀប​ជាមួយ​ម៉ឺន សុភា គឺ​បទពិសោធន៍​របស់​គេ​ប្រហាក់ប្រហែល​នឹង​ម៉ឺន សុភា​ ដែរ។​

អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តងគត់ ដែល​គេ​ចាំបាន​ថា បាន​ប្រកួត​ឈ្នះ វង្ស ណ​យ ជើង​ខ្លាំង​របស់​កម្ពុជា ក្នុង​ទឹក​ទី​៥ កាលពី​ថ្ងៃទី​០២​ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅលើ​សង្វៀន​ស្ទឹង​មានជ័យ​នេះ។ តាក់ សិលា​នេះ គេ​វាយ​ខ្លាំង​ និង​មាន​ស្នៀត​ប្រដាល់​ល្អ។

យ៉ាងណា បើ​ប្រៀប​ជាមួយ​ម៉ឺន សុភា ពិបាក​ទស្សន៍ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​ណាស់ ព្រោះថា​ពួកគេ​ទាំងពីរ​មើលទៅ​ខ្លាំង​ដូចគ្នា​។ បើ​ធៀប​ជាមួយ​ប្រវត្តិ​និង​បទពិសោធន៍​ប្រកួត​របស់​ម៉ឺន សុភា ក៏​ប្រហាក់ប្រហែលគ្នា​ដែរ ដោយ​សុភា​មាន​កំណត់​ត្រា​ប្រកួត​ចំនួន​តែ​៨៩​លើក ក្នុងនោះ​ឈ្នះ​៧១​លើក ចាញ់​១៤​លើក និង​ស្មើ​០៤​លើក។​

ម៉ឺន សុភា ខ្លាំង​កណ្តាប់ដៃ ពិសេស​កណ្តាប់ដៃ​ឆ្វេង តែ​សុភា មិនអាច​ធ្វេសប្រហែស ​ឬ​មើលងាយ​តាក់ សិលា ប្រាន​២៦ បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​សាមញ្ញ​នោះទេ ព្រោះ​គេ​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​របស់​កម្ពុជា​គឺ​វង្ស ណ​យ រួចទៅហើយ​។ ទោះជា​យ៉ាងណា សុភា ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង​ម៉ឺន សុភា​ និង​តាក់ សិលា ប្រាន​ ២៦ នេះ? ។​

ចំពោះ ជ័រ ពៅ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ នៃ​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេស​ថៃ​ឈ្មោះ ផេ​ត ផូ​ស្រ៊ី (Petchphosri Site Chharngnunuth umporn)។ ជ័រ ពៅ គេ​ទើបតែ​ត្រូវបាន​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ថៃ​ជា​លើក​ទី​២​ប៉ុណ្ណោះ។​ កាលពី​លើក​ទី​១​ក្នុង​ឆ្នាំ​២០១៨ ជ័រ ពៅ បាន​ប្រកួត​ចាញ់​ថៃ លីង លុម (Ling Lom)​ដោយ​ពិន្ទុ។​

ផេ​ត ផូ​ស្រ៊ី គេ​ជា​អ្នក​ប្រដាល់​ដែល​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​យើង​ម្តង​ប៉ុណ្ណោះ​កាលពី​ថ្ងៃទី​០១​ ខែ​មីនា​ឆ្នាំ​២០១៩​កន្លងមកនេះ ដោយ​គេ​បាន​ប្រកួត​ស្មើ​ជាមួយ​ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ។ ដូចនេះ ជា​លើក​ទី​២​របស់​ផេ​ត ផូ​ស្រ៊ី ដែល​មក​ប្រកួត​នៅ​កម្ពុជា​នេះ។

យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ខ្លាំង​គួរសម​ដែរ។ ព្រោះ​មក​ប្រកួត​ជាមួយ​ប៊ុន​ហឿន​លើក​មុននេះ គឺ​គេ​វាយ​ល្អ​និង​ខ្លាំង ដែល​មិនអាច​មើលស្រាល​បានឡើយ។ ផេ​ត ផូ​ស្រ៊ី មានកំនត់​ត្រា​ប្រកួត​ចំនួន ៧៨ លើក ឈ្នះ​៥៥​លើក ចាញ់​២០​លើក និង​ស្មើ​០៣​លើក ហើយ​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ជាច្រើនលើក។​

ជ័រ ពៅ គេ​មាន​ប្រវត្តិ​ប្រកួត​តិចជាង​ថៃ​នោះទេ ។ ប៉ុន្តែ​គេ​មាន​កណ្តាប់ដៃ ​និង​កែង​ល្អ​ណាស់ តែ​យ៉ាង​ណា​ការ​ឈ្នះ​ចាញ់​រវាង​ជ័រ ពៅ និង ផេ​ត ផូ​ស្រ៊ី​នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះ​ទេ ?។ សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៧​ ខែ​មេសា ឆ្នាំ​​២០១៩ ជ័រ ពៅ បាន​ផ្ដួល​អ្នក​ប្រដាល់​រួម​ជាតិ​មាស សារ៉ាក់ ក្លិប​អាណាចក្រ​គុន​ខ្មែរ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ប៉ុណ្ណោះ។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ មាស សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ថត ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ ចំណែក បាង កា​និ​ត មកពី​ក្លិប​អាណាចក្រ​គុន​ខ្មែរ​ដែរនោះ ត្រូវ​ជួប​ប្រកួត​ជាមួយ សំអាត បារមី អ្នក​ប្រដាល់​ក្លិប​កុលបុត្រ​គុន​ខ្មែរ ក្នុង​ទម្ងន់​៥៧​គីឡូក្រាម៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu