Ad Code

ប្រទះឃើញ​វ៉ាលិស​នៅមុខ​ទូ​ដក​ប្រាក់​អេ​ធី​អឹម​មួយ ​បង្ក​ភាព​ភ្ញាក់ផ្អើល



កំពង់ចាម​ ៖ ​ប្រជាពលរដ្ឋ​​ ​និង​សមត្ថកិច្ច​ជាច្រើន​ បាន​ភ្ញាក់ផ្អើល​ ដោយ​ការ​ប្រទះឃើញ​វ៉ាលិស​មួយ​ទុកចោល​នៅមុខ​ទូ​​ដក​ប្រាក់​អេ​ធី​អឹម​ក្នុង​ក្រុង​កំពង់ចាម ដែល​គេ​សង្ស័យ​ថា​ ជា​ការ​ដាក់​គ្រាប់បែក​​​​ ធ្វើ​អោយ​សមត្ថកិច្ច​ជំនាញ​ជាច្រើន​មក​ស្រាវជ្រាវ រក​ការ​ពិត។

លោក​វរសេនីយ៍ទោ អ៊ឹង ប៊ុន អធិការ​នគរបាល ក្រុង​កំពង់ចាម​បាន​អោយដឹង​ថា នៅ​ថ្ងៃ​ទី​២៦​ខែ​មេសា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​២០​នាទី ​សមត្ថកិច្ច​យើង​បាន​ទទួល​ព័ត៌មាន​ពី​បុគ្គលិក​ធនាគារ ស្ថាបនា ថា​ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ យក​វ៉ាលិស​ពណ៌​ខ្មៅ​ចំនួន​០១ បើកចំហ​យក​​ផ្លុង​ ចោល​នៅក្នុង​បន្ទប់​ទូ អេ ធី អឹម ស្ថាបនា ខាងលិច​ដើម​ពោធិ៍​ផ្សារ​រាត្រី ស្ថិតក្នុង​ភូមិ​ទី​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។ ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លាម លោក អ៊ឹ​ង ប៊ុន អធិការ​​​នគរបាល​ក្រុង​កំពង់ចាម បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​ក្រុង និង​កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត​និង​ជំនាញ​ពាក់ព័ន្ធ ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ការពារ​និង​ស្រាវជ្រាវ ត្រួតពិនិត្យ​តាម​លក្ខ​ណៈ​បច្ចេកទេស។

ជាមួយគ្នានេះដែរ​លោក គួច ចំរើន ​អភិបាលខេត្ត​កំពង់ចាម​ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ ក៏មាន​វត្ត​មាននៅ​កន្លែងកើតហេតុ​ដើម្បី​ដឹកនាំ​បញ្ជា​ជំនាញ។

លោក​អធិការ​បន្តថា​ បន្ទាប់មក​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​អង្គភាព​កំចាត់មីន​កម្ពុជា ហៅ​កាត់​CMAC ដើម្បី​មក​ធ្វើការ​ត្រួតពិនិត្យ​តាម​ជំនាញ។

រហូតដល់​វេលា​ម៉ោង​១៧ និង​០០​នាទី អង្គភាព​កំចាត់មីន​កម្ពុជា​ហៅ​កាត់​CMAC បានមក​ដល់ ហើយ​បានធ្វើ​ការត្រួត​ពិនិត្យឃើញ​ថា​ក្នុង​វ៉ា​លិស និង បរិវេណ​ជុំ​វិញ​ទូ​ អេ​ធី​អឹម ទីតាំង​កន្លែង​ដាក់​វ៉ា​លិស​ខាងលើ ពុំមាន​គ្រឿង​បំផ្ទុះ​ឡើយ។​

អ្នកស្រី ស៊ីវ សុ​ដា​ឡែ​ន អាយុ​៣៣​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម និង​ឈ្មោះ​វ៉ាន់​ស្រី​ម៉ិច ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម មានមុខ​របរ បុគ្គលិក​ម៉ា​ត​សុជាតិ មាន​ទីតាំង​ជាប់​នឹង​ទូរ អេ ធី អឹម នោះដែរ បំភ្លឺ​ប្រហាក់ប្រហែលគ្នា អោយដឹងថា ៖ រូបភាព​វីដេអូ​ដែល​សមត្ថកិច្ច​យើង​បង្ហាញ​គាត់ គឺមាន​ភិនភាគ ពាក់អាវ​ក្រឡា​ការ៉ូ ពណ៌​ទឹក​ប៊ិ​ចលា​យស ពាក់មួក​ប៉េ​រ៉េ ពណ៌​ស​ស្លៀកខោ​ខ្មៅ​ជើងវែង គឺជា​ជន​ម្នាក់​ដែលជា​មនុស្ស​វិកល​ច​រិ​ត ហើយ​កន្លងមក​ជន​នោះ ជា​ញឹកញាប់ តែងតែ​យក​សម្ភារៈ​ខូចៗ ចានឆ្នាំង​បាក់បែក ឌុយ​សាក​ទូរស័ព្ទ​ខូចៗ និង​សំលៀកបំពាក់​ចាស់ៗ យកទៅ​ទុក​នៅក្នុង​ទូ​អេ​ធី​អឹម ហត្ថា​កសិករ ដែលមាន​ទីតាំង​ជាប់​គ្នា​ជាមួយ ទូ​ អេ ធី អឹម ស្ថាបនា។

ក្រោយពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​រួច​ទើប​ដឹងថា ​ជា​វ៉ាលិស​រហែក និង​ក្រដាសប្រាក់​សម្រាប់​សែន ឆេង ម៉េង​ទៅវិញ​។ ចំពោះ​ករណី​ខាងលើនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu