Ad Code

នាវាចម្បាំង​ពីរ​គ្រឿង​របស់​កងទ័ព​ជើង​ទឹក​អាមេរិក​ធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់



យោធា​សហរដ្ឋអាមេរិក​ បាន​និយាយថា ខ្លួន​បាន​បញ្ជូន​នាវាចម្បាំង​កងទ័ពជើងទឹក​ចំនួន​ពីរ​គ្រឿង​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ កាលពី​ថ្ងៃអាទិត្យ​ ស្រប​ពេលដែល​មន្ទីរ​បញ្ច​កោណ​ បាន​បង្កើន​ភាព​ញឹកញាប់​នៃ​ចលនា​តាមរយៈ​ផ្លូវ​ទឹកជា​យុទ្ធសាស្ត្រ​បើទោះបីជា​មានការ​ប្រឆាំង​ពី​ប្រទេស​ចិន​ក៏ដោយ។

ការធ្វើដំណើរ​នេះ​អាច​បង្កើន​ភាព​តានតឹង​ជាមួយ​ប្រទេស​ចិន​ប៉ុន្តែ​ទំនងជា​ត្រូវបាន​មើលឃើញ​ដោយ​កោះ​តៃវ៉ាន់​ថា​ជា​សញ្ញា​មួយ​នៃ​ការគាំទ្រ​ពី​រដ្ឋបាល​របស់លោក Trump ខណៈ​មានការ​ប៉ះទង្គិច​គ្នា​កាន់តែខ្លាំង​ឡើង​រវាង​ទីក្រុង​តៃប៉ិ​និង​ទីក្រុង​ប៉េកាំង​។​

កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​តានតឹង​រវាង​សហរដ្ឋអាមេរិក​និង​ចិន​ដែល​ក៏​រួមបញ្ចូល​ទាំង​សង្គ្រាម​ពាណិជ្ជកម្ម ការដាក់ទណ្ឌកម្ម​រប​ស់​សហរដ្ឋអាមេរិក​និង​ឥរិយាបទ​បង្ហាញ​សាច់ដុំ​កាន់តែខ្លាំង​ឡើង​របស់​កងទ័ព​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​

នាវា​ពិឃាដ​ទាំងពីរ​គ្រឿង​នេះ​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ថា​មានឈ្មោះ William P. Lawrence និង Stethem​។ ច្រក​សមុទ្រ​តៃវ៉ាន់​ប្រវែង​១៨០​គីឡូម៉ែត្រ​គឺ​ពុះ​ចែក​កោះ​តៃវ៉ាន់​ពី​ប្រទេស​ចិន​។​

លោក​មេបញ្ជាការ Clay Doss ដែលជា​អ្នកនាំពាក្យ​កង​នាវាចរ​ទី​៧​របស់​កងទ័ពជើងទឹក​អាមេរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការឆ្លងកាត់​របស់​នា​វា​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​តំបន់​ឥណ្ឌូចិន​ដោយ​សេរី​និង​បើកចំហ​”​។​

លោក Doss បាន​និយាយថា មិនមាន​អន្តរ​កម្ម​គ្មាន​សុវត្ថិភាព​ឬ​គ្មាន​វិជ្ជាជីវៈ​ជាមួយ​នាវា​របស់​ប្រទេស​ដទៃទៀត​ក្នុងអំឡុងពេល​ឆ្លងកាត់​នោះទេ​។​

ស្របពេល​ជាមួយគ្នា​នោះដែរ ក្រសួងការពារជាតិ​កោះ​តៃវ៉ាន់​បាន​និយាយថា នាវា​របស់​សហរដ្ឋអាមេរិក​បានធ្វើ​ដំណើរ​ឆ្លងកាត់​ភាគ​ខាងជើង​តាម​ច្រក​សមុទ្រ​នេះ​។​

ក្រសួង​បាន​និយាយថា កងកម្លាំងប្រដាប់អាវុធ​របស់​កោះ​តៃវ៉ាន់​បាន​ឃ្លាំមើល​ការឆ្លងកាត់​នេះហើយ​គ្មាន រឿង​ខុសប្លែក​ពី​ធម្មតា​បានកើត​ឡើង​ក្នុងអំឡុងពេល​នោះទេ​។​

ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​សេចក្តីអធិប្បាយ​ភ្លាមៗ​ពី​ប្រទេស​ចិន​ឡើយ​។​
​គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក​មិនមាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​ទេ​ប៉ុន្តែ​ត្រូវបាន​ចងភ្ជាប់​ដោយ​ច្បាប់​ដើម្បី​ជួយផ្តល់​ឲ្យ​កោះ​នេះ​នូវ​មធ្យោបាយ​ដើម្បី​ការពារ​ខ្លួន​និង​ជា​ប្រភព​អាវុធ​ដ៏​សំខាន់​របស់ខ្លួន​។​

មន្ទីរ​បញ្ច​កោណ​និយាយថា ក្រុង​វ៉ាស៊ីនតោន​បាន​លក់​អាវុធ​ឲ្យ​ក្រុង​តៃប៉ិ​គិត​ជា​ទឹកប្រាក់​ជាង​១៥​ពាន់​លាន​ដុល្លារ​ចាប់តាំងពី​ឆ្នាំ​២០១០​មក​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu