Ad Code

ជនជាតិ​ជប៉ុន និង អង់គ្លេស​៣​នាក់ ត្រូវ​តុលាការ ចោទ​ប្រកាន់ ពីបទ​ឆបោក រឿង​ចូល​គ្រប់គ្រង និង​បង្អាក់​សកម្មភាព​ក្រុមហ៊ុន​ដោយ​ខុសច្បាប់​



​ភ្នំពេញ ​៖ អយ្យការ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មី​នេះ​ បានសម្រេច​ចោទប្រកាន់ ទៅ​លើ​ជនជាតិ​ជប៉ុន​ពីររូប និង ​ជនជាតិ អង់គ្លេស​មួយរូប ដែល​ជាប់​ពាក់ព័ន្ធ និង លួច​ឃុបឃិត ចូលទៅ​គ្រប់គ្រង និង​បង្អាក់​សកម្មភាព ក្រុមហ៊ុន​POH (Pacific Opportunities Holdings S.a.r.l) និង ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត​ ដែល​ជា​បុត្រ​សម្ព័ន្ធ ដោយ​ខុសច្បាប់ តាម​មាត្រា ៣៧៧​ និង​៣៧៨ នៃ​ក្រម ព្រហ្ម​ទណ្ឌ​។​

តាម​សេចក្ដីរាយការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៩ កន្លងមកនេះ បាន​សម្រេច​ចោទប្រកាន់​ទៅលើ ជន​ជាតិ ជប៉ុន ចំនួន​២​រូប និង​ជនជាតិ​អង់គ្លេស ពីបទ​ឆបោក ដែល​បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ឆ្នាំ​២០១៨។ ជនជាប់ចោទ ទី១-ឈ្មោះ Fujisawa Nobuyoshi ភេទ​ប្រុស ជនជាតិ​ជប៉ុន កាន់​លិខិតឆ្លងដែន លេខ TR 2924742 (​ជា​មេខ្លោង​)។ ទី​២-ឈ្មោះ Nobiru Adachi ភេទ​ប្រុស ​អាយុ ៥៧​ឆ្នាំ ជនជាតិ​ជប៉ុន កាន់​លិខិតឆ្លងដែន​លេខ TR 6153584 (​ជា​អ្នកច្បាប់​)។​ និង​ទី​៣-ឈ្មោះ Gwynn David Nevill Hopkins ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ 53872269(​ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន Saronic Holdings Ltd ) អ្នក​ទាំង​បី​ ស្នាក់នៅ​ មាន​អាស័យដ្ឋាន នៅ​28a block 2 sceneliff .33 conduit Road , Mid-levels ,hongkong.​។​

​ប្រភព​ដដែល​បន្តថា ដែល​អយ្យការ សម្រេច​ចោទប្រកាន់​ជនជាតិ​ជប៉ុន​ទាំងពីរ និង​ ជនជាតិ អង់​គ្លេស មួយ​នាក់​នេះ​ គឺ​ធ្វើឡើង ក្រោយពី​តុលាការ រកឃើញ​ថា កាលពី​អំឡុង ឆ្នាំ​២០១៨ កន្លងទៅ នៅ​រាជធានី​ភ្នំពេញ ជនសង្ស័យ ឈ្មោះ ទេព រិទ្ធី​វិ​ទ្ធ ដែល​ជា​អ្នក​ឈរ​ឈ្មោះ​ឲ្យ​ក្រុមហ៊ុន​ជា​អតីត​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន POH សហការ ឃុបឃិត ដោយបាន​លួច​លក់ ក្រុមហ៊ុន POH (Pacific Opportunities Holdings S.a.r.l) និង​ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត ដែលជា​បុត្រ​សម្ព័ន្ធ មាន ក្រុម​ហ៊ុន Cougar Pacific Pte Ltd. និង​ក្រុមហ៊ុន Kuga Reflorestamento Ltda ទៅ​ឲ្យ ក្រុមហ៊ុន Saronic Holdings Ltd ដែល​បង្កើត និង​ក្រុម​គ្រង​ដោយ ជនជាតិ ជប៉ុន ឈ្មោះ Fujisawa Nobuyoshi ដែលជា​មេខ្លោង និង​ជា​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន JTRUST ASIA PTE LTD និង​ក្រុមហ៊ុន JTRUST CO. LTD នៅ​ប្រទេស ជប៉ុន ហើយ​ជន​ទាំង​បី​រូប​ខាងលើ និង​ ឈ្មោះ ទេព រិទ្ធី​វិ​ទ្ធ បាន​សហការ​គ្នា ចូល​ទៅ​គ្រប់គ្រង និង​បង្អាក់​សកម្មភាព ក្រុមហ៊ុន បុត្រ​សម្ព័ន្ធ ខាតបង់​ផល​ប្រយោជន៍​យ៉ាង​ធ្ងន់ធ្ងរ​។​

​ប្រភព​ដដែល​បញ្ជាក់ថា ក្រោយពី​ពិនិត្យ​ឯកសារ និង​តម្រុយ នានា អយ្យការ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់ ជនជាតិ​ប៉ុន ៣​នាក់ ១.ឈ្មោះ Fujisawa Nobuyoshi ។ ទី​២.ឈ្មោះ Nobiru Adachi និង​ទី​៣.ឈ្មោះ Gwynn David Nevill Hopkins ពីបទ​ឆបោក ប្រព្រឹត្ត​កាលពី​អំឡុង ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ បទល្មើស ព្រហ្មទណ្ឌ ដែល​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស តាម​បញ្ញត្តិ មាត្រា ៣៧៧ និង​៣៧៨ ក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាច​ត្រូវ​ផ្ដន្ទាទោស ពី​៦​ខែ ​ទៅ​៣​ឆ្នាំ ពិន័យ​ពី ១​លាន​រៀល​ ទៅ​៦​លាន​រៀល និង​សង​ថ្លៃ​ខូចខាត ទៅ​ឲ្យ​ជនរងគ្រោះ។

ជាមួយគ្នានេះ អយ្យការ ក៏បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ដាក់​ជន​ទាំងបី​ឲ្យ​ស្ថិតនៅក្រោម ផ្លូវ​តុលាការ និង​ស្នើ​សុំ​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការឃុំខ្លួន​បណ្ដោះអាសន្ន លើ​ឈ្មោះ​ខាង​លើ​ ដើម្បី​បង្ក ឬ​បញ្ចប់​បទ​ល្មើស កុំ​ឲ្យ​កើតឡើង​ជាថ្មី និង​ធានា រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​

​តាម​ដើមចម នៃ​រឿងនេះ ដំបូង​ថៅកែ​ជនជាតិ​ជប៉ុន បាន​ឲ្យ លោក​ ទេព រិទ្ធី វិ​ទ្ធ ឈរ​ឈ្មោះ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មាន​ភាគហ៊ុន​មួយរយ​ភាគរយ ​នៃ​ក្រុមហ៊ុន​POH (Pacific Opportunities Holdings S.a.r.l) មាន​ប្រាក់ខែ ចំនួន​១២.០០០​ដុល្លារ​អាមេរិក ​ក្នុង​មួយខែ ​ពោល​គឺ​បានន័យថា​លោក​ទេព រិ​ទ្ធិ​វិ​ទ្ធ គឺជា​មនុស្ស​ដែល​ក្រុមហ៊ុន​បាន​ជួល​មកឲ្យ​​ធ្វើការ ​ដោយមាន​ភ្ជាប់​នឹង​កិច្ច​សន្យា​ច្បាស់​លាស់ ​ប៉ុណ្ណោះ ពោលគឺ​លោក​មិនមាន​សិទ្ធិ​លក់​ភាគហ៊ុន​នេះ​បានទេ​។ ក្រោយមក លោក​ ទេព រិ​ទ្ធិ​វិ​ទ្ធ បាន ឃុបឃិត​ជាមួយ​ជនជាតិ​ជប៉ុន​ទាំងពីរ និង​ ជនជាតិ អង់គ្លេស​ខាងលើ លួច​លក់​ក្រុមហ៊ុន POH (Pacific Opportunities Holdings S.a.r.l) និង​ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត ដែលជា​បុត្រ​សម្ព័ន្ធ មាន ក្រុមហ៊ុន Cougar Pacific Pte Ltd. និង​ក្រុមហ៊ុន Kuga Reflorestamento Ltda ទៅ​ឲ្យ​ក្រុមហ៊ុន Saronic Holdings Ltd ដែល​បង្កើត និង​ក្រុម​គ្រង​ដោយ ជនជាតិ​ជប៉ុន ឈ្មោះ Fujisawa Nobuyoshi, Nobiru Adachi, និង​ ជនជាតិ អង់គ្លេស​ឈ្មោះ Gwynn David Nevill Hopkins។​

​ករណីនេះ កន្លង​មក ថៅកែ​បាន​ព្យាយាម​អញ្ជើញ លោក​ ទេព រិ​ទ្ធិ​វិ​ទ្ធ ដែល​បាន​លួច​លក់​ភាគហ៊ុន​មួយរយ​ភាគរយ​ នៃ​ក្រុមហ៊ុន​POH ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ ប៉ុន្តែ​ជន​នោះ​ពុំបាន​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ឡើយ​។​ ក្រោយមក តុលាការ ក៏បាន​ចោទប្រកាន់​ លោក​ ទេព រិ​ទ្ធិ​វិ​ទ្ធ ពី​បទ​រំលោភ​ទំនុកចិត្ត ដោយ​អភិបាល និង បទ​លួច​លក់​ភាគហ៊ុន​ក្រុមហ៊ុន បច្ចុប្បន្ន កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស។​

​ជុំវិញ​ករណី​នេះ ជនរងគ្រោះ​ ជា​អ្នក​វិនិយោគ​ជនជាតិ​ជប៉ុន សង្ឃឹម​ថា តុលាការ នឹង​ផ្តល់​ភាព យុត្តិ​ធម៌​ដល់​ពួកគាត់ ដើម្បី​ផ្តល់​កម្លាំង​ចិត្ត និង​គាំទ្រ ដល់​អ្ន​កវិនិយោគ​ជប៉ុន ដែល​មក​វិនិយោគ នៅ​កម្ពុជា ករណីនេះ​ ប្រសិនបើ​អ្នកប្រព្រឹត្ត បែរ​ជា​រួចខ្លួន ក្រៅ​សំណាញ់​ច្បាប់ អ្នក​វិនិយោគ​ជប៉ុន ក៏​ដូចជា​អ្នកវិនិយោគ​ដទៃទៀត អាច​នឹង​ខ្លាចរអា ក្នុង​ការ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu