Ad Code

អគារសិក្សា​ ដែលជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន ជិត​១៦០​បន្ទប់​ នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​



​ភ្នំពេញ ​៖ អគារ​សិក្សា​ដែល​ជា​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល​ជប៉ុន ក្នុង​គម្រោង​ពង្រីក​សាលា​មធ្យម​សិក្សា នៅ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន​៨​ខ្នង ស្មើនឹង​១៥៧​បន្ទប់ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ហើយ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស​បាន​ចូល​សិក្សា​។​

ពិធី​នេះ​បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ នៅក្នុង​ទីតាំង​វិទ្យាល័យ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ក្រោម​វត្តមាន​ លោក ឃូ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ លោក ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា និង​មានការ​ចូលរួម​ពី ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ ជាច្រើន​នាក់​ទៀត​។

ប្រធាន​មន្ទីរអប់រំ យុវជន និង ​កីឡា រាជធានី​ភ្នំពេញ លោក ហែម ស៊ីណា​រ៉េត បាន​ឲ្យ​ដឹង​ថា សម្រាប់​វិស័យ​អប់រំ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ចន្លោះ​ឆ្នាំ​២០០៥​ ដល់​២០១៥ បាន​ទទួល​ហិរញ្ញប្បទាន​ពី​រាជរដ្ឋា​ភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ ចៃ​កា នូវ​អគារសិក្សា​សម្រាប់​បឋម​សិក្សា ដែល​មាន​កម្ពស់​ចាប់ពី​៣​ដល់​៥​ជាន់​ចំនួន​៣​លើក មាន​១៨​ខ្នង ស្មើ​៣២០​បន្ទប់ នៅ​សាលា​បឋម​សិក្សា​១៨​សាលា ដោយ​គម្រោង​នេះ គ្រប់គ្រង​អនុវត្ត​ដោយ​ភាគី​ជប៉ុន​។ ដោយឡែក ​ស្ថានទូត​ជប៉ុន ​ប្រចាំ​កម្ពុជា បាន​ផ្តល់​ជំនួយ​ឥតសំណង នៃ​គម្រោងការ​ទ្រង់ទ្រាយ​តូច សន្តិសុខ​មនុស្សជាតិ ( គូ​សាណូ​ណិ​) ដើម្បី​គាំទ្រ​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​រាជធានី​ភ្នំពេញ មាន​អគារ​សិក្សា​៧​ខ្នង​៤៦​បន្ទប់​។ ក្រោយមក ​ក៏​មាន​ការ​ណែនាំ​ពី​Jica ឲ្យ​ស្នើសុំ​សាងសង់​អគារសិក្សា ដែល​មាន​កម្ពស់ ចាប់ពី​៣​ ដល់​៥​ជាន់ ទៅ​រាជ​រដ្ឋា​ភិបាល​ជប៉ុន សម្រាប់​មធ្យមសិក្សា នៅ​រាជធានី​។ សំណើ​នេះ ក៏​ត្រូវ​បាន​ភាគី​ជប៉ុន យល់ព្រម និង​ផ្តល់​ជូន​ជា​ហូរហែ​។​

លោក​បញ្ជាក់​ថា បន្ទាប់ពី​បញ្ចប់​គម្រោង​សាងសង់​អគារសិក្សា​៨​ខ្នង​នេះ នៅសល់​ថវិកា​ខ្លះ​ត្រូវ​បាន​ភាគី​ជប៉ុន​អនុញ្ញាត​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រើប្រាស់​រៀបចំ​បណ្ណាល័យ​ជួសជុល​បន្ទប់រៀន រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ បំពាក់​សង្ហា​រឹម និង​ការថែទាំ​នានា​ក្នុង​សាលា​។​

លោក​ ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ជប៉ុន និង​ក្នុង​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិ ការ​រវាង​សាលា​រាជធានី​ភ្នំពេញ និង​ស្ថានទូត​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ Jica ប្រចាំ​កម្ពុជា បាន​ផ្តល់​នូវ​ជំនួយ​អភិវឌ្ឍន៍ ផ្លូវការ ដែល​មាន​ជំនួយ​ឥត​សំណង និង​កម្ចី​ឥណទាន​ជាច្រើន ក្នុង​នោះ​សម្រាប់​រាជធានី​ភ្នំពេញ ចាប់ពី​ឆ្នាំ​១៩៩៨​មក ជប៉ុន​បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​លើ​គម្រោង​ធំៗ​ជាច្រើន។ ជាក់ស្តែង អគារសិក្សា​០៨​ខ្នង នៅ​អនុវិទ្យាល័យ និង​វិទ្យាល័យ​ចំនួន​៨ ដែល​ជា​ជំនួយ​ឥតសំណង ក្នុង​គ្រោង​ពង្រីក​សាលា​មធ្យមសិក្សា​នៅ​រាជធានី​ភ្នំពេញ ដែល​ជា​សក្ខីភាព​បញ្ជាក់​ពី​ការ​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​ កិច្ច​សហ​ប្រតិបត្តិការ រវាង​រាជរដ្ឋាភិបាល និង​ប្រជាជន​ នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​ជោគជ័យ​ថ្មី​មួយទៀត របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​នយោបាយ កំណែទម្រង់ ស៊ីជម្រៅ​លើ​វិស័យ​អប់រំ តាមរយៈ​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​អប់រំ ដើម្បី​កសាង និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ឲ្យ​មាន​គុណភាព សុជីវធម៌ និង​គុណធម៌ សំដៅ​ឆ្លើយតប​ទៅ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ព្រោះ​ការ​ផ្តល់​សេវា​អប់រំ ប្រកបដោយ​វិជ្ជាជីវៈ និង​ គណនេយ្យភាព ជា​មូលដ្ឋាន គឺជា​បុព្វហេតុ​សម្រាប់​កសាង​សង្គម​មួយ​ប្រកបដោយ និរន្តរភាព ទាំង​ក្នុង​ក្របខ័ណ្ឌ​ថ្នាក់​ជាតិ ទ្វេភាគី សហគមន៍​អាស៊ាន និង​ពិភពលោក​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu