Ad Code

ប្រជាកសិករ​ ជួប​ការ​លំបាក​ក្នុង​ជីវភាព ព្រោះតែ​តម្លៃ​ស្រូវប្រាំង​ចុះថោក សំណូមពរ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​ទីផ្សារ​ឲ្យ​គាត់​ផង



កំពង់ឆ្នាំង​ ៖​ ប្រជាកសិករ នៅ​ចំណុច​មាត់​កំពង់​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ កំពុង​ប្រមូល​ផល​ស្រូវប្រាំង​លក់​ឲ្យ​ឈ្មួញ បាន​និយាយ​ឲ្យ​ដឹង​ថា ឆ្នាំនេះ​ស្រូវប្រាំង​ពួកគាត់​លក់​បាន​ថោក ដែល​ធ្វើ​ឲ្យ​​​​​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ ដោយ​ពួកគាត់​មិន​ដឹង​ពី​មូលហេតុ​ ដែល​នាំ​ឲ្យ​ស្រូវ​គាត់​ចុះថោក​នេះ​ឡើយ ដោយ​សុំ​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​សូម​មេត្តា​ជួយ​រក​ទីផ្សារ​លក់​ស្រូវ​បាន​ថ្លៃ​ជាង​នេះ​ជូន​ពួកគាត់​ផង។

លោកស្រី សោម ភា​រុន ជា​ប្រជាកសិករ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​មេសា​នេះ​ ដែល​កំពុង​ជួល​អ្នកភូមិ​ជញ្ជូន​ស្រូវ​ចេញពី​កាណូត​ទុក​លើគោក​នៅ​មាត់​កំពង់​ទឹក​ភូមិ​សេះ​ស្លាប់ ដើម្បី​យក​លក់​ទៅ​ឲ្យ​ឈ្មួញ​បាន​និយាយ​ត្អូញត្អែរ​ថា ពួកគាត់​មាន​ទីលំនៅ​ភូមិ​អូរ​រំចេក ឃុំ​ចក ស្រុក​បរិបូណ៌ មាន​ដីស្រែប្រាំង នៅ​ចំណុច​វាលភក់ ក្នុងភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ៤-៥​ហិកតា ពេល​ប្រមូល​ផល​ស្រូវ​ជា​រៀងរាល់ឆ្នាំ​ត្រូវ​លក់​ឲ្យ​ឈ្មួញ​ដើម្បី​បាន​ចំណេញ​ខ្លះ​ផ្គង់​ផ្គង់​ជីវភាព​ក្នុង​គ្រួសារ។ ប៉ុន្តែ​ឆ្នាំនេះ ​មិន​ដឹង​មកពី​មូលហេតុ​អី​ទេ ស្រូវ​ចុះថោក​លក់​បាន​ត្រឹម តែ​៧២០​រៀល ក្នុង​១​គីឡូក្រាម តែប៉ុណ្ណោះ ខុស​ពី​បណ្ដា​ឆ្នាំ​មុនៗ គឺ​លក់​បាន​ពី​៩០០​រៀល ទៅ​១​ពាន់​រៀល ក្នុង​១​គីឡូក្រាម។ ចំពោះ​ស្រូវ​ថោក​បែប​នេះ ​បាន​ធ្វើ​ឲ្យ​ខាត​បង់​ប្រាក់ចំណូល និង​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ។ ព្រោះថា ពេល​លក់​ស្រូវ​បានតែ​៩០០​រៀល​ ក្នុង​១​គីឡូក្រាម គាត់​យក​មក​ទូទាត់​ថ្លៃ​ជី ថ្លៃ​ប្រេង​បូម​ទឹក​ដាក់​ស្រែ និង​ថ្លៃ​ពូជ គឺ​នៅ​មិន​សល់​ប្រាក់​ចំណេញ​ឡើយ។

ហេតុនេះ ពួកគាត់​សូម​សំណូមពរ ដល់​អាជ្ញាធរ​ខេត្ត ស្ថាប័ន​ពាក់ព័ន្ធ​ មេត្តា​ជួយ​រក​ទីផ្សារ​លក់​ស្រូវ​ឲ្យ​ប្រជាកសិករ​ផង គឺ​បាន​ត្រឹម​៩០០​រៀល ​ក្នុង​មួយ​គីឡូក្រាម ក៏បាន​ដែរ។

ទាក់ទង​នឹង​រឿង​នេះ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​ នេសាទ ខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ស្រូវប្រាំង​ឆ្នាំនេះ​មានតម្លៃ​ចាប់ពី​៧០០​រៀល ដល់​ជិត​៩០០​រៀល ក្នុង​១​គីឡូ​ក្រាម ទៅតាម​ប្រភេទ​ស្រូវ​សើម ​ឬ​ស្ងួត សម្រាប់​ខេត្ត​កំពង់ឆ្នាំង ​គឺ​ស្រូវ​មានតម្លៃ​ខ្ពស់​ជាង​បណ្ដា​ខេត្ត​នានា ដែល​ខេត្ត​ខ្លះ​មានតម្លៃ​ក្រោម​៧០០ ​ក្នុង​១​គីឡូក្រាម​ទៀត​ផង។ ព្រោះថា តម្លៃ​ស្រូវ​អាច​នឹង​ខុស​គ្នា​ខ្លះ ដោយ​យោង​ទៅ​លើ​ស្ថានភាព​ភូមិសាស្ត្រ ដឹកជញ្ជូន​ឆ្ងាយ​ជិត ឬ​ផ្លូវ​លំបាក​ក្នុង​ការ​ដឹកជញ្ជូន។

ដូច្នេះ​ ចំពោះ​ស្រូវ​មានតម្លៃ​៧២០​រៀល នៅ​ក្នុង​ភូមិ​សេះ​ស្លាប់ មិន​ថោក​ទេ គឺ​ សមរម្យ​តាម​តម្លៃ​ហាង​ឆេង​នៅលើ​ទីផ្សារ​បច្ចុប្បន្ន​ហើយ។

ដោយឡែក លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹងទៀតថា​ ទិន្នផល​ស្រូវ​ប្រាំង ​និង​វស្សា ក្នុង​ឆ្នាំ​២០១៨ -២០១៩​នេះ ប្រជាកសិករ​នៅ​ក្នុង​ខេត្ត ប្រមូល​ផល​បាន​ជាង​៥០​ម៉ឺន​តោន កាត់​ទុក​ពូជ​ និង​ហូប​ គឺ​ស្រូវ​អាច​សល់​ជាង​៣០​ម៉ឺន​តោន ដើម្បី​ធ្វើ​ការ​លក់​ចេញ​ក្រៅ​ខេត្ត​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu