Ad Code

៣​ដើមឆ្នាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួលបាន​ចំណូល​ជាង ២​លាន​ដុល្លារ ពី​ព្រៃឈើ​



ភ្នំពេញ​ ៖ ចាប់ពី​ខែមករា ដល់​ខែមីនា ចំណូល​ពី​ថ្លៃ​សួយ​សារ​ផល អនុផល​ព្រៃឈើ សរុប​មាន​ចំនួន ៩៣០៤៧៦៩២៩០ រៀល ( ស្មើ​ប្រមាណ ២៣២៦១៩២ ដុល្លារ ) និង ៦៩ ២៨១ ដុល្លារ ដែល​សរុបទៅ ចំណូល​ពី​ព្រៃឈើ រយៈពេល ៣​ខែ ដើមឆ្នាំ​២០១៩​នេះ ស្មើ​ប្រមាណ ២៣៩៥៤៧៣ ដុល្លារ​។​នេះ​បើ​យោងតាម របាយការណ៍​ថ្មី​បំផុត​មួយ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបង្ហាញ សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០១៩។

​របាយ​ការ​ណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា ក្រៅពី​ចំណូល​ពី​ព្រៃឈើ នៅ​ត្រីមាស​ទី​១ ឆ្នាំ២០១៩ របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​បង្ហាញ​ពី​ការងារ​ដាំ​ដើមឈើ​លើ​ផ្ទៃដី​ទំហំ ១៥២ ហ​.​ត និង​បណ្តុះ​កូនឈើ បាន​ចំនួន ១០១៥០០​ដើម ក្នុង​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​អន្លង់​ថ្ម ខេត្តកំពង់ធំ ព្រមទាំង​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​អូរ​ថ្ម ខេត្ត​ព្រះសីហនុ​។ ក្រៅពីនោះ ក្រសួង​ក៏បាន​បណ្តុះ​កូនឈើ​គ្រប់​ប្រភេទ ចំនួន ១១៧៨៣៧ ដើម ប្រគេន​កូនឈើ​ជូន​ព្រះសង្ឃ និង​ចែក​ប្រជាពលរដ្ឋ សរុប​ចំនួន ២៣៤៤១ ដើម​។



នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ប្រកាស​ថា មាន​សំណុំរឿង​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​ការ​កាប់​រាន​ដី​ព្រៃ សរុប​ចំនួន ១៩៥ ករណី ដោយ​ពិន័យ​អន្តរកាល ចំនួន ១១៧ ករណី និង​បញ្ជូន​ទៅ​តុលាការ ចំនួន ៧៨ ករណី​។ ​ចំពោះ​វត្ថុ​តាង នៃ​បទល្មើស​ព្រៃឈើ បាន​ចាប់​ឃាត់ និង​ដកហូត ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​នេះ ត្រូវ​បាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​ថា មាន​ឈើមូល​-​ជ្រុង សរុប​ចំនួន ៩៦ ម៉ែត្រគូប ឈើ​អារ ចំនួន ៣៤២ ម៉ែត្រគូប គ្រាក់​ក្រញូង ចំនួន ២​ម៉ែត្រគូប សត្វព្រៃ​ចម្រុះ​ប្រភេទ ចំនួន ១៤៦៧ ក្បាល និង​ទម្ងន់ ៨០ គ​.​ក្រ និង​សំណុំរឿង​កាន់​រាន​ដីព្រៃ ចំនួន ៦​ករណី មាន​ដីព្រៃ​ចំនួន ២២៦ ហ​.​ត ត្រូវបាន​បញ្ជូនទៅ​តុលាការ​។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ប្រកាស​ថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ នេះ មាន​ក្រុមហ៊ុន ចំនួន​៥ បាន​ធ្វើ​ការនាំចេញ​ផលិតផល​គ្រឿង​សង្ហារិម និង​រាន​ទេវតា​ពី​ឈើ​នាំចូល និង​ឈើ​អារ​កែច្នៃ ទៅ​ក្រៅប្រទេស មាន​ចំនួន ២៩៨ ម៉ែត្រគូប និង​ផលិតផល​ជ័រទឹក ចំនួន ៥៦​តោន​។ ក្រៅ​ពី​នេះ ក្រសួង បាន​ផ្តល់​ទិដ្ឋាការ​អាជ្ញាប័ណ្ណ​នាំចេញ ចំនួន ៣​ក្រុមហ៊ុន មាន​ផលិតផល​ឈើ​កែច្នៃ ចំនួន ៧០​ម៉ែត្រគូប និង​ផលិតផល​ជ័រទឹក ចំនួន ៩០​តោន ព្រម​តាំង​ផ្តល់​ទិដ្ឋាការ​អាជ្ញាប័ណ្ណ​នាំចូល​ផល អនុផល​ព្រៃឈើ ចំនួន ២​ក្រុមហ៊ុន ដែល​មាន​ឈើ​កែច្នៃ ចំនួន​៤១២​ម៉ែត្រគូប​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu