Ad Code

ភ្នាក់ងារ​រុស្ស៊ី​ឈ្មោះ Maria Butina ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១៨​ខែ​នៅ​សហរដ្ឋអាមេរិក



អ្នកស្រី Maria Butina ដែលជា​ជនជាតិ​រុស្ស៊ី​តែ​ម្នាក់​គត់​ ដែល​ត្រូវបាន​ចាប់ខ្លួន​និង​ផ្តន្ទាទោស​ក្នុងការ​ស៊ើបអង្កេត​រយៈ​ពេល​៣​ឆ្នាំ​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​នយោបាយ​សហរដ្ឋអាមេរិក​គឺ​ត្រូវបាន​ផ្តន្ទាទោស​កាលពី​ថ្ងៃ​សុក្រ​ឲ្យ​ជាប់ពន្ធនាគារ​រហូតដល់​ទៅ​១៨​ខែ។

ក្នុងនាម​ជា​មេដឹកនាំ​ក្រុម​សិទ្ធិ​កាំភ្លើង​ដ៏​តូច​មួយ​របស់​រុស្ស៊ី​, ស្ត្រី​ដើមកំណើត​ស៊ី​បេ​រី​អាយុ​៣០​ឆ្នាំ​រូបនេះ​បាន​ប្រើ​ទំនាក់ទំនង​របស់​នាង​ជាមួយ​សមាគម​កាំភ្លើង​ជាតិ​ដើម្បី​កសាង​បណ្តាញ​ទំនាក់ទំនង​គណបក្ស​សាធារណរដ្ឋ​ដ៏​មាន​ឥទ្ធិពល​មួយ​។​

នាង​បាន​សារភាពថា​មានការ​ឃុបឃិត​ដើម្បី​ធ្វើ​សកម្មភាព​ក្នុងនាម​ជា​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​បរទេស​ដោយ​គ្មាន​ការចុះបញ្ជី​។​

រដ្ឋអាជ្ញា​បាន​និយាយថា ថ្វីបើ​នាង​ធ្វើការ​ដោយ​បើកចំហ​ហើយ​មិន​ត្រូវបាន​ចងភ្ជាប់​ជាមួយ​ទីភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​ក៏ដោយ​ប៉ុន្តែ​នាង​បាន​បញ្ជូន​របាយការណ៍​ទៅ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​ជាន់ខ្ពស់​ហើយ​បាន​បង្ក​ជាការ​គំរាមកំហែង​ដល់​សហរដ្ឋអាមេរិក​។​

នាង​បាន​ប្រាប់​តុលាការ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​មុនពេល​ការកាត់ទោស​របស់​នាង​ត្រូវបាន​ប្រកាសថា “​ខ្ញុំ​សុំ​អភ័យទោស​។ ខ្ញុំ​មិនមែនជា​មនុស្ស​អាក្រក់​ដូចដែល​បានបង្ហាញ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះទេ​”​។​

នាង​បាន​ប្រាប់​តុលាការ​ថា នាង​គ្រាន់តែ​ចង់​ធ្វើ​ការងារ​ដើម្បី​នាំ​ឲ្យ​ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​ល្អ​ជាង​មុន​ប៉ុណ្ណោះ​ហើយនឹង​ចុះឈ្មោះ​ជា​ភ្នាក់ងារ​បរទេស​ប្រសិនបើ​នាង​ដឹងថា​វា​ត្រូវបាន​តម្រូវ​ដោយ​ច្បាប់​។​

ស្របពេល​ជាមួយគ្នា​នោះ ក្រុង​មូ​ស្គូ​បាន​សម្តែង​ការខឹង​សម្បា​ចំពោះ​ការធ្វើ​ដាក់​នាង Butina ហើយនឹង​ធ្វើការ​និរទេស​នៅពេលដែល​នាង​ត្រូវបាន​ដោះលែង​។​

ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការចោទប្រកាន់​លើ​នាង​ដែលមាន​ចេតនា​ដាក់​ឥទ្ធិពល​លើ​ដំណើរការ​នយោបាយ​ផ្ទៃក្នុង​នៅ​សហរដ្ឋអាមេរិក​គឺ​ត្រូវបាន​រៀបចំឡើង​និង​ប្រឌិត​ឡើង​ទាំងស្រុង​។ ជនរួមជាតិ​របស់​យើង​ត្រូវបាន​គេ​ថ្កោលទោស​ដោយសារតែ​នាង​ជា​ពលរដ្ឋ​រុស្ស៊ី​”​។​
​ករណី​របស់ Butina បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​រវាង​ទីក្រុង​មូ​ស្គូ​និង​វ៉ាស៊ីនតោន​អំពី​អ្វីដែល​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​និយាយថា​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ចារកម្ម​រុស្ស៊ី​ដើម្បី​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​ដោយ​ប្រើការ Hack និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ជួយ​លោក​ប្រធានាធិបតី Donald Trump ឲ្យ​ឈ្នះឆ្នោត​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu