Ad Code

តុលាការ​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​ បដិសេធ​បណ្ដឹង​ឧទ្ធរណ៍​ចុងក្រោយ​ របស់​អ្នកកាសែត Reuters



តុលាការ​ជាន់ខ្ពស់​មី​យ៉ាន់ម៉ា​នៅ​ថ្ងៃ​អង្គារ​ បាន​ច្រានចោល​ការ​ប្ដឹង​ឧទ្ធរណ៍​របស់​អ្នកយកព័ត៌មាន Reuters ពីរ​នាក់ ​ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ​ពី បទ​រំលោភច្បាប់​អាថ៌កំបាំង​ផ្លូវការ​នៅក្នុង​រឿងក្ដី​ដ៏​សំខាន់​មួយ​ដែល​បានលើកឡើង​នូវ​សំណួរ​អំពី​ការផ្លាស់ប្តូរ​របស់​ប្រទេស​នេះ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​។

​ចៅក្រម​តុលាការ​កំពូល​លោក Soe Naing បាន​ប្រាប់​តុលាការ​នៅក្នុង​រដ្ឋធានី Naypyitaw ថា “​ពួកគេ​ត្រូវបាន​ផ្ដន្ទាទោស​រយៈពេល​ប្រាំពីរ​ឆ្នាំ​ហើយ​សេចក្ដី​សម្រេច​នេះ​នៅតែ​បន្ត​។ ការ​ប្ដឹង​ជំទាស់​ត្រូវបាន​ច្រានចោល​”​។លោក Wa Lone អាយុ​៣៣​ឆ្នាំ​និង​លោក Kyaw Soe Oo អាយុ​២៩​ឆ្នាំ​ បាន​ជាប់​ឃុំឃាំង​អស់​រយៈពេល​ជាង​១៦​ខែ​មកហើយ​ចាប់ តាំងពី​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែធ្នូ​ឆ្នាំ​២០១៧​ខណៈ​កំពុង ធ្វើការ​ស៊ើបអង្កេត​លើ​ការសម្លាប់​បុរស​និង​ក្មេងប្រុស​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​១០​នាក់​។

​មេធាវី​សម្រាប់​អ្នកយកព័ត៌មាន​ទាំងពីរ​បាន​ប្ដឹង​ឧទ្ធរណ៍​ទៅ​តុលាការ​កំពូល​ដោយ​លើកឡើង​ពី​កង្វះ​ភស្តុតាង​នៃ​អំពើ​ឧក្រិដ្ឋកម្ម​និង​មាន​ភស្តុតាង​ដែលថា រឿង​របស់​អ្នក​ទាំងពីរ​នេះ​ត្រូវបាន​រៀបចំ​ដោយ​ប៉ូលិស​។ប៉ូលិស​ម្នាក់​បាន​ប្រាប់​តុលាការ​ជាន់​ទាប​កាលពី​ឆ្នាំមុន​ថា ក្រុមមន្ត្រី​បានដាក់​ឯកសារ​សម្ងាត់​ទៅលើ​អ្នកយកព័ត៌មាន​ទាំង​ពីររូប​។

​ចៅក្រម​តុលាការ​សង្កាត់​មួយរូប​នៅ​ទីក្រុង Yangon បាន​រកឃើញថា អ្នកកាសែត​ទាំងពីរ​មាន​កំហុស​ក្រោម​ច្បាប់​អាថ៌កំបាំង​ផ្លូវការ​កាលពី​ខែកញ្ញា​ហើយ​បាន​កាត់ទោស​ពួកគេ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ​។ តុលាការ​ជាន់ខ្ពស់​ទីក្រុង Yangon បាន​ច្រានចោល​បណ្ដឹង​ឧទ្ធរណ៍​លើក​មុន​កាលពី​ខែមករា​។

​ការជាប់​ពន្ធនាគារ​របស់​អ្នកយកព័ត៌មាន​ទាំងពីរ​បាន​បង្ក​ឲ្យ​មានការ​ថ្កោលទោស​ពី​ក្រុម​តស៊ូ​មតិ​សេរីភាព​សារព័ត៌មាន​ អ្នកការទូត​លោក ខាងលិច​និង​មេដឹកនាំ​ពិភពលោក​ដែលជា​ហេតុ​បន្ថែម​សម្ពាធ​ទៅលើ​មេដឹកនាំ​មី​យ៉ាន់​ម៉ា​លោកស្រី Aung San Suu Kyi ដែលជា​ម្ចាស់​ជ័យ​លាភី​ពានរង្វាន់​ណូបែល​ដែល​បាន​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​២០១៦​ចំពេល​មានការ​ផ្លាស់ប្តូរ​របប​គ្រប់គ្រង​យោធា​។

​ក្រុម​អ្នកស៊ើប​អង្កេត​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​យោធា​ជាន់ខ្ពស់​ត្រូវ​ទទួល​ការ​កាត់ទោស​ពី បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង នឹង​មនុស្សជាតិ​និង​អំពើ​ប្រល័យពូជសាសន៍​ពាក់ព័ន្ធ​ការ​បង្ក្រាប​ក្នុង​ឆ្នាំ​២០១៧​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu