Ad Code

អ្នកការទូត​ដើរចេញ​នៅពេល​វេណេហ្ស៊ូ​អេ​ឡា​វាយប្រហារ​សហរដ្ឋអាមេរិក​ក្នុង​សុន្ទរកថា​នៅ UN



អ្នកការទូត​ជាច្រើន​នាក់​បាន​ចាក​ចេញពី​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ប្រឆាំង​នឹង​សុន្ទរកថា​មួយ​របស់​រដ្ឋមន្ត្រីការបរទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដែល​បាន​ប្រកាស​ថ្កោលទោស​ការ​អំពាវ​នាវ​របស់​សហរដ្ឋអាមេរិក​ដែល​ឲ្យ​ស្ថាប័ន​ពិភពលោក​មួយ​នេះ​ទទួលស្គាល់​មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido ជា​ប្រធានាធិបតី​បណ្ដោះ​អាសន្ន​។

​រដ្ឋមន្ត្រីការបរទេស​លោក Jorge Arreaza បាន​ឡើង​វេទិកា​មហាសន្និបាត​ក្នុងនាម​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ដែល​ជា​ផ្នែក​មួយ​នៃ​សម័យប្រជុំ​ពិសេស​របស់​អង្គការសហប្រជាជាតិ​ដែល​ផ្ដោត​លើ​តម្លៃ​នៃ​ពហុភាគី​និយម​។

​អ្នក​ដើរចេញ​គឺជា​មន្ត្រី​ការ​ទូត​ចន្លោះ​ពី​៣០​ទៅ​៤០​នាក់​មកពី Lima Group ដែល​ជា​ក្រុមចម្រុះ​មួយ​នៃ​ប្រជាជាតិ​អាមេរិក​ឡាទីន​និង​ប្រទេស​កាណាដា​ដែល​ស្ទើរតែ​ទាំងអស់​បានទទួល​ស្គាល់​លោក Guaido ហើយ​បាន​ប្រកាសថា មេដឹកនាំ​ឆ្វេង​និយម​លោក Nicolas Maduro គឺជា​អ្នក​មិន​ស្របច្បាប់​បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ឆ្នាំមុន​ដែល​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ថា​ជា​ការ​ក្លែងបន្លំ​។

​នៅក្នុង​សុន្ទរកថា​របស់គាត់ លោក Arreaza បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​ចង់​ដាក់​របប​ផ្តាច់ការ​មួយ​នៅឯ​អង្គការសហប្រជាជាតិ​តាមរយៈ​ការប៉ុនប៉ង​ដោយ​ឥត​លាក់លៀម​ដើម្បី​បណ្តេញ​ឬ​ដក​ការទទួលស្គាល់​នូវ​លិខិត​សម្គាល់​របស់​រដ្ឋ​ជា​សមាជិក​ដែលមាន​សិទ្ធិ​ពេញលេញ​ដូចជា​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។

លោក​បាន​ប្រាប់​សម័យប្រជុំ​នោះ​ថា “​នេះ​គឺជា​ការរើសអើង​និង​មិនអាច​ទទួលយកបាន​”​។​នៅ​ទីក្រុង​វ៉ាស៊ីនតោន អគ្គលេខាធិការ​នៃ​អង្គការ​រដ្ឋ​អាមេរិកាំង​លោក Luis Almagro បាន​អំពាវនាវ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែមទៀត​និង​ការប្រើប្រាស់​កងកម្លាំង​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ទម្លាក់​លោក Maduro ។លោក Almagro បាន​ប្រាប់​វេទិកា​ការទូត​មួយ​ថា “​ការសម្រេចចិត្ត​ឲ្យ​អ្នក​ផ្តាច់ការ​មួយចំនួន​កាន់អំណាច​គឺជា​រឿង​គួរ​ឲ្យ​អស់សំណើច​”​។​

​យោងតាម​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​អាក្រក់​បំផុត​នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​សម័យ​ទំនើប​របស់ខ្លួន​ខណៈដែល​អតិផរណា​ត្រូវបាន​គេ​រំពឹងថា​នឹង​កើន​ឡើងដល់​១០​លាន​ភាគរយ​នៅ​ឆ្នាំនេះ​ដែល​រួមចំណែក​ដល់​ការខ្វះខាត​ទំនិញ​ជា​មូលដ្ឋាន​និង​បណ្តាល​ឲ្យ​មនុស្ស​ជាង​២.៧​លាន​នាក់​​​ភៀសខ្លួន​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu