Ad Code

មន្ត្រីជាន់ខ្ពស់ ACU ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវការ​ពេលវេលា និង​ការតាំង​ចិត្ត ដើម្បី​ប្រយុទ្ធប្រឆាំង ឲ្យ​មាន​ប្រសិទ្ធភាព



ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​អះអាង​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវការ​ពេលវេលា និង​ការ​តាំង​ចិត្ត ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ឲ្យ​មាន​ប្រសិទ្ធភាព និង​ជោគជ័យ​។



ការ​អះអាង​របស់​លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា កាលពី​រសៀល ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៩​។

លោក ឃាង សេង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​បញ្ចប់​ជំនួប​ពិភាក្សា​នោះ​ថា នៅក្នុង​កិច្ចពិភាក្សា​នេះ លោកស្រី រ៉ូ​ណា ស្មី​ត ចង់​ដឹង​ពី​តួនាទី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺ​មាន​អ្វីខ្លះ ហើយ​បាន​រៀបរាប់​ពី​ការងារ​របស់ ACU ដែល​បាន​ធ្វើ​កន្លងមក​។ ជាពិសេស​ការងារ​បង្ការ អប់រំ ទប់ស្កាត់ បង្ក្រាប​បទល្មើស និង​ការងារ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។



លោក ឃាង សេង បញ្ជាក់​ថា “​គាត់​គ្រាន់តែ​ថា ទី​១​របាយ​ការ​ណ៍​ខ្លះ​ដែល​ត្រូវបាន​ផ្ញើ​ទៅ​អង្គការសហប្រជាជាតិ​ទៅលើ​ចំណុច​ទី​១៦ ក្រៅពី​ហ្នឹង​ដូចជា​មិនមាន​អ្វី​ទេ គ្រាន់តែ​ថា ការងារ​របស់​យើង​ត្រូវការ​ពេលវេលា ត្រូវការ​ការតាំង​ចិត្ត​សព្វបែបយ៉ាង ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​ប្រទេស​របស់​យើង​ឲ្យ​មាន​ប្រសិទ្ធភាព ឬ​និយាយ​ឲ្យ​ចំ គឺ​ជោគជ័យ​”​។



លោក​បញ្ជា​ក់ដែរថា “​នៅក្នុង​ក្របខណ្ឌ​ច្បាប់​របស់​យើង គឺ​យើង​អនុវត្ត​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ជុំ​ទី​១ ជុំ​ទី​២ យើង​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ស្រាប់​ហើយ ដូច្នេះ​អ្វី​ដែលជា​លទ្ធផល​នៃ​ការវាយតំ​លៃ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​របស់​យើង ដាក់​ទៅ​អង្គការសហប្រជាជាតិ មាន​ពីរ​ជុំ គឺ​ជុំ​ទី​១ និង​ជុំ​ទី​២ ហើយ​ឆ្នាំនេះ ក៏​មាន​ជុំ​ទី​២​ដែរ គេ​នឹង​គ្រោង​មក​ធ្វើការ​ត្រួតពិនិត្យ​យើង​នៅ​ឆ្នាំ​ហ្នឹង ហើយ​យើង​ក៏ត្រូវ​ទៅ​ត្រួតពិនិត្យ​គេ​នៅ​ឆ្នាំ​ហ្នឹង​ដែរ​”​។

តាម​លោក ឃាង សេង នៅក្នុង​ជំនួប​នោះ "​គាត់​មានតែ​ផ្តាំផ្ញើ​ថា ធ្វើ​ម៉េច​ឲ្យ​រាជរដ្ឋាភិបាល​យើង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ឲ្យ​បាន​ជោគជ័យ ឲ្យ​មាន​តម្លាភាព ប្រសិទ្ធភាព​”​។

សូម​បញ្ជាក់​ថា លោកស្រី រ៉ូ​ណា ស្មី​ត មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ដល់​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ ២០១៩ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល ហើយ​ទស្សនកិច្ច​នេះ​ផ្តោតទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន និង​តាមដាន​ពី​ដំណើរ​វិវត្តន៍​នានា​ចាប់តាំងពី​បេសកកម្ម​របស់លោក​ស្រី កាលពី​ខែវិច្ឆិកា​កន្លងមក​។ ជាមួយគ្នា​នោះ​លោកស្រី មានបំណង​បន្ត​ការពិនិត្យ​ផងដែរ ទៅលើ​វិស័យ​សិទិ្ធ​មនុស្ស ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដោយ​ពិនិត្យ​ជាពិសេស​ទៅលើ​ការ​មិន​រើសអើង និង​សមភាព ព្រមទាំង​ការចូលរួម និង​គណនេយ្យភាព​។



នៅក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល​១១ ថ្ងៃនេះ លោកស្រី គ្រោង​ជួប​ប្រជុំ​ជាមួយ​មន្ត្រី ជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា ហើយ​លោកស្រី នឹង​បំពេញ​ទស្សនកិច្ច​ផងដែរ​ទៅតាម​តំបន់​ផ្សេងៗ ដើម្បី​ប្រមូល​ព័ត៌មាន​ដោយ​ផ្ទាល់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu