Ad Code

ក្រសួង​ការងារ​ចេញ​ប័ណ្ណ​ និង​ សៀវភៅ​ការងារ​ជនបរទេស​ទម្រង់​ថ្មី​ ដើម្បី​ធានា​សុ​វត្ថិភាព​និង​ការពារ​ជនបរទេស​ធ្វើការ​នៅ​កម្ពុជា



ភ្នំពេញ ​៖ ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​ចេញ​ប័ណ្ណ​និង​សៀវភៅ​ការងារ​ជនបរទេស​ទម្រង់​ថ្មី ​ដែល​មាន​ភ្ជាប់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​បង្កើន​ការគ្រប់គ្រង​និង​ការពារ​ជនបរទេស​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

លោក​ទាវ កិ​ត្យា​កោ​ម៉ុ​ល ប្រធាន​នាយកដ្ឋាន​មុខរបរ​និង​ហត្ថកម្ម​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា​ប័ណ្ណ​និង​សៀវភៅ​ការងារ​ជនបរទេស​ទម្រង់​ថ្មី​នេះ​គឺជា​កាត​អេ​ឡេច​ត្រូ​និ​ច​ដែល​ម្ខាង​ជា​ប័ណ្ណ​ការងារ​និង​ម្ខាង​ទៀត​ជា​សៀវភៅ​ការងារ​ដែលមាន​បំពាក់​នូវ ឃ្យូ អ កូដ​និង​គេហទំព័រ​រក្សាទុក​ទិន្នន័យ​ឃ្យូ អ កូដ​ដើម្បី​ឲ្យ​ពលករ​និង​ម្ចាស់​សហគ្រាស​គ្រឹះស្ថាន​បរទេស​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ទិន្នន័យ​និង​ព័ត៌មាន​ផ្សេងៗ​។

ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​០១ ​ខែឧសភា​ ឆ្នាំ​២០១៩​លោក​បាន​បន្ត​ថា ​ការបង្កើត​ប័ណ្ណ​និង​សៀវភៅ​ការងារ​ថ្មី​ទំនើប​នេះ​គឺ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​ដោយសារតែ​កន្លងមក​មាន​ជនខិលខូច​មួយចំនួន​បាន​ក្លែងបន្លំ​ចេញ​ប័ណ្ណ​និង​សៀវភៅ​ការងារ​ជនបរទេស​សរសេរ​ដោយ​ដៃ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់​ពលក​រ​និង​ម្ចាស់​សហគ្រាស​គ្រឹះស្ថាន​បរទេស​ទាំងនោះ​។

នៅក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី​៣០​មេសា​កន្លងទៅនេះ​លោក បណ្ឌិត អ៊ិត សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា​ ប័ណ្ណ​និង​សៀវភៅ​ការងារ​ជនបរទេស​ទម្រង់​ថ្មី​នេះ​នឹង​ចាប់ផ្តើម​ប្រើប្រាស់​ចាប់ពី​ថ្ងៃទី​០១ ​ខែឧសភា ​ឆ្នាំ​២០១៩​នេះ ​តទៅ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​រីកចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​។

ចំណែក​លោក កាំ​ង​ម៉ូ​នី​កា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​០១​ឧសភា​ដោយ​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ចំពោះ​ក្រសួង​ដែល​បាន​ចេញ​ប័ណ្ណ​និង​សៀវភៅ​ការងារ​ទម្រង់​ថ្មី​នេះ ​ព្រោះថា​ប័ណ្ណ​នេះ​ មាន​ផ្ទុក​នូវ​ទិន្នន័យ​ជាច្រើន​ទាក់ទិន​នឹង​ប្រវត្តិ​ការងារ ប្រាក់បៀវត្សរ៍ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ថ្ងៃខែ​ទិដ្ឋការ​ស្នាក់នៅ​របស់​ពលករ​និង​ម្ចាស់​សហគ្រាស​គ្រឹះស្ថាន​បរទេស​ដែល​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​ជាដើម​។

សូម​រំលឹក​ថា ​កាលពី​ថ្ងៃទី​១៧​ ខែសីហា​ ឆ្នាំ​២០១៦ ​កន្លងទៅ​ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​និង​ម្ចាស់​សហគ្រាស​គ្រឹះស្ថាន​បរទេស ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​កម្លាំង​ពលកម្ម​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដើម្បី​កាត់បន្ថយ​នីតិវិធី​រដ្ឋបាល ផ្តល់​សេវា​ងាយស្រួល​និង​ឆាប់រហ័ស​ព្រមទាំង​លុបបំបាត់​ការ​ចំណាយ​ក្រៅផ្លូវការ​ប្រកបដោយ​ប្រសិទ្ធភាព​។

គួរ​បញ្ជាក់​ថា ​ឆ្នាំ​២០១៨​កន្លងទៅ​នេះ​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ផ្តល់​ប័ណ្ណ​និង​សៀវភៅ​ការងារ​ ដល់​ជនបរទេស​ ដែល​កំពុងធ្វើការ​និង​ប្រកបមុខរបរ​រកស៊ី​នៅ​ស្រុក​ខ្មែរ​បាន​ចំនួន​ជាង​១៣​ម៉ឺន​៥​ពាន់​នាក់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu