បើតាមការចាប់ឆ្នោតបែងចែកពូលកាលពីដើមឆ្នាំ ដោយមានការសហការរវាងសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ជាមួយសហព័ន្ធកីឡាបាល់ទាត់ថៃ ដែលជាម្ចាស់ផ្ទះក្នុងពានរង្វាន់ AFF U-15 Women's Championship 2019 ឃើញថា ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ១៥ឆ្នាំរបស់កម្ពុជា (U-15) ស្ថិតនៅក្នុងពូលជាមួយក្រុមម្ចាស់ផ្ទះថៃ និងជាម្ចាស់ជើង២សម័យកាល។
ពានរង្វាន់ AFF U-15 Women's Championship មានក្រុមចូលរួមចំនួន៩ក្រុមប៉ុណ្ណោះក្រោយក្រុមឥណ្ឌូណេស៊ី ប្រកាសដកខ្លួនចេញ ខណៈពូល A មានមីយ៉ាន់ម៉ា,វៀតណាម,ហ្វីលីពីន និងទីម័រខាងកើត ខណៈពូល B មានថៃ,ឡាវ,ម៉ាឡេស៊ី,សឹង្ហបុរី និងកម្ពុជា។ សហព័ន្ធកីឡាបាល់ទាត់ថៃ បានសម្រេចជ្រើសរើសខេត្តឈុនបូរី ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតនេះដែលចាប់ផ្តើមពីថ្ងៃទី៩ ដល់២១ ខែ ឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។
ក្រុម U15 របស់កម្ពុជា កំពុងតែដឹកនាំដោយលោកគ្រូបង្វឹក អ៊ុំ សាវង្ស ហើយក្រុមនេះបានប្រមូលផ្តុំហ្វឹកហាត់និងប្រកួតបានមួយរយៈមកហើយដែរ ដោយចុងក្រោយបានយកឈ្នះលើក្រុមម្ចាស់ផ្ទះនារីភ្នំពេញក្រោន ដោយលទ្ធផល៣ទល់២។ ក្រុមទាំង២នឹងប៉ះគ្នាម្តងទៀតនៅថ្ងៃសុក្រ សប្ដាហ៍នេះលើទីលានកីឡដ្ឋាន Smart RSN Stadium មុនក្រុម U15នារីកម្ពុជា ចេញដំណើរទៅប្រទេសថៃ។
សម្រាប់គម្រោងប្រកួតបើកឆាកក្នុងវគ្គជម្រុះតាមពូល គឺក្រុមកម្ពុជា ត្រូវប៉ះក្រុមសឹង្ហបុរី នៅថ្ងៃទី១០ ខែឧសភា ហើយបន្តប៉ះក្រុមម៉ាឡេស៊ី នៅថ្ងៃទី១២ ខែឧសភា ព្រមទាំងប៉ះម្ចាស់ផ្ទះថៃ នៅថ្ងៃទី១៤ ខែឧសភា និងចុងក្រោយនៅថ្ងៃទី១៦ ខែឧសភា កម្ពុជា ប្រកួតជាមួយក្រុមឡាវ ដើម្បីបិទពូល B។ ក្រុមខ្លាំងតាមពូលនីមួយៗចំនួន២ក្រុមត្រូវឡើងទៅប្រកួតនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនៅថ្ងៃទី២០ ខែឧសភា ហើយនៅថ្ងៃទី២២ ខែឧសភា ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រនិងវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣។
សូមបញ្ជាក់ថា ពានរង្វាន់កម្រិត U-15 នារីនេះសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ទើបតែរៀបចំបាន៣លើកប៉ុណ្ណោះ ដោយនៅឆ្នាំ២០០៩ ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា ជើងឯកបានទៅអូស្ត្រាលី ហើយក្រោយមកពានរង្វាន់នេះក៏ខកខានរៀបចំឡើងមួយរយៈរហូតនៅឆ្នាំ២០១៧ ពានរង្វាន់នេះរៀបចំឡើងម្តងទៀតនៅប្រទេសឡាវ ហើយជើងឯកបានទៅថៃ ស្របពេលក្រុមកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៤ ក្រោយចាញ់មីយ៉ាន់ម៉ា ៣ទល់១ ក្នុងវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣។ នៅឆ្នាំ២០១៨ កន្លងទៅធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ជើងឯកបន្តបានទៅប្រទេសថៃ ហើយកម្ពុជា ធ្លាក់ត្រឹមវគ្គចែកពូល៕
Source: Kampuchea Thmey Daily
0 Comments