ភ្នំពេញ ៖ ការលួចផលិតអំបិលអ៊ីយ៉ូតក្លែងក្លាយនិងគ្មានអនាម័យ មួយកន្លែងរបស់ជនជាតិវៀតណាម បានកំពុងតែដំណើរការឡើងវិញដដែលបន្ទាប់ពីបានបិទមួយរយៈដោយសារ កម្ពុជាថ្មីចុះផ្សាយម្តងហើយ ទំនងជាអាជ្ញាធរចុះមកហាមឃាត់ កាលពីអំឡុងចុងឆ្នាំ២០១៨។
ទីតាំងផលិតអំបិលអ៊ីយ៉ូត ដែលគ្មានអនាម័យ និង ក្លែងក្លាយគ្មានច្បាប់គ្មានស្លាកយីហោដាក់នៅមុខសិប្បកម្មនោះ មានទីតាំងស្ថិតនៅភូមិព្រែកព្នៅ ក្បែរអតីត សាលាខណ្ឌព្រែកព្នៅ ជាប់ផ្លូវបេតុង កែងជាមួយផ្លូវទំនប់កប់ស្រូវ។
ប្រជាជនរស់នៅក្បែរទីតាំងផលិតអំបិលអ៊ីយ៉ូត គ្មានអនាម័យនោះបានរាយការណ៍មកថា បន្ទាប់ពីកម្ពុជាថ្មីបានចុះផ្សាយរឿងនេះហើយ ក៏ត្រូវបានគេយកមកបង្ហោះតាមហ្វេសប៊ុកផងនោះ អាជ្ញាធរមូលបានមកណែនាំម្ចាស់ផ្ទះផលិតអំបិលនោះឲ្យផ្អាកសកម្មភាពឈប់ផលិតបានមួយរយៈខ្លីប្រហែលកន្លះឆ្នាំដែរ ប៉ុន្តែនៅពេលនេះតាំងពីដើមខែមេសាឆ្នាំ២០១៩ ស្រាប់ជនជាតិយួននោះចាប់ផ្តើមផលិតអំបិលនេះឡើងវិញ មានឡាន និងរ៉ឺម៉កដឹកចែកតាមទីផ្សារជាបន្តទៀតដោយគ្មាន ច្បាប់គ្មានស្លាកយីហោក្រុមហ៊ុនដដែល។
អ្វីព្រួយបារម្ភបំផុតនោះគឺ ទីតាំងការផលិតអំបិលអ៊ីយ៉ូតនោះមានភាពកខ្វក់គ្មានអនាម័យ ហើយជនជាតិយួននោះ បានយកវត្ថុរាវម្យ៉ាងពណ៌ខៀវក្លិនដូចអាស៊ីតមកចាក់ទៅក្នុងអំបិលដែលស្ងោរ ហើយខ្ទះស្ងោររបស់គេសុទ្ធតែច្រេះ យកដែកសន្លឹកដូចក្តារមកផ្សារភ្ជាប់គ្នាចេញជារាងបួនជ្រុង ដោយប្រើអង្កាមដុតស្ងោរអំបិលកែច្នៃជាអំបិលអ៊ីយ៉ូត។ ពេលយកអំបិលមកច្រកថង់ជាប់ច្រកទ្វារដែលមានភក់ជ្រាំនិងធូលីហុយសំពោង។
កន្លងមកសមត្ថកិច្ចតែងតែចាប់ក្រុមជនជាតិវៀតណាមដែលតែងតែបាននាំយក ឬ ផលិតនំចំណីអាហារ បន្លែ ផ្លែឈើផ្សេងៗដែលមានផ្ទុកសារជាតិគីមីពុលប៉ះពាល់ដល់សុខភាពយកមកចែកចាយនៅទីផ្សារក្នុងស្រុកខ្មែរដូចជា កាហ្វេលាយថ្មពិល កាហ្វេលាយម្សៅពោតលីងកំឡោចជាមួយស្ករត្នោត ចាប់បាននៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានរាប់សិបតោន ជាដើម។
ប្រជាជនរស់នៅតំបន់នោះ សូមឲ្យអស់លោកជាមន្ត្រីជាអាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធមេត្តាមកត្រួតពិនិត្យទីតាំងជនជាតិវៀតណាមផលិតអំបិលអ៊ីយ៉ូតក្លែងក្លាយនិងគ្មានអនាម័យនោះផង ព្រោះបិទហើយបើកវិញតែគ្មានស្លាកសញ្ញាដាក់មុខផ្ទះទេ ហើយក៏មិនដឹងថា គុណភាពអំបិលនោះមានសារជាតិគីមីប៉ះពាល់សុខភាពដែរ ឬក៏អត់នោះទេ។
ស្ត្រីម្នាក់លក់គ្រឿងទេសនៅផ្សារពោធិ៍ចិនតុងនិយាយថា អំបិលអ៊ីយ៉ូតដែលគាត់បានដាក់តាំងលក់នេះ មាន២ម៉ាក ឬ២ឈ្មោះ ១.ឈ្មោះ បញ្ញា រស្មី ត្រូវបានក្រុមជនជាតិយួននិយាយភាសាខ្មែរដឹកតាមរ៉ឺម៉កយកមកឲ្យគាត់ដាក់លក់បន្ត និងមួយម៉ាកទៀតឈ្មោះ ត្រីឡូម៉ា ត្រូវបានជនជាតិខ្មែរដឹកយកមកឲ្យគាត់លក់បន្តដែរ ដោយមិនដឹងថា អាណាអត់ ឬ មានគីមីពុលនោះទេ ចេះតែដាក់លក់ទៅ។
តាមរយៈលេខទូរស័ព្ទដែលមានដាក់អាសយដ្ឋាននៅលើស្បោងអំបិលមានយីហោម៉ាក"ត្រីឡូម៉ា"បានឆ្លើយបំភ្លឺប្រាប់កម្ពុជាថ្មីថា ទីតាំងផលិតអំបិលរបស់គាត់មានតែមួយកន្លែងទេនៅខណ្ឌដូនពេញ គ្មានទីតាំងណាផ្សេងទៀតឡើយ។
ចំណែកលេខទូរស័ព្ទដែលដាក់នៅលើស្បោងអំបិលមួយទៀតដែលមានយីហោថា "បញ្ញា រស្មី" នោះបានឆ្លើយតបថា ទីតាំងផលិតអំបិលរបស់គាត់មានទីតាំងនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយមានទីតាំងតែមួយគត់ តែគ្មានច្បាប់បើកអាជីវកម្មអ្វីទេ ព្រោះមិនដឹងទៅសុំច្បាប់ខាងណាអត់ស្គាល់គេ។
នៅលើស្បោង ឬ ថង់សម្រាប់វេចខ្ចប់អំបិលនោះ មានដាក់អាសយដ្ឋានទីតាំងផលិតនៅ ខណ្ឌសែនសុខ និងនៅខណ្ឌដូនពេញ ឯណោះប៉ុន្តែបែរជាមានការផលិតលួចលាក់នៅខណ្ឌព្រែកព្នៅឯណោះវិញ៕
Source: Kampuchea Thmey Daily
0 Comments