Ad Code

គ្រូ​អង្គ​រថា​យ​ហ្គឺ​រ តាំងចិត្ត​ធ្វើ​ឲ្យ​បាន​ល្អ​ថែមទៀត ដោយ​ក្រុម​របស់ខ្លួន​មិនទាន់​ស្គាល់​បរាជ័យ​៥​ប្រកួត​មកនេះ



គិត​ត្រឹម​សប្ដាហ៍​ទី​៥​នេះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ គឺ​កំពុងតែ​រក្សា​កំណត់ត្រា​ពិសេស​មួយ​ដូច​ក្រុម​កំពូល​តារាង​នៃ​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ព្រះខ័ន​រាជ​ស្វាយរៀង ដែរ​ពោល​គឺ​មិនទាន់​ស្គាល់​ពាក្យ​បរាជ័យ​នោះទេ ខណៈ​លោក​Oriol Mohedano ដែលជា​គ្រូបង្វឹក​របស់​ក្រុម​នៅ​ខេត្តសៀមរាប មួយ​នេះ​បាន​តាំងចិត្ត​ធ្វើ​ឲ្យ​បាន​ល្អ​ថែមទៀត​សម្រាប់​ប្រកួត​បន្តបន្ទាប់​។

គ្រូបង្វឹក​ដែល​ជា​ជនជាតិ​អេ​ស្ប៉ា​ញ​ខាងលើ​បាន​បន្ត​ថា «​មកទល់ពេលនេះ​នៅ​មិនទាន់មាន​អ្នកណាម្នាក់​ដឹង​ថា ​ក្រុម​មួយ​ណា​នឹង​ឈ្នះ​ជើងឯក​នោះ​ទេ​ សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩​នេះ​។ ដូច្នេះ​ការ​គិត​របស់ខ្ញុំ ​គឺ​សំដៅលើ​ការ​ឈ្នះ​ជើងឯក បើ​មិន​ដូច្នេះ​ទេ​ធ្វើ​យ៉ាង​ណា​ព្យាយាម​ធ្វើ​ឲ្យ​ក្រុម​ដែល​ប្រជែង​លី​គ ពិបាក​ពេល​ប្រកួត​ជួប​ជាមួយ​ក្រុម​របស់​យើង​»​។



ជុំវិញ​ជ័យជម្នះ​ក្នុង​ប្រកួត​ចុងក្រោយ​ដែល​យក​ប្រៀប​លើ​ក្រុម​វិសាខា ដែល​ជា​ក្រុម​មួយ​ប្រមូល​បាន​កីឡាករ​ដែល​មាន​កម្រិត​សមត្ថភាព​ខ្ពស់​និង​កីឡាករ​បរទេស​ល្អៗ​ថា «​ខ្ញុំ​ពិតជា​រីករាយ​ដែល​យើង​បាន​បន្ត​ធ្វើ​រឿង​ដ៏​អស្ចារ្យ​នៅ​រដូវ​កាល​នេះ ជាមួយនឹង​ស្មារតី​ប្រយុទ្ធ​ដ៏​ឆន្ទៈ​ខ្ពស់​ដើម្បី​ដណ្ដើម ៣​ពិន្ទុ​ពី​ក្រុម​ដែល​កំពុង​មាន​ខ្លាំង​វិសាខា​។ ការយល់​ច្បាស់​ពី​អ្វី​ដែល​គូប្រកួត​គឺ​ពិតជា​សំខាន់ ហើយ​វិសាខា គឺជា​ក្រុម​មួយ​ក្នុងចំណោម​ជា​ក្រុម​ដែល “​អាច​ឈ្នះ​”​។ ដូច្នេះ​យើង​ត្រូវតែ​ប្រយ័ត្ន​សម្រាប់​រឿងនេះ ហើយ​ត្រូវ​តែ​មាន​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ប្រយុទ្ធ គុណភាព​នៃ​ការវាយលុក និង​ការរក​គ្រាប់​បាល់​»​។

លោក Oriol Mohedano មាន​ស្រុកកំណើត​នៅឯ​ទីក្រុង Barcelona ប្រទេស អេ​ស្ប៉ា​ញ​។ បច្ចុប្បន្ន​លោក​មាន​វ័យ ៣២ ឆ្នាំ និង​ជា​គ្រូ​ដែល​កាន់​អាជ្ញាប័ណ្ណ UEFA A-License​។ លោក​ធ្លាប់​ដឹកនាំ​ក្រុម Servette FC នៅ គ្រូ​ជំនួយ​ក្លិប​FC Legirus Inter នៅ​ប្រទេស​ហ្វាំ​ង​ឡង់ មុននឹង​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន នៅ​ឆ្នាំ​២០១៦​។ ក្រោយ​ចេញពី​កម្ពុជា លោក​បាន​ទៅធ្វើជា​ជំនួយ​គ្រូ​បង្គោល​ក្លិប SJK នៅ​ប្រទេស​ហ្វាំ​ង​ឡង់ បន្តទៅ​ចូលរួម​ក្លិប​Servette FC នៅ​ប្រទេស​ស្វី​ស មុន​ត្រឡប់មក​ចូលរួម​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ កាលពី​ពាក់កណ្ដាល​រដូវ​កាល​ឆ្នាំ​២០១៨​។

ឆ្លងកាត់​៥​ប្រកួត​មកនេះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​ក្រសួងការពារជាតិ ១​ទល់​១ ខណៈ​បន្ត​យកឈ្នះ​ក្រុម​ខេត្តកំពង់ចាម ដោយ​លទ្ធផល​១១​ទល់​០ ហើយ​បាន​ស្មើគ្នា​ជាមួយ​ក្រុម​បឹងកេត ១​ទល់​១ យកឈ្នះ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​៦​ទល់​០ និង​ចុងក្រោយ​ឈ្នះ​ក្រុម​វិសាខា ២​ទល់​១​។ សម្រាប់​ប្រកួត​បន្ទាប់​ក្នុង​សប្ដាហ៍​ទី​៦ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ត្រូវធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ខេត្តស្វាយរៀង ដោយ​ប៉ះ​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃអាទិត្យ ទី​៥​ខែឧសភា ឆ្នាំ២០១៩៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu