ភ្នំពេញ ៖ លោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី៣០ ខែមេសានេះ បានអញ្ជើញចុះពិនិត្យមើលការដ្ឋានជីកដាក់ប្រព័ន្ធលូបង្ហូរទឹកដើម្បីរំដោះទឹកកុំឲ្យលិចលង់លំនៅឋានប្រជាពលរដ្ឋនារដូវវស្សាខាងមុខ។
យោងតាមប្រសាសន៍លោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានឲ្យកម្ពុជាថ្មីដឹងថា នៅសៀលថ្ងៃទី៣០ ខែមេសានេះ លោកបានដឹកនាំមន្ត្រីជំនាញអមដោយលោកចៅសង្កាត់ស្ទឹងមានជ័យទី១ ដើម្បីចុះពិនិត្យតាមបណ្តាទីតាំងដែលជីកដាក់ប្រព័ន្ធលូបង្ហូរទឹករួចរាល់ហើយនិងបន្តពិនិត្យមើលចំណុចណា ដែលចាំបាច់ត្រូវជីកដាក់ប្រព័ន្ធលូបន្ថែមទៀត។
លោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថា ពីមុនមកមុខលូដែលជីកដាក់រួចរាល់ទៅហើយនោះ មានទំហំតូច ដែលកាលនោះពុំសូវមានលំនៅឋានប្រជាពលរដ្ឋមានច្រើនដូចសព្វថ្ងៃ ដែលបង្កឲ្យការលិចលង់ពេលធ្លាក់ភ្លៀងដោយសន្ទុះទឹកជន់ខ្លាំងចូលទៅក្នុងលូមិនទាន់។ ដូច្នេះទើបនៅឆ្នាំ២០១៨និង២០១៩នេះ អាជ្ញាធរបានបើកការដ្ឋានជីកដាក់លូបង្ហូរទឹកដែលមានមុខលូធំរហូតដល់ជិតមួយម៉ែត្រដើម្បីបង្ហូរទឹកបានលឿន។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌមានជ័យបានសំណូមពរដល់ប្រជាពលរដ្ឋដែលមានលំនៅឋានជាប់រឺហ្គែរលូ សូមកុំយកសំរាមដាក់ពីមុខនាំឲ្យសំរាមកកស្ទះងាយនិងស្ទះទឹកនៅពេលមានភ្លៀងធ្លាក់។
លោកពេជ្រ កែវមុនី បានបញ្ជាក់ទៀតថា នៅរដូវវស្សាខាងមុខនេះ គឺក្នុងមូលដ្ឋានខណ្ឌមានជ័យមិនបារម្ភក្នុងការលិចលង់ផ្លូវ និង លំនៅឋានទៀតហើយ។ ព្រោះមានប្រព័ន្ធលូធំដែលអាចរំដោះទឹកបានលឿន៕
Source: Kampuchea Thmey Daily
0 Comments