កីឡាករ ពុំ តុលា ដែលធ្លាប់បានរួមរស់ជាមួយក្រុមក្រសួងការពារជាតិ (ទ័ព) ជាង១០ឆ្នាំ បានសម្រេចចិត្តចូលរួមជាមួយក្រុមភ្នំពេញក្រោន ម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា៦សម័យកាល កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅដើម្បីត្រៀមប្រកួតនៅរដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខទាំងក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) និងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League)។
ការបង្ហាញខ្លួនដំបូងរបស់កីឡាកររូបនេះ គឺចំពេលដែលភ្នំពេញក្រោន យកឈ្នះលើក្រុមអាស៊ីអឺរ៉ុប ដោយលទ្ធផល១ទល់០ ប្រចាំសប្ដាហ៍ទី៥។ កីឡារក ពុំ តុលា បានបញ្ជាក់ថា « នេះគឺជាការប្រកួតល្អមួយព្រោះយើងទទួលបាន៣ពិន្ទុកនៅក្នុងទឹកដីខ្លួនឯង ហើយខ្ញុំក៏សប្បាយចិត្តដែរ ព្រោះនេះជាការបង្ហាញខ្លួនក្នុងប្រកួតផ្លូវការរបស់ខ្ញុំលើទីលានជាមួយភ្នំពេញក្រោន សម្រាប់រដូវកាលថ្មីនេះ»។
ខ្សែការពារខាងឆ្វេងរូបនេះបានបន្ថែមទៀតថា «ការប្រកួតនេះជាការប្រកួតតាងតឹងមួយព្រោះយើងដឹងហើយថា ក្រុមណាក៏ដោយឲ្យតែប៉ះភ្នំពេញក្រោន គឺតែងតែលេងចង់ឈ្នះពួកយើងខ្លាំងមែនទែន ហើយយប់មិញនេះពួកគេលេងល្អណាស់រហូតដល់ពេលដែលពួកយើងធ្វើការផ្លាស់ប្តូរកីឡាករមួយចំនួនក៏ដូចជាប្តូរតិចនិចនៃការលេង ទើបយើងមានឱកាសរកបានគ្រាប់ជ័យជម្នះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រុមរបស់យើងត្រូវតែពង្រឹងបន្ថែមទៀត ដើម្បីការប្រកួតបន្តបន្ទាប់ ពួកយើងត្រូវតែខំធ្វើការហ្វឹកហាត់ឲ្យបានល្អ យើងត្រូវតែលេងដោយមានឆន្ទៈ និងសហការគ្នាឲ្យបានល្អនៅលើទីលានពេលដែលពួកយើងធ្វើការប្រកួត»។
យោងតាមសេចក្តីជូនដំណឹងរបស់ក្លិបភ្នំពេញក្រោន បានបញ្ជាក់ថា ក្លិបសម្រេចចិត្តនាំយកកីឡាកររូបមកជួយក្រុមក្នុងបេសកកម្មសំខាន់ៗនៅរដូវកាលឆ្នាំ២០១៩នេះ។ កីឡាករចាស់វស្សារូបនេះ បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនតាំងពីឆ្នាំ២០០៦ ជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលពេលនោះមានឈ្មោះថា Phnom Penh FC ហើយចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៨រូបគេបានផ្ទេរទៅលេងនៅក្រុមក្រសួងការពារជាតិវិញម្តង។
ចំណែកកៅអីក្នុងក្រុមជម្រើសជាតិកម្ពុជា រូបគេធ្លាប់បានកោះហៅឲ្យចូលជាសមាជិកក្រុមយុវជនអាយុក្រោម១៧ឆ្នាំក្រោមការដឹកនាំរបស់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ផងដែរ គ្រានៅឆ្នាំ២០០៧។ បន្ទាប់មកនៅឆ្នាំ២០១១ កីឡាកររូបនេះត្រូវបានជ្រើសរើសចូលក្រុមឈុតធំជម្រើសជាតិក្រោមការដឹកនាំរបស់លោកគ្រូ Lee Tae Hoon ហើយចុងក្រោយបានជាប់ម្តងទៀតនៅឆ្នាំ២០១៧ ដែលជ្រើសរើស ដោយអតីតគ្រូធំក្រុមគោព្រៃកម្ពុជា លោក Leonardo Vitorino ផ្ទាល់៕
Source: Kampuchea Thmey Daily
0 Comments