Ad Code

ភ្ញៀវ​និង​ម្ចាស់​ដើមការ​នាំគ្នា​រត់ចោល​រោងការ ខណៈ​ឆេះ​ប្រអប់​ភ្លើង​នៅ​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ហ្សា



សៀមរាប​ ៖ ផ្ទុះ​ប្រអប់​ភ្លើង​របស់​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ហ្សា បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ឡើង ធ្វើ​ឲ្យ​ម្ចាស់​ដើមការ និង​ភ្ញៀវកិត្តិយស​ជាច្រើន​រយ​នាក់​បាន​រត់​ចែក​ជើង​គ្នា ចោល​រោងការ​មិនបាន​ចងដៃ ខណៈ​កំពុង​ទទួលទាន​អាហារ​យ៉ាង​សប្បាយរីករាយ។

ហេតុការណ៍​អគ្គិភ័យ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​០០​នាទី យប់​ថ្ងៃទី​០៥​ខែឧសភា​ឆ្នាំ​២០១៩ នៅ​ទីតាំង​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ហ្សា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។



ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នៅ​អគារ​A របស់​ភោជនីយដ្ឋាន មាន​ពិធីជប់លៀង​អាពាហ៍ពិពាហ៍​។ លុះដល់​ម៉ោង​កើតហេតុ​ខណៈ​ដែល​ភ្ញៀវ​កំពុង​សប្បាយរីករាយ ស្រាប់តែ​ដាច់​ចរន្តអគ្គិសនី និង​ឃើញ​មាន​បែក​ផ្កាភ្លើង​ចេញពី​ប្រអប់​ភ្លើង ក្បែរ​រោង​ម៉ាស៊ីនភ្លើង។ ប្រភព​បន្តថា ពេល​ឃើញ​ដូច្នោះ ទាំង​ភ្ញៀវ​ទាំង​ម្ចាស់​ដើមការ បាន​រត់​ចែក​ជើង​គ្នា​យកតែ​រួច​រៀងៗ​ខ្លួន។



លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក​បាន​បញ្ជា​ឡានទឹក​ជាច្រើន​គ្រឿង ដើម្បី​ពន្លត់​អគ្គិភ័យ​នេះ​។ ប៉ុន្តែ​ដោយសារ​នៅ​ជិត​ម៉ាស៊ីនភ្លើង​នេះ​មាន​ស៊ីទែន​ប្រេង រហូតដល់​៥​ពាន់​លីត្រ បណ្តាល​ឲ្យ​ឆេះ​ខ្លាំង ហើយ​ពិបាក​ក្នុងការ​ពន្លត់ តែ​សមត្ថកិច្ច​បាន​បាញ់​ទឹក​អស់​ជាច្រើន​ឡាន និង​ប្រើពេល​អស់​ប្រមាណ​១​ម៉ោង​ទើប​ពន្លត់​អគ្គិភ័យ​នេះ​បាន​រលត់​ទាំងស្រុង​វិញ​។ លោក​ទិ​ត្យ ណា​រ៉ុង ឲ្យ​ដឹង​ថា ករណី​អគ្គិភ័យ​នេះ​គឺ​ឆាបឆេះ​តែ​ម៉ាស៊ីនភ្លើង និង​រោង​ដាក់​ម៉ាស៊ីនភ្លើង​នោះ​តែប៉ុណ្ណោះ វា​មិនបាន​ឆេះ​រាល​ដា​ដល់​កន្លែង​ផ្សេង​ ឬ​ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ណា​ម្នាក់​នោះ​ទេ​។ ម្ចាស់​ហាង​ឈ្មោះ សាំង សុខ​ឈៀង ភេទ​ប្រុស អាយុ​៧៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប​។

លោកស្នងការ​បញ្ជាក់​ថា ករណី​អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ផ្ទុះ​ប្រអប់​ភ្លើង​ដែល​នៅ​ជិត​ម៉ាស៊ីន​ហើយ​ឆាប​ទៅ​ឆេះ​ស៊ី​តែ​ន​ប្រេង និង​បន្ត​ឆេះ​ម៉ាស៊ីន និង​រោង​ដាក់​ម៉ាស៊ីន​តែម្តង​។



ក្នុង​នោះ​ដែរ​ក៏​មាន វត្តមាន លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ទៅ​ពិនិត្យ​កន្លែងកើតហេតុ ព្រមទាំង​បាន​សម្របសម្រួល ដល់​កម្លាំងចម្រុះ​ចំណុះ​ឲ្យ​ខេត្ត ជួយ​អន្តរាគមន៍​ដើម្បី​ពន្លត់ អគ្គិភ័យ​នេះ​បាន​រលត់​ទាំងស្រុង​។

លោក​ទៀ​ សីហា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ព្រោះថា ពេលនេះ​រដូវក្តៅ​ងាយ​និង​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​។



យោង​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩​ បាន​ឲ្យ​ដឹង​ថា សម្ភារ​ខូចខាត​រួមមាន ម៉ាស៊ីនភ្លើង​ខ្នាត​ធំ​តម្លៃ​ប្រហែល ៣៨០០០​ដុល្លារ​, ម៉ាស៊ីនភ្លើង​ខ្នាតតូច តម្លៃ​ប្រហែល ២០០០០​ដុល្លារ​, បារ៉ែត​កាច់​ផ្លាស់ប្តូរ​ភ្លើង​ចំនួន​០៥​គ្រាប់ ០១​គ្រាប់​តម្លៃ​៥០០​ដុល្លារ​, ម៉ា​ស៊ូ​ត​ចំនួន ១០០០​លីត្រ​, ម៉ូតូ​រឺ​ម៉ក់​ចំនួន​០១​តម្លៃ​ប្រហែល ៣០០០​ដុល្លារ រួមទាំង​សម្ភារ​មួយចំនួន​។

សម្រាប់​ប្រតិបត្តិការ​ខាង​លើ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់រ​ថយន្ត​សរុប ១៤​គ្រឿង ប្រើ​ទឹក​អស់ ២៤​រថយន្ត រួមមាន រថយន្ត​ស្នងការ​នគរ​បាល​ខេត្ត​ចំនួន ៥​គ្រឿង​, រថយន្ត​កងរាជអាវុធហត្ថ ៤​គ្រឿង​, រថយន្ត​បេតិកភណ្ឌ​១​គ្រឿង​, រថយន្ត​អធិការដ្ឋាន​នគរ​បាល​ស្រុក​បាគង​ចំនួន ១​គ្រឿង​, រថយន្ត​អគ្គិភ័យ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ ១​គ្រឿង​, រថយន្ត​អគ្គិភ័យ​ភូមិ​វប្បធម៌ ២​គ្រឿង សរុប​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រើប្រាស់​អស់​ចំនួន ១៤​គ្រឿង បាញ់​ទឹក​អស់​២៤​ឡាន​។ ចំណែក​ការខាតបង់​របស់​ម្ចាស់​ដើមការ​ទាំង​២​រោង ដែល​បាន​ជួល​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ហ្សា ធ្វើ​កម្មវិធី​នេះ សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​ថា ខាង​ណា​ជា​អ្នក​ជួយ​សង​ថ្លៃ​បង់ខាត​នោះ​ទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu