Ad Code

ម៉ូតូ​ចំនួន​២០​គ្រឿង ​អំណោយ លោកនាយ​ឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ ប្រគល់​ជូន​កង​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ



ព្រះសីហនុ​ ៖​ លោក​ឧត្ដមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ឧសភា​នេះ ​បានធ្វើ​ការ​ប្រគល់​ទទួល​ម៉ូតូ​ធុន​ធំ ម៉ាក Honda Wuyang កម្លាំង​១២៥ CC ចំនួន ២០​គ្រឿង ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នង​ការ​នគរបាល​ជាតិ ជូន​ដល់​កងកម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ សម្រាប់​បម្រើ​ឲ្យ​កិច្ចប្រតិបត្តិការ​ការពារ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ។​

មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នេះដែរ ​លោក​ឧត្ដមសេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​ថា ម៉ូតូ​ចំនួន​២០​គ្រឿង​នេះ បាន​បែងចែក​ជូន​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​១២​គ្រឿង អធិការដ្ឋាន​នគរបាល​ក្រុង និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រុង​ចំនួន ៥​គ្រឿង អធិការ​ស្រុក​ព្រៃនប់​០១​គ្រឿង អធិការ​ស្រុក​ស្ទឹងហាវ​០១​គ្រឿង និង​អធិការ​ស្រុក​កំពង់​សិលា០១​គ្រឿង ដើម្បី​ជា​មធ្យោបាយ​ក្នុង​កិច្ចការពារ​សន្តិសុខ រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ ពិសេស​សម្រាប់​ចេញ​ល្បាត ធ្វើ​អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន​បាន​ទាន់​ពេល​វេលា។

លោក ជួន ណា​រិន្ទ ក៏បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​នគរបាល ត្រូវ​ចេះ​ថែរក្សា និង​ធ្វើការ​ជួសជុល​ម៉ូតូ​ជាប់​ជាប្រចាំ​បម្រើ​ឲ្យ​ការងារ​ល្បាត និង​ចេញ​បំពេញបេសកកម្ម ការពារ​សន្តិសុខ សុវត្ថិភាព​សង្គម ​ជូន​ដល់​ប្រជាពលរដ្ឋ ​ក៏​ដូចជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ ក្នុង​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ព្រមទាំង​ផ្ដោត​ដល់​មន្ត្រី​នគរបាល​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ថែរក្សា​សន្តិភាព​សុខ សណ្ដាប់ធ្នាប់​សាធារណៈ ពិសេស​លុបបំបាត់​គ្រឿងញៀន និង​ ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ក្នុង​មូល​ដ្ឋាន ដើម្បី​ភូមិ​/ឃុំ មាន​សុវត្ថិភាព៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu