Ad Code

អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ស្តារ​ប្រឡាយ​បឹង​សាឡាង ​និង​ប្រឡាយ​បឹងត្របែក​ សម្រេច​បាន​១០០% ខណៈ​​ប្រឡាយ​បឹងទំពុន​ទើប​សម្រេច​បាន​៥០% ស្មើនឹង​ជាង​៣​ម៉ឺន​ម៉ែត្រគូប​



ភ្នំពេញ ៖ ដើម្បី​កាត់បន្ថយ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ប្រឹង​ប្រែង​ណាស់​ក្នុងការ​​ស្តារ លាង​សំអាត​លូ​ និង​ប្រឡាយ រួមទាំង​បាន​ស្ថាបនា​ស្ថានីយ​បូមទឹក​ថ្មីៗ​ជា​ច្រើន​កន្លែង​ទៀតផង​ដែរ​។​

ជាក់ស្តែង​នៅពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ជីក​ស្តារ​ប្រឡាយ និង​កាយ​ប្រមូល​សំរាម​ពី​ប្រឡាយ​ធំៗ​ចំនួន​៣​កន្លែង ដែល​ក្នុងនោះ សម្រាប់​ប្រឡាយ​បឹង​សាឡាង ​និង​ប្រឡាយ​បឹង​ត្របែក​សម្រេចបាន​១០០% ខណៈ​ការ​ប្រឡាយ​បឹងទំពុន​ទើបតែ​សម្រេច​បាន​៥០% ស្មើនឹង​ជាង​៣​ម៉ឺន​ម៉ែត្រគូប​។​

លោក ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក​បូមទឹក ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៦​ឧសភា​នេះ​ថា ​ប្រឡាយ​បឹង​សាឡាង​យើង​បានចាប់ផ្ដើម​ស្តារ កាល​ពី​ថ្ងៃទី​២៦ ​ខែ​មិនា ​ឆ្នាំ​២០១៩។ ​ចំណែក​ប្រឡាយ​បឹងត្របែក​យើង​បានធ្វើ​សកម្មភាព​ស្តារ​សំរាម និង​ស្មៅ​ត្រិ​ប​ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ​ឆ្នាំ​២០១៩ ហើយ​បើ​គិត​មកដល់ពេលនេះ ប្រឡាយ​ទាំង​២​ខាង​លើ​យើង​សម្រេច​ស្តារ​សំរាម និង​ស្មៅ​ត្រិ​ប​បាន​១០០​ភាគរយ​ហើយ។ ដោយឡែក​សម្រាប់​ប្រឡាយ​បឹងទំពុន ​យើង​បាននិងកំពុង​ស្តារ កើប​សំរាម និង​ស្មៅ​ត្រិ​ប​ផង​ដែរ ដែល​រហូត​មក​ដល់​ពេល​នេះ យើង​សម្រេច​បាន​៥០%​ហើយ​ដែរ​។ បើ​គិត​សរុប​យើង​ប្រមូល​សំរាម​បាន​ចំនួន​៧០០​ឡាន​ស្មើនឹង​៣៥០០ម៉ែត្រគូប​។​

ពាក់ព័ន្ធ​និង​បញ្ហា​នេះ លោក ដួង ចាន់​សារ៉ាត់ បាន​អំពាវនាវដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​បញ្ឈប់​ការ​បោះចោល​សំរាម​ចូល​លូ ចូល​ប្រឡាយ ដែល​នាំ​បង្កើតជា​ឧបសគ្គ​ដល់​ផ្លូវ​បង្ហូរទឹក និង​ប៉ះពាល់​ដល់​បរិស្ថាន និង​សោភណភាព​ទីក្រុង​យើង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu