Ad Code

ការធ្លាក់ចុះ​នៃ​ចំនួន​ទេសចរ​ចិន​ បានធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កំណើន​ទេសចរណ៍​វៀតណាម​



ការធ្លាក់ចុះ​នៃ​ចំនួន​អ្នកទេសចរ​ចិន ​ដែល​មកលេង​ប្រទេស​វៀតណាម​ក្នុង​រយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​នេះ ​កំពុង​បណ្ដាលឱ្យមាន​ការ​ថយចុះ​នៃ​កំណើន​ឧស្សាហកម្ម​ទេសចរណ៍​នៅ​វៀតណាម​កាន់តែ​ធ្ងន់ធ្ងរ​។

យោងតាម​រដ្ឋបាល​ទេសចរណ៍​ជាតិ​របស់​វៀតណាម​បានឱ្យដឹងថា ភ្ញៀវទេសចរ​ចិន​ជិត ១,៧១​លាន​នាក់​បានមក​ដល់​ប្រទេស​វៀតណាម​នៅ​រយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩ ដែល​ស្មើនឹង​៤% មានការ​ធ្លាក់ចុះ​ធៀប​នឹង​របាយការណ៍​ឆ្នាំមុន​សម្រាប់​ទីផ្សារ​សំខាន់ និង​ស្មើ​៣០%​នៃ​ចំនួន​ភ្ញៀវទេសចរ​សរុប​ទាំងអស់​ដែល​មកលេង​ប្រទេស​វៀតណាម ពោល​គឺជា​ចំនួន​ច្រើនជាង​ប្រទេស​ដទៃ​។​

ការធ្លាក់ចុះ​ដ៏​គំហុក​នេះ​បានធ្វើឱ្យ​ចំនួន​ភ្ញៀវទេសចរ​សរុប​ដែល​បានមក​លេង​នៅ​ប្រទេស​វៀតណាម​សម្រាប់​រយៈពេល​៤​ខែ​ដំបូង​មានការ​កើនឡើង​ត្រឹមតែ​៧,៦%​ប៉ុណ្ណោះ​។​

តាម​ការរាយការណ៍​ថា កាលពី​ឆ្នាំមុន ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ចូលមក​ក្នុងប្រទេស​នេះ​កើនឡើង​ជិត​៣០% ក្នុង​រយៈពេល​ដូចគ្នា ខណៈ​ទេសចរ​កូរ៉េខាងត្បូង និង​តៃវ៉ាន់​ដែលជា​ទីផ្សារ​សំខាន់​ទី​២ និង​ទី​៣​សម្រាប់​វិស័យ​ទេសចរណ៍​វៀតណាម​បាន​បន្ត​កើន​ឡើងដល់ ២៣,២% និង​២៥%​ក្នុង​រយៈពេល​ដូចគ្នានេះ​។​

ទីភ្នាក់ងារ​ទេសចរណ៍​ក្នុងស្រុក​នានា​របស់​វៀត​ណា​ម​បានឱ្យដឹងថា ចំនួន​ភ្ញៀវទេសចរ​ចិន​ចូលមកក្នុង​ប្រទេស​បាន​បន្ត​ធ្លាក់​បែបនេះ​តាំងពី​ខែតុលា ឆ្នាំ​២០១៨​មកម្ល៉េះ​។ ដោយឡែក រដ្ឋបាល​ទេសចរណ៍​ជាតិ​របស់​វៀតណាម​មាន​គម្រោង​បង្កើត​ព្រឹត្តិការណ៍​ជា​បន្តបន្ទាប់​ក្នុង​ទីក្រុង​នានា​របស់​ចិន ដោយ​សង្ឃឹមថានឹង​អាច​ទាញ​ឱ្យមាន​ការចាប់អារម្មណ៍​លើ​ប្រទេស​វៀតណាម​ជា​គោលដៅ​ទេសចរណ៍​ដំបូង​គេ​សម្រាប់​ប្រជាជន​ចិន​ដែល​ចូលចិត្ត​ដើរ​កម្សាន្ត​ពេល​សម្រាក​ពី​ការងារ​៕ TUOI TRE NEWS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu