Ad Code

ជន​ចាស់ជរា​គ្មាន​ទីពឹង និង​មាន​ជីវភាព​ខ្វះខាត​ចំនួន​៩១​នាក់ ទទួល​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ជា​បន្ត​ទៀត ពី​លោកស្រី​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន​



ប៉ៃលិន ​៖ កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៩ លោកស្រី បាន ស្រីមុំ អ៊ី ឈាន ប្រធាន​មូលនិធិ​គាំទ្រ​សុខភាព និង​ សង្គ្រោះ​បន្ទាន់ និង ​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ​មូលនិធិ អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​សង្គ្រោះ​បន្ទាន់ ដល់​ចាស់ជរា​គ្មាន​ទីពឹង និង​មាន​ជីវភាព​ខ្វះខាត​ចំនួន​៩១​នាក់ ទូទាំង​ខេត្ត​ប៉ៃលិន។​

ថ្លែង​ក្នុង​ឱកាស​នោះដែរ​ លោកស្រី បាន ស្រីមុំ អ៊ី ឈាន ប្រធាន​មូលនិធិ​គាំទ្រ​សុខភាព និង​សង្គ្រោះបន្ទាន់ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ពាំ​នាំ​នូវ​បណ្តាំ​សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ជូន​ចំពោះ​លោកយាយ លោកតា និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​ទាំងអស់ ដោយ​សម្ដេច ​បាន​សូម​ជូនពរ​ឲ្យ​លោកយាយ លោកតា​មាន​សុខភាព​ល្អ អាយុ​យឺនយូរ និង​សូម​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​គ្រប់គ្នា​។

​លោកស្រី​ប្រធាន​មូលនិធិ បាន​បន្តទៀតថា​ ៖ ការបង្កើត​មូលនិធិ​នេះ ​គឺ​ដើម្បី​ជួយ​សម្រាល​ការ​លំបាក និង​លើកកម្ពស់​សុខុមាលភាព​លោកយាយ លោកតា​ ចាស់ជរា​ គ្មាន​ទីពឹង និង​មាន​ជីវភាព​ខ្វះខាត​ក្នុង​ខេត្ត​ប៉ៃលិន ចំពោះ​មូលនិធិ​នេះ​គឺជា​សកម្មភាព​មនុស្សធម៌​សុទ្ធសាធ មិន​ប្រកាន់​ពណ៌​សម្បុរ​នយោបាយ​ ឬ គណបក្ស អ្វី​ឡើយ ព្រោះថា​មនុស្ស​ចាស់ លោក​មានគុណ​បំណាច់​ធំធេង​ណាស់ ក្នុង​ការជួយ​អប់រំ ប្រៀនប្រដៅ ដល់​កូនចៅ​ជំនាន់​ក្រោយៗ ឲ្យ​ប្រព្រឹត្តិ​តែ អំពើ​ល្អ​ហើយ​ជា​ការ​ពិតណាស់​ សកម្មភាព​ជួយ​គ្នា​ទៅវិញទៅមក បាន​ក្លាយ​ទៅជា​ប្រពៃណី​ចែករំលែក​នៅ​ក្នុង​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

លោកស្រី​ប្រធាន​បាន​បន្ត​ថា​ ចំពោះ​ចាស់ជរា​ណា ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ ឬ​ចាស់​ជរា​ណា ដែល​មិនអាច​ធ្វើដំណើរ​មក​ទទួល​ប្រាក់ឧបត្ថម្ភ​នេះ​បាន​ គឺ​យើង​ដឹកនាំ​ក្រុមការងារ ចុះទៅ​ចែកជូន​ដល់ទី​កន្លែង ដោយ​មិន​ពិបាកធ្វើ​ដំណើរ​មក​ឡើយ ចំពោះ​ការចែក​ប្រាក់ឧបត្ថម្ភ​នា​ថ្ងៃនេះ មាន​ចំនួន​៣​ទីតាំង​ គឺ​នៅ​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន។ ទី​២,​នៅ​សាលាឃុំ​អូរអណ្ដូង។ ទី​៣,​នៅ​សាលាឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ​ផងដែរ​។​

លោកស្រី​ក៏បាន​បញ្ជាក់ដែរថា នេះ​ជា​លើក​ទី​២​ហើយ សម្រាប់​ឆ្នាំ​២០១៩ ដោយ​ការ​បើក​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ដល់​ចាស់ជរា​គ្មាន​ទីពឹង ឬ​មាន​ជីវភាព​ខ្វះខាត​ គឺ​នៅ​រៀងរាល់​ថ្ងៃទី​០៥ នៃ​ខែ​និ​មួយៗ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន ១០០,០០០​រៀល (​មួយ​សែន​រៀល​គត់​)​ផងដែរ​។​ជាទី​បញ្ជាប់​លោកជំទាវ​ប្រធាន ក៏បាន​សូម​ជូនពរ​ឲ្យ​ពុកម៉ែ​ទាំងអស់​មាន​សុខភាព​ល្អ និង​មាន​យឺនយូរ ផងដែរ​។​

គួរ​បញ្ជាក់ថា ជានិច្ចកាល​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​គិតគូរ​យកចិត្តទុកដាក់​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាប្រចាំ តាមរយៈ​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​មណ្ឌល និង​ក្រុមការងារ​របស់​គណបក្ស​គ្រប់លំដាប់​ថ្នាក់​ផងដែរ​៕​

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu