Ad Code

សង្គម​ស៊ីវិល​របស់​ប្រទេស​ចិន​ជួយ​វះកាត់​និង​ព្យាបាល​ជំងឺ​បេះដូង​ពី​កំណើត​ដល់​កុមារ ដោយ​មិន​គិតថ្លៃ​នៅ​ស្រុក​បាទី



ភ្នំពេញ​ ៖ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែ​ចែ​ត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩​នេះ នៅ​ស្នាក់​ការ​អង្គការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឥរិយាបថ និង​សុខភាព​សិក្សា (YUNDI) លោក​វេជ្ជបណ្ឌិត DUO LIN ប្រធាន​ផ្នែក កិច្ចការ​អន្តរជាតិ​របស់​មន្ទីរ​ពេទ្យ​បេះដូង​ខេត្ត​យូ​ណាន​បាន​ដឹកនាំ​គ្រូពេទ្យ​ជនជាតិ​ចិន ​ដែល​មាន​ជំនាញ​បេះដូង​និង​សរសៃឈាម និង​ជំនាញ​ពិនិត្យ​អេកូ​បេះដូង​មក​សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ដើម្បី​មក​ពិនិត្យ​តាមដាន​វឌ្ឍនភាព​ស្ថានភាព​ជំងឺ​របស់​កុមារ​ចំនួន​៤​រូប​រស់នៅក្នុង​ស្រុក​បាទី​។



ថ្លែង​ជម្រាបជូន​អង្គពិធី លោក​វេជ្ជបណ្ឌិត DUO LIN បាន​បញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០១៧​មក តាមរយៈ​អង្គការ YUNDI មន្ទីរពេទ្យ​បេះដូង​ខេត្ត​យូ​ណាន​បាន​សហការ​ជាមួយ​មន្ទីរពេទ្យ អង្គការក្រៅរដ្ឋាភិបាល​នានា​នៅ​ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និង​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​កុមារ​ដែលមាន​ជំងឺ​បេះដូង ហើយ​ផ្តល់​លទ្ធភាព​បញ្ជូន​កុមារ​ទាំងនោះ​ទៅ​វះកាត់​និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ​បេះដូង​ខេត្ត​យូ​ណាន​។ ដោយឡែក កាលពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨​កន្លងមក តាមរយៈ​ការចុះពិនិត្យ​សុខភាព​ជូន​កុមារ​ចំនួន​៦០២៨​រូប​ដែល​កំពុង​រស់នៅ​ក្នុងស្រុក​បាទី ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​កម្ពុជា​-​ចិន​របស់​អង្គការ​YUNDI បាន​រកឃើញថា មាន​កុមារ​ចំនួន​៤​រូប​ដែល​សង្ស័យថា​ មាន​ជំងឺ​បេះដូង​គឺ ១-​កុមារា រិ​ន ដា​ណេ (១១​ឆ្នាំ​) ២-​កុមារា លោ ឆាយ​យូ (៥​ឆ្នាំ​) ៣-​កុមារា ប៉ាស់ រតនៈ (៨​ឆ្នាំ​) និង​កុមារី មៀង ស្រី​ឡឹង (១១​ឆ្នាំ​) ហើយ​ត្រូវបាន​រដ្ឋបាល​សាលាស្រុក​បាទី​ដែល​រួមមាន​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុក​បាទី​បាន​សហការ​ជាមួយ​អង្គការ​YUNDI ក្នុងការ​សម្របសម្រួល​ឲ្យ​កុមារ​ទាំង​៤​រូបនេះ​បានមក​ពិនិត្យ និង​តាមដាន​វឌ្ឍនភាព​សុខភាព​នៅ​មន្ទីរពេទ្យ​មិត្ត​ក​ម្ពុជា​-​ចិន​ព្រះ​កុស​មៈ មុននឹង​សម្រេចចិត្ត​យល់ព្រម​បញ្ជូនទៅ​ពិនិត្យ​និង​ព្យាបាល​ដោយ​វះកាត់​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ​បេះដូង​ខេត្ត​យូ​ណាន​។

លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី បាន​សាទរ​នឹង​កិច្ច​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​លោក ជា មុនី​ឫទ្ធិ ប្រធាន​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន ដែល​បាន​សហការ​ជាមួយ​រដ្ឋបាល​សាលាស្រុក​បាទី​ក្នុងការ​សម្របសម្រួល​ជូន​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​របស់​អង្គការ​YUNDI និង​មន្ទីរពេទ្យ​បេះដូង​ខេត្ត​យូ​ណាន​ក្នុង​ការ​ពិនិត្យ​លទ្ធភាព​ជួយ​ព្យាបាល​ជំងឺ​បេះដូង​ពី​កំណើត​ដល់​កុមារ​កម្ពុជា​និយាយ​រួម ដល់​កុមារ​ដែល​កំពុង​រស់នៅ​ក្នុងស្រុក​បាទី​និយាយ​ដោយឡែក ហើយ​លោក​នៅ​បន្ត​កិច្ចសហការ​និង​លើកទឹកចិត្ត​ដល់​ក្រុមការងារ គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​របស់​អង្គការ​YUNDI ក្នុង​ការ​ពិនិត្យ​ស្វែងរក​កុមារ​ដែល​មាន​ជំងឺ​បេះដូង​ពី​កំណើត ហើយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​បញ្ជូនទៅ​ព្យាបាល​នៅ​ខេត្ត​យូ​ណាន​។

គួរ​បញ្ជាក់​ថា ចាប់ពី​ចុងឆ្នាំ​២០១៧​មក តាមរយៈ​បេសកកម្ម​ការងារ​របស់​អង្គការ​YUNDI មន្ទីរពេទ្យ​បេះដូង​ខេត្ត​យូ​ណាន​បាន​ផ្តល់​ការវះកាត់​ព្យាបាល​យ៉ាង​ជោគជ័យ​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​កុមារ​ចំនួន​២៩​រូប​នៅក្នុង​ខេត្តបាត់ដំបង​។ អង្គការ​YUNDI បាន​ស្វះ​ស្វែងរក​មូលនិធិ​ចំនួន​៤០០០០​ដុល្លារ​សហរដ្ឋអាមេរិក​ដើម្បី​ចូលរួម​ជាមួយ​អាជ្ញាធរ​ស្រុក​បាទី​ក្នុង​ការ​ជួយ​សម្រួល​ទុក្ខ​លំបាក​ទាំងស្រុង​ដល់​គ្រួសារ​របស់​កុមារ​ដែល​គ្រោង​នឹង​ទៅ​សម្រាក​ព្យាបាល​ពីថ្ងៃ​ទី​៥ ខែឧសភា​ខាង​មុននេះ​នៅ​មន្ទីរពេទ្យ​បេះដូង​ខេត្ត​យូ​ណាន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu