នៅឆ្នាំ២០១៩ នេះមានកីឡាករសមាជិតក្រុមជម្រើសជាតិកម្ពុជា ចំនួន២នាក់កំពុងប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី (Malaysia Super League) ដោយក្នុងនោះមានកីឡាករ ចាន់ វឌ្ឍនាកា ជាសមាជិកក្លិបបាល់ទាត់ PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) និងកីឡាករ ធារី ចន្ថាប៊ីន សមាជិករបស់ក្លិបTerengganu FA។
ក្រៅពីប្រកួតក្នុងពានរង្វាន់លីគកំពូលម៉ាឡេស៊ី ក្រុមរបស់កីឡាករទាំង២សុទ្ធតែមានឱកាសប្រកួតក្នុងពានរង្វាន់ Malaysia FA Cup 2019 ដូចគ្នា ព្រមទាំងដណ្តើមបានកៅអីឡើងទៅលេងនៅវគ្គ៨ក្រុមចុងក្រោយជាបន្តក្រោយយកឈ្នះលើគូប្រកួតរៀងៗខ្លួននៅវគ្គជម្រុះជុំទី៣កាលពីពេលថ្មីៗ។ចំណែកលទ្ធផលប្រកួតវគ្គ៨ក្រុមចុងក្រោយដែលទើបបញ្ចប់ទៅនៅថ្មីៗនេះឃើញថាក្រុម Terengganu FC យកឈ្នះក្រុមPahang២ទល់១ ហើយក្រុមPKNP FC បានប្រកួតស្មើគ្នាជាមួយក្រុមPerak។ ចំពោះក្រុមPKNS Fcបានចាញ់ក្រុមKedah ៣ទល់១ និងក្រុមKuala Lumpur ប្រកួតស្មើគ្នាជាមួយក្រុមFelda United FC ៣ទល់៣។ ក្រុមទាំង៤គូនេះត្រូវប្តូរទឹកដីគ្នាប្រកួតជើងទី២នៅថ្ងៃទី១០ និងទី១១ ខែឧសភា ឆ្នាំ២០១៩ ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រជាបន្ត។
សម្រាប់ប្រកួតបន្តក្នុងពានរង្វាន់លីគកំពូលម៉ាឡេស៊ី ប្រចាំសប្ដាហ៍ទី១២ចុងសប្ដាហ៍នេះឃើញថាក្រុមPKNS ត្រូវប៉ះក្រុម Perak នៅវេលាម៉ោង៨យប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋានStadium Shah Alam ក្នុងទីក្រុង Shah Alam ខណៈក្រុមTerengganu វិញត្រូវបន្តធ្វើដំណើរទៅកាន់ទីក្រុងManjung ដោយប៉ះម្ចាស់ផ្ទះ PKNP នៅវេលាម៉ោង៨យប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋានMini Manjung Stadium។
ចំពោះប្រទេសកម្ពុជា ធ្លាប់មានកីឡាករ៤នាក់ចេញទៅប្រកបអាជីពនៅលីគកំពូលប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៨ កន្លងទៅដោយក្នុងនោះមានកីឡាករ ចាន់ វឌ្ឍនាកា ចូលរួមក្លិប Pahang FA ហើយកីឡាករ កែវ សុខផេង ចូលរួមក្លិប PKNP កីឡាករ ប្រាក់ មុន្នីឧត្តម ចូលក្លិបNegeri Sembilan និងកីឡាករ ធារី ចន្ថាប៊ីន ចូលរួមក្លិបTerengganu FA។ ក្នុងចំណោមកីឡាករទាំង៤មាន៣នាក់ត្រូវក្លិបសម្រេចបញ្ចប់កិច្ចសន្យាត្រឹមពាក់កណ្ដាលរដូវកាលហើយមានតែ ធារី ចន្ថាប៊ីន ប៉ុណ្ណោះក្លិបរក្សាកិច្ចសន្យារហូតដល់ចប់រដូវកាលព្រមទាំងបន្តកិច្ចសន្យារហូតដល់ឆ្នាំ២០១៩នេះទៀត៕
Source: Kampuchea Thmey Daily
0 Comments