Ad Code

នគរ​បាល​ខេត្តកណ្តាល នាំគ្នា​ធ្វើ​ញត្តិ​គាំទ្រ ស្នងការ​នគរបាល​ខេត្តកណ្តាល និង​ច្រានចោល​ពាក្យបណ្ដឹង​អនាមិក



ភ្នំពេញ​ ៖ នាយ នាយរង និង​មន្ត្រី​នគរបាល​នៅតាម​អង្គភាព​ជំនាញ និង​នគរបាល​នៅតាម​អធិការដ្ឋាន​នានា ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ជាង​១៦០០​នាក់ បាននាំគ្នា​ធ្វើ​ញត្តិ​ដាក់ជូន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដោយបាន​ប្រកាស​បដិសេធ​នូវ​ពាក្យបណ្ដឹង ដែលមាន​ភាពមិនច្បាស់លាស់ (​អនាមិក​) មួយ ដែល​បាន​ចោទប្រកាន់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល ចំនួន​១៦​ចំណុច​។



នៅក្នុង​លិខិត​របស់​មន្ត្រី​នគរបាល​ខេត្ត​កណ្ដាល ដែល​បាន​ជម្រាប​ជូន​សម្ដេច​ក្រឡាហោម ស ខេង បានសរសេរ​ថា កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩ ក្រោម​ការ​ចង្អុលបង្ហាញ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដោយមាន​ការសម្របសម្រួល​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ស្នងការ​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ជល់​មាន់ នៅ​ចំណុច​ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល​ស្រុក​ស្អាង ខេត្តកណ្ដាល ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ លុយ ធៀ​ម ស្នងការរង​នគរបាល​ខេត្តកណ្ដាល​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​។



តាម​ញត្តិ​នោះ ក្រោយពី​ការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​រួចមក ស្រាប់តែ​បែកធ្លាយ​មាន​ពាក្យបណ្ដឹង​អនាមិក​ប្ដឹង​ទៅ​សម្ដេច​ក្រឡាហោម ស ខេង ដែល​មិន​មាន​ប្រភព​ច្បាស់លាស់​នៅក្នុង​ប្រព័ន្ធ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​មាន​ខ្លឹមសារ​ថា "​យើងខ្ញុំ​ទាំងអស់គ្នា​ជា​នាយ​នគរបាល​នាយ​នគរបាល​រង​និង​មន្ត្រីនគរបាល​នៃ​ស្នងការ​នគរបាល​លើ​ខេត្តកណ្ដាល​សុំ​ប្ដឹង​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល​អំពី​ការដឹកនាំ​ដោយ​ប្រើ​អំណាច​ផ្ដាច់ការ​ធ្វើបាប​កូនចៅ និង​ប្រព្រឹត្ត​អំពើពុករលួយ ដែល​ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ នឹងមាន ស្នាម​មេដៃ​មិន​ច្បាស់លាស់​ចំនួន​១២​មេដៃ​"​។

នៅក្នុង​ញត្តិ​គាំទ្រ​បាន​បញ្ជាក់​ទៀត​ថា "​នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ មាន​ពាក្យបណ្ដឹង​អនាមិក​បាន​យកឈ្មោះ នាយ​នគរបាល​នាយ​នគរបាល​រង មក​វាយប្រហារ​លើ​លោកស្នងការ​នគរបាល​ខេត្តកណ្ដាល​ថា ប្រើ​អំណាច​ផ្ដាច់ការ​ធ្វើបាប​កូនចៅ និង​ប្រព្រឹត្ត​អំពើពុករលួយ​។ នេះ​គឺជា​ចេតនា​ទុច្ចរិត​បំបែកបំបាក់​សាមគ្គីភាព​ផ្ទៃក្នុង នៃ​បុគ្គល​ដែល​នៅ​ជុំវិញ​ទង្វើ​ខុសច្បាប់ (​ញៀន​ល្បែងស៊ីសង​) របស់​ពួកគេ ក្រោយពី​ការបង្ក្រាប​ល្បែងស៊ីសង​ជល់​មាន់​អាប៉ោង​កាលពី​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ​២០១៩ របស់​ពួកគេ​តែប៉ុណ្ណោះ​។ ក្នុងនាម​ជនរងគ្រោះ ដែល​ត្រូវបាន​ក្រុម​ជន​អគតិ យក​នាម​យើងខ្ញុំ​ទៅ​បង្កាច់បង្ខូច​កិត្តិយស​សេចក្តីថ្លៃថ្នូរ​របស់​ស្នងការ​នគរបាល​ខេត្តកណ្ដាល យើងខ្ញុំ​ស្នើសុំ​សម្ដេច​ក្រឡាហោម​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ក្រុម​ជន​អគតិ​ដែល​យក​នាម​របស់​មន្ត្រី​នគរបាល​ខេត្តកណ្ដាល​ទាំងមូល​ទៅ​បំរើ​ក្នុង​គោលបំណង​ខ្មៅ​ងងឹត​របស់​ខ្លួន​"​។



ការ​បដិសេធ​នេះ គឺ​បន្ទាប់ពី​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រួមទាំង​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយចំនួន បានធ្វើការ​ចុះផ្សាយ អំពី​រឿង​មន្ត្រី​ប៉ូលិស​នៅ​ខេត្តកណ្ដាល ប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល ដោយ​ផ្អែកទៅលើ​លិខិត​ពាក្យបណ្ដឹង​អនាមិក ដែល​បាន​ប្តឹង​លោកស្នងការ​ទៅ​សម្ដេច​ក្រឡាហោម ស ខេង ប៉ុន្តែ​មកដល់ពេលនេះ​គ្មាន​មន្ត្រី​ណា​ម្នាក់​ចេញមុខ​មក​អះអាង ឬ​ឆ្លើយ​បំភ្លឺ​ប្រាប់​អ្នកសារព័ត៌មាន​អំពី​ការដាក់​ពាក្យបណ្ដឹង​នេះ​ទេ។

គួរ​បញ្ជាក់​ថា នៅក្នុង​ពាក្យបណ្ដឹង​ដែល​ប្តឹង​ស្នងការ​ខេត្តកណ្តាល គឺ​ជនអនាមិក​បាន​ធ្វើ​ជា​លិខិត​ប្ដឹងទៅ​សម្ដេច​ក្រឡាហោម ស ខេង ដោយ​យក​ស្នាម​មេដៃ​របស់​មនុស្ស​មួយចំនួន (​ក្លែងក្លាយ​) យកមក​ផ្តិត​នៅក្រោម​ពាក្យបណ្ដឹង​នោះ​នឹងមិន​បង្ហាញ​អំពី​អត្តសញ្ញាណ​អ្នក​ផ្តិត​នោះទេ​។ ពាក្យបណ្ដឹង​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​, លោក​វរសេនីយ៍ទោ ស៊ុប លាង​សែ អធិការរង​នគរបាល​ស្រុក​ស្អាង​, លោក​អនុសេនីយ៍ទោ ជៃ សំអាត នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល ព្រែក​អំបិល ត្រូវបាន​ឲ្យ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក ដើម្បី​មក​ត្រួតពិនិត្យ​ការងារ​រដ្ឋបាល​។

ទាក់ទង​បញ្ហា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន កាលពីពេល​ថ្មីៗ​កន្លងមកនេះ បាន​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​រាជធានី ខេត្ត​ទាំង​២៥ ត្រូវខិតខំ​ពង្រឹង​វិន័យ សីលធម៌ កងកម្លាំង​ឲ្យ​បាន​ហ្មត់ចត់ រួមទាំង​ការលើកទឹកចិត្ត​បន្ថែម ដើម្បី​ឲ្យ​បងប្អូន​ធ្វើ​សកម្មភាព​បម្រើ​ប្រជាពលរដ្ឋ​តទៅទៀត​។ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​សង្កត់ធ្ងន់​ថា ក្នុងករណី​ដែល​រក​ឃើញ​ថា មាន​កំហុស​ត្រូវ​ដាក់​វិន័យ​តាម​វិន័យ​កងកម្លាំង​នគរបាល​ជាតិ តែបើ​មាន​ឯកសារ​ភស្តុតាង​ពាក់ព័ន្ធ​ផ្លូវច្បាប់ ត្រូវ​អនុវត្ត​ទៅតាម​ច្បាប់​របស់​ជាតិ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu