លោកKishu Gomes ប្រធានការិយាល័យទេសចរណ៍ស្រីលង្កាបានព្យាករណ៍ថា ចំនួនភ្ញៀវទេសចរដែលនឹងចូលមកក្រុងកូឡុំបូនឹងធ្លាក់ចុះ៥០%ក្នុងរយៈពេល២ខែបន្ទាប់ ក្រោយពីមានករណីផ្ទុះគ្រាប់បែកនៅថ្ងៃបុណ្យ Easter កាលពីថ្ងៃអាទិត្យមុនដោយបានសម្លាប់មនុស្សជាង២៥០នាក់។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទទេសចរណ៍នៅទីក្រុងឌូបៃលោក Gomes ថាចំនួនទេសចរនៅតំបន់ក្រៅក្រុងកូឡុំបូទំនងជាអាចធ្លាក់ដល់៣០% ដោយសារតែការវាយប្រហារខាងលើនេះ។
ដោយឡែកលោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាស្រីលង្កានឹងប្រឈមមុខជាមួយការបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ប្រហែល៧៥០លានដុល្លារក្នុងឆ្នាំនេះតែម្ដង។ជាមួយគ្នានេះដែរនាយកប្រតិបត្តិក្រុមហ៊ុនSriLankan Airlines លោកVipulaGunatillekaក៏ប្រាប់ Reuters ដែរថាក្រុមហ៊ុនលោកបានទទួលការលុបចោលការហោះហើរកើនដល់១០%កាលពីសប្ដាហ៍មុននេះហើយរំពឹងថានឹងបន្តការកើនឡើងទៀត។
ការដួលរលំនៃវិស័យទេសចរណ៍ក្រោយពីមានការវាយប្រហារទៅលើព្រះវិហារនិងសណ្ឋាគារជាច្រើននឹងធ្វើឱ្យប៉ះទង្គិចធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៃកោះមួយនេះក៏ដូចជាទីផ្សារហិរញ្ញវត្ថុថែមទាំងអាចបង្ខំឱ្យកោះនេះស្វែងរកជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិទៀតផង។
លោក Gomes បានបន្ថែមថាការិយាល័យទេសចរណ៍បានដាក់ផែនការទាក់ទាញទេសចរឱ្យបាន២,៥លាននាក់ក្នុងឆ្នាំ២០១៩និងមានភាពជឿជាក់ថាអាចសម្រេចដូចផែនការបានប្រសិនបើវិស័យយោធាអាចពង្រឹងនិងធានាផ្នែកសន្តិសុខបានឡើងវិញ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments