សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋអស់មួយខ្នង មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង ខណៈម្ចាស់ផ្ទះទៅធ្វើការបាត់។ ក្នុងហេតុការណ៍នោះពុំមានរាលដាលទៅផ្ទះអ្នកដទៃ ឬនរណាម្នាក់រងរបួសនោះឡើយ។
ហេតុការណ៍នោះកើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
លោកឧត្ដមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលផែនការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋស្ថិតនៅភូមិវាល សង្កាត់ គោកចក ក្រុង/ខេត្ត សៀមរាប។
លោកបន្តថា ក្រោយពីទទួលបានព័ត៌មានប្រជាពលរដ្ឋកម្លាំងយើងបានសហការជាមួយប្រជាការពារចុះជួយពន្លត់ដោយមានរថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ៖ ឡានរបស់ស្នងការខេត្ត០២គ្រឿង ,ឡាននគរបាលបេតិកភណ្ឌ០១គ្រឿង, និងឡានអាជ្ញាធរអប្សរា០២គ្រឿង ប្រើប្រាស់ទឹក០៦ឡាន។
លោកបន្តថា ជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ ស ឈយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកអង្គការជប៉ុន និង ប្រពន្ធឈ្មោះ ស៊ា ផល្លា ភេទស្រី អាយុ២៩ឆ្នាំ។ សម្ភារៈបាត់បង់រួមមាន ផ្ទះ០១ខ្នងទំហំ១២គុណ១៦ កម្ពស់០៧ម៉ែត្រ(ខូចខាតទាំងស្រុង)។ សៀវភៅស្នាក់នៅ,សំបុត្រកំណើត,កាតគ្រីឡាន ម៉ូតូ,ខៅអាវ,តុ ទូរ។
លោកបញ្ជាក់ថា ក្រោយពីការសន្និដ្ឋានបានឲ្យដឹងថា អគ្គិភ័យនេះបណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយម្ចាស់ផ្ទះមិននៅ ទៅធ្វើការអស់។
ករណីនេះ កម្លាំងសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានដោយមិនមានរាលដាលទៅផ្ទះអ្នកដទៃ និងរបួសមនុស្សនោះទេ៕
Source: Kampuchea Thmey Daily
0 Comments