Ad Code

បាតុករ​គប់​ស៊ុត​ដាក់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​



ប៉ូលិស​រដ្ឋ New South Wales បាន​និយាយថា ស្ត្រី​ម្នាក់​អាយុ​២៥​ឆ្នាំ​បាន​គប់​ស៊ុត​មួយ​គ្រាប់​ចំក្បាល​របស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison នៅឯ​ព្រឹត្តិការណ៍​ឃោសនាបោះឆ្នោត​មួយ​កាលពី​ថ្ងៃ​អង្គា​រហើយ​ត្រូវបាន​គេ​ចាប់ខ្លួន​។​

ឆ្មាំសន្តិសុខ​បាន​ចូល​អន្តរាគមន៍​យ៉ាង​លឿន​ហើយ​បាន​អូស​នាង​ចេញ​។​
​សេចក្តីថ្លែងការណ៍​រប​ស់​ប៉ូលិស​បាន​និយាយថា “​មន្ត្រីប៉ូលិស​មកពី​សង្កា​ត់ Murray River បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់នេះ​បន្ទាប់ពី​នាង​បាន​គប់​ស៊ុត​ដាក់​នាយករដ្ឋមន្ត្រី​អំឡុង​ព្រឹត្តិការណ៍​របស់​សមាគម​ន៍​ស្ត្រី​នៅ​មជ្ឈមណ្ឌល Albury Entertainment”​។​

ប៉ូលិស​បាន​និយាយថា “​ស៊ុត​ហាក់ដូចជា​ចំក្បាល​របស់លោក​នាយក​រដ្ឋមន្ត្រី​”​។​
​ទោះបីជា​យ៉ាងណាក៏ដោយ ពួកគេ​មិនបាន​បង្ហាញ​ឈ្មោះ​របស់​អ្នក​តវ៉ា​នោះទេ​។​

រូបភាព​ក្នុង​ទូរទស្សន៍​បាន​បង្ហាញថា លោក Morrison បាន​ជូត​ក្បាល​របស់គាត់​ភ្លាមៗ​បន្ទាប់ពី​ស៊ុត​ត្រូវបាន​គេ​គប់​ដាក់​ហើយ​បន្ទាប់មក​បាន​ជួយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​ត្រូវបាន​គេ​រុញ​ឲ្យ​ដួល​នៅ​ក្នុងការ​ប្រវាយប្រតប់​។​

ប៉ូលិស​បាន​និយាយថា គ្មាន​អ្នករងរបួស​ត្រូវបាន​គេ​រាយការណ៍​ទេ​។​
​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​ក្នុងអំឡុងពេល​នៃ​ការធ្វើ​ទស្សនកិច្ច​របស់លោក​នាយ​ក​រដ្ឋមន្ដ្រី​ទៅកាន់​ទីក្រុង Albury ដែលជា​មណ្ឌលបោះឆ្នោត​នៅ​រដ្ឋ New South Wales និង​ជា​កន្លែង​ដែល​បេក្ខជន​ឯករាជ្យ​ម្នាក់​ត្រូវបាន​គេ​ពេញចិត្ត​នៅពេលដែល​អ្នកបោះឆ្នោត​តាម​ជនបទ​បោះបង់ចោល​រដ្ឋាភិបាល​។​

ក្រោយមក បាតុករ​ស្រី​ម្នាក់នេះ​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា សកម្មភាព​របស់​នាង​គឺធ្វើឡើង​ដោយ​ខ្លួនឯង​ហើយ​សំដៅទៅ​កោះ Manus ក្នុងប្រទេស​ប៉ា​ពួ​ញូ​ហ្គី​ណេ​ដែលជា​កន្លែង​អូស្ត្រាលី​ឃុំឃាំង​ជនភៀសខ្លួន​ជា​យូរ​មកហើយ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu