Ad Code

លោកស្រី រ៉ូ​ណា ស្មី​ត សម្តែង​ការ​កោតសរសើរ ចំពោះ​ការ​បង្កើត​ឲ្យមាន​ច្រក​ចេញចូល​តែមួយ​ នៅ​តាម​ខណ្ឌ​និង​រាជធានី ដើម្បី​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ



ភ្នំពេញ​ ៖ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី០២ ​ខែឧសភា​ ឆ្នាំ២០១៩​នេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឃួ​ង ស្រេង​អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ចង់​ដឹង​ពី​ការងារ មួយចំនួន​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​លោកស្រី​ក៏បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​បង្កើត​ឲ្យមាន​ច្រកចេញ ចូល​តែមួយ​ នៅ​តាម​ខណ្ឌ​និង​រាជធានី ដើម្បី​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ។



ក្នុង​ឱកាស​នោះ លោកស្រី​បាន​ដាក់​ចេញ​ជា​សំណួរ​មួយចំនួន​មក​អាជ្ញាធរ​រាជធានី ក្នុងនោះ​លោកស្រី​បាន​ចោទសួរ​លើ​បញ្ហា​នៃ​ការអនុវត្ត​តួនាទី​ភារកិច្ច រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ក្រសួងមហាផ្ទៃ​ដាក់​ឲ្យ​អនុវត្ត។



ក្នុង​ឱកាស​នោះ​ដែរ លោក​ឃួ​ង ស្រេង បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់​លោក​ស្រី​មក​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​២៩ ​ខែមេសា​ រហូតដល់​ថ្ងៃទី ០៩​ខែឧសភា​។ លោកឃួង ស្រេង​បាន​ថ្លែង​ការ​អរគុណ​ ចំពោះ​អង្គការសហប្រជាជាតិ​ដែល​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និយាយ​ដោយឡែក រាជធានី​ភ្នំពេញ​មាន​ភាពជា​ដៃគូ​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​លោក​ជឿជាក់​ថា នឹង​នាំមក​នូវ​កិច្ច​សហប្រតិបត្តិការ​កា​ន់​តែ​ល្អប្រសើរ​ក្នុង​ការ​រួមចំណែក​កែលម្អ​ជីវភាព កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ ស្របតាម​គោលការណ៍​ សហស្ស​វត្សរ៍​និង​កម្មវិធី នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋា​របស់​ពិបាក​របស់​យើងខ្ញុំ​។



ក្រៅ​ពី​នេះ​ លោក​ឃួ​ង ស្រេង បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ខ្លាំង​ចំពោះ​ការ​រីកចម្រើន​របស់ រាជធានី​ភ្នំពេញ​និង​ការ​កើន​ឡើង​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ។ ទន្ទឹម​នឹង​នេះ​ដើម្បី​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅបាន​បង្កើត​ឲ្យ​មាន​ច្រកចេញចូល​តែមួយ​នៅ​តាម​ខណ្ឌ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​និង​នូវបាន​បង្កើត​ឲ្យ​មាន​ច្រកចេញចូល​តែមួយ​នៅ​ថ្នាក់​រាជធានី​ថែមទៀត​។

លោកស្រី លោកស្រី រ៉ូ​ណា ស្មី​ត ក្នុង​ឱកាស​នោះ​ដែរ​ក៏បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន​បង្កើត​ឲ្យ​មាន​ច្រកចេញចូល​តែមួយ​នៅ​គ្រប់​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​និង​បង្កើត​ឲ្យ​មាន​ច្រកចេញចូល​តែមួយ​នៅ​ថ្នាក់​រាជធានី​ភ្នំពេញ​ថែមទៀត​។ នេះ​គឺជា​ការអនុវត្ត​ការ​នៃ​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​មួយ​ដ៏​ល្អ​សម្រាប់​រាជធានី​ភ្នំពេញ​។ បន្ថែម​ពីលើ​នេះ​ទៀត​លោកស្រី​ក៏បាន​ស្នើ​ឲ្យ​មានការ​បញ្ចេញមតិ​ឲ្យ​មាន​តុល្យភាព​គ្នា​។



ជុំវិញ​ការ​លើកឡើង​នេះ​ លោក ឃួ​ង ស្រេង ​បាន​មានប្រសាសន៍ថា ចំពោះ​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញមតិ​គ្រប់បែបយ៉ាង ដោយ​យើង​បាន​បង្កើត​ឲ្យ​មាន​ទីលាន​ប្រជាធិបតេយ្យ​មួយ ដើម្បី​ឲ្យ​ពួកគាត់​ធ្វើការ​តវ៉ា បាន​បញ្ចេញមតិ។ លោក​បន្ត​ទៀត​ថា តាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ គឺ​បាន​ណែនាំ​ឲ្យ​រាជធានី ខេត្ត​ទូទាំង​ប្រទេស​ទាំង​អស់​បង្កើត​ឲ្យ​មាន​ទីលាន​ប្រជាធិបតេយ្យ​មួយ​នៅតាម​បណ្ដា​រាជធានី ខេត្ត​របស់ខ្លួន​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​របស់ខ្លួន​បានធ្វើ​ការ​តវ៉ា និង​បាន​បញ្ចេញមតិ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu